តាមធម្មតាបុថុជ្ជនធ្វើបុណ្យដាក់ទានតែងប្រាថ្នាសម្បត្តិសុខ សម្បត្តិសួគ៌ រូបសម្បត្តិ លាភ យស បរិវារមកជាអារម្មណ៍ ។ចំណែកព្រះពោធិសត្វខុសអំពីមនុស្សទូទៅត្រង់ចេតនារបស់លោកជឿជាក់ច្បាស់ទៅលើផលនៃទាន ហើយលះអ្វីមួយជាទានប្រាថ្នាតែមួយគត់គឺយកព្រះនិព្វានជាអារម្មណ៍ ដែលជាទីរំលត់ទុក្ខទាំងពួង ជាឯកន្តបរមសុខ ឯសម្បត្តិមនុស្សទេវតាទោះជាបានសុខយ៉ាងណាក៏នៅមិនអស់មិនហើយ គឺនៅតែមានទុក្ខដដែល ។
តាមដំណើររបស់ព្រះពោធិសត្វដែលជាតួអង្គព្រះពុទ្ធ ការសាងបារមីរបស់លោកដោយទានបារមីគឺមហាអស្ចារ្យណាស់ ដែលមនុស្សធម្មតាមិនអាចធ្វើដូចលោកបានឡើយដូចជា ការឱ្យជីវិតជាទាន ឱ្យប្រពន្ធកូនជាទាន លះទ្រព្យសម្បត្តិមហាសាលធ្វើទានជាដើម ។
ទានទាំងអស់នេះគឺលោកផ្គងចិត្តតែម្យ៉ាងគត់ យកព្រះនិព្វានជាអារម្មណ៍ លោកមិនប្រាថ្នាសុខក្នុងឋានទេវលោក ឬមនុស្សលោកនោះទេ ព្រោះសុខទាំងអស់នេះជាសុខក្លែងក្លាយ សុខលាយទៅដោយសេចក្តីទុក្ខ ទីបំផុតក៏វិលរកសេចក្តីទុក្ខវិញដដែល ។
ចំណែកសាមញ្ញជនធ្វើទានប្រាថ្នាសេចក្តីសុខទាំងពីរគឺ សុខក្នុងជាតិនេះ និងសុខក្នុងបរលោក។ ទានរបស់បុថុជ្ជនជាប់ទៅដោយសេចក្តីប្រាថ្នាដូច ប្រាថ្នាឱ្យមានរូបស្អាត ប្រាថ្នាឱ្យខ្លួនមានទ្រព្យច្រើន កើតក្នុងត្រកូលខ្ពង់ខ្ពស់ ប្រាថ្នាឱ្យបានទៅកើតក្នុងឋានទេវលោកជាដើម។
សុខក្នុងសេចក្តីប្រាថ្នាទាំងអស់នេះជាសុខមិនអស់មិនហើយ សុខជាប់ទៅដោយសេចក្តីទុក្ខច្រើនជាងសុខ ដែលលោកហៅថា សាមីសសុខ សុខជាប់ទៅដោយគ្រឿងសៅហ្មង ។
ដូចនេះកមានតែសុខក្នុងព្រះនិព្វានតែមួយគត់ទើបជាសុខពិតប្រាកដ ជាសុខមិនលាយឡំទៅដោយសេចក្តីទុក្ខ ហេតុនេះការធ្វើទានតិចក្តី ច្រើនក្តីគប្បីផ្គង់ចិត្តតាំងចេតនាឱ្យមុតមាំយកព្រះនិព្វានជាអារម្មណ៍ កុំប្រាថ្នាយកសុខក្នុងលោកនេះ ឬបរលោកជាសុខមិនអស់មិនហើយទេ ។
ចែករំលែកព័តមាននេះ