រាជធានីភ្នំពេញ ៖ មន្ត្រីនៃអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពអះអាងថា ក្នុងរយៈពេល១៣ឆ្នាំ(ឆ្នាំ២០០៦ដល់២០១៩)កន្លងមកនេះ កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវ សរុបប្រមាណ៦,២៧១នាក់ ក្នុងនោះមានកម្លាំងនារីចំនួន៣១៥នាក់ ចូលរួមបំពេញបេសកកម្ម អង្គការសហ ប្រជាជាតិ នៅក្នុងប្រទេសចំនួន៨ ។
លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនៅថ្ងៃទី២២ ខែឧសភា បានលើកឡើងថា «ឆ្នាំ២០១៩នេះ គឺជាឆ្នាំទី១៣ ដែលកម្ពុជាបានបញ្ជូនកងទ័ពមួកខៀវចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៨លើកជំនាញវិស្វកម្មបោសសម្អាតមីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ ពេទ្យអាវុធហត្ថ សង្កេតការណ៍ និងនាយទាហានសេនាធិការ» ។ លោកបន្ថែមថា កម្ពុជាបន្តបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅកាន់ប្រទេសកំពុងមានជម្លោះផ្ទះក្នុងនោះទៅតាមការស្នើសុំរបស់អង្គការសហប្រជាជាតិ ជាមួយកងកម្លាំងមួកខៀវកម្ពុជា គឺពិតមានស្នាដៃ និងទទួលបានជោគជ័យគ្រប់ការងារបេសកកម្មកន្លងទៅ ។
លោក សែម សុវណ្ណនី ឱ្យដឹងទៀតថា នៅក្នុងឆ្នាំ២០១៩នេះបានបញ្ជូនកងកម្លាំងចំនួន៤៩៣នាក់ ទៅចូលរួមការងារបេសកកម្មនៅសាធារណរដ្ឋលីបង់ កាលពីចុងខែមករា មានកម្លាំងវិស្វកម្ម និងកម្លាំងបោសសម្អាតមីន ។ ដោយឡែកនៅក្នុងខែឧសភានេះបញ្ជូនកម្លាំងវិស្វកម្មព្រលានយន្តហោះ និងកម្លាំងកម្ទេចគ្រាប់មិនទាន់ផ្ទុះក្នុងបេសកកម្មនៅសាធារណរដ្ឋម៉ាលី ។ លោកបានបញ្ជាក់ថា នៅខែកក្កដានឹងបញ្ជូនកងកម្លាំងអាវុធហត្ថមួកខៀវចំនួន៧៤នាក់ ទៅកាន់ប្រទេសស៊ូដង់ខាងត្បូង និងនៅខែវិច្ឆិកានឹងបញ្ជូនកងកម្លាំងវិស្វកម្មចំនួន២០៤នាក់ ទៅក្នុងបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដើម្បីប្តូរវេនកម្លាំងចាស់ ។
លោកជំទាវ កុសល ម៉ាលីនដា អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពឱ្យដឹងថា យោងតាមការវាតម្លៃរបស់អង្គការសហប្រជាជាតិនាឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជាជាប់លំដាប់ថ្នាក់លេខ២៩ លើ១២៤ប្រទេស ដែលបរិច្ចាគកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព និងជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងសហគមន៍អាស៊ាន ចំពោះការបញ្ជូនកម្លាំង ។ ដោយឡែកកម្លាំងនារីកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៧ លើ១២៤ និងជាប់ចំណាត់ថ្នាក់លេខ២ ក្នុងសហគមន៍អាស៊ាន ។ គិតពីឆ្នាំ២០០៦ រហូតមកដល់ពាក់កណ្តាលឆ្នាំ២០១៩នេះកម្ពុជាបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួនចំនួន៦២៧១នាក់ ក្នុងនោះមាននារីចំនួន៣១៥នាក់ ចូលរួមបេសកកម្មអង្គការសហប្រជាជាតិ នៅប្រទេសចំនួន៨ មានស៊ូដង់ ស៊ូដង់ខាងត្បូង ស៊ីរី ឆាដ សាយប្រឹស លីបង់ ម៉ាលី និងអាហ្វ្រិកកណ្តាល ។
បច្ចុប្បន្ន កម្លាំងកំពុងបំពេញបេសកកម្មមានចំនួនជាង៨០០នាក់ ក្នុងនោះនារីចំនួន៦៧នាក់ នៅប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី អាហ្រិកកណ្តាល និងលីបង់ ៕
ចែករំលែកព័តមាននេះ