រាជធានីភ្នំពេញ ៖ បើអាកាសធាតុបន្តអំណោយផលនៅក្នុងរយៈពេលពីរខែទៀតពោលគឺគិតចាប់ពីខែឧសភា ដល់ខែមិថុនាខាងមុខ នោះការផលិតអំបិលអាចនឹងឆ្លើយតបទៅនិងតម្រូវការក្នុងស្រុកបានតែម្តង។ ផ្ទុយមកវិញបើសិនអាកាសធាតុមិនអំណោយផលនោះទេ ករណីមានភ្លៀងធ្លាក់ច្រើនពេក នោះកម្ពុជាត្រូវការជាចាំបាច់នូវការនាំចូលអំបិលពីក្រៅប្រទេស ជាពិសេសការនាំចូលអំបិលពីប្រទេសចិនបន្ថែមប្រមាណ៧ម៉ឺនតោន ហើយគម្រោងនៃការនាំចូលនេះត្រូវបានសហគ្រាសផលិតអំបិលធម្មជាតិក្នុងស្រុកលើកឡើងថាវាអាចនឹងធ្វើឱ្យផលិតករក្នុងស្រុកបាក់ទឹកចិត្ត។
កញ្ញា ថូង ធីតា ស្ថាបនិកសហគ្រាសផលិតអំបិលធម្មជាតិបានឱ្យដឹងកាលពីថ្ងៃទី ២០ខែ ឧសភាម្សិលមិញថា « សម្រាប់ខ្ញុំផ្ទាល់ ក្នុងនាមជាសហគ្រិនដែលតែងតែព្យាយាមលើកស្ទួយ និងផ្សព្វផ្សាយអំបិលធម្មជាតិកំពត សម្រាប់ការនាំចូលដ៏ច្រើនលើសលុបពេក វាអាចនឹងធ្វើអោយមានការបាក់ទឹកចិត្តដល់ប្រជាកសិករក្នុងស្រុករបស់យើង»។
ទាក់ទងនិងសំនួរថាទន្ទឹមនឹងគម្រោងនាំចេញអំបិលពីបរទេសធ្វើឱ្យផលិតករបាក់ទឹកចិត្ត សម្រាប់កញ្ញាយល់បែបណាដើម្បីឱ្យចំណេញទាំងអស់គ្នា? កញ្ញា ថូងធីតាថា «វាមានការលើកទឹកច្រើនតាមរយៈការលើកកំពស់ប្រជាកសិករយើងឱ្យគាត់យល់ និងមានទឹកចិត្តបន្តការផលិត និងអនុវត្តនូវផលិតផលដែលជាសក្តានុពលរបស់ប្រទេសជាតិ។ ការផលិតវាពិបាក ប៉ុន្តែការឱ្យតម្លៃទាំងថ្នាក់ជាតិ និងអន្តរជាតិវាក៏ជាកត្តាលីករមួយជំរុញពួកគាត់ឱ្យមានទឹកចិត្តបន្តការអនុវត្តដែរ កាត់បន្ថយការនាំចូលខុសច្បាប់ ដែលប៉ះពាល់ដល់ការប្រកួតប្រជែងទីផ្សារ និង គុណភាព ការនាំចូលដ៏ច្រើនលើសលុបក៏ជាកត្តាមួយដែលធ្វើឱ្យមានការប៉ះពាល់ទឹកចិត្តដល់កសិករដែលគាត់ខិតខំបន្តអនុវត្ត ដើម្បីបង្ហាញថាអំបិលក្នុងស្រុកគឺមានគុណភាពជាងអំបិលនាំចូល សំណូមពរ និង លើកទឹកចិត្តប្រជាជនទាំងអស់ជួយគាំទ្រផលិតផលក្នុងស្រុកអោយបានច្រើន»។
តាមស្ថាប័នសហគ្រាសផលិតអំបិលធម្មជាតិខាងលើ ការនាំចូលអំបិលនាពេលកន្លងមកតែងតែមានការជះឥទ្ធិពល មិនថាតិចឬច្រើន យ៉ាងណាក៏ដោយសហគ្រាសដែលផ្តោតលើការយកចិត្តទុកដាក់ខ្ពស់លើគុណភាពសម្រាប់តម្រូវការទីផ្សារផ្សេងៗ។
យ៉ាងណាមិញ លោក ប៊ុន បារាំង ប្រធានសមាគមអ្នកផលិតអំបិលកំពតបានឱ្យដឹងថា «ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះដោយសារយើងផលិតអត់បានទើបធ្វើឱ្យយើងនាំចូលអំបិលពីក្រៅប្រទេស ទើបបានប្រហែល១ម៉ឺនតោន ដោយសារយើងផលិតមិនបាន»។ លោកបានបន្តថា នៅឆ្នាំនេះដោយសារមានភ្លៀងញឹកញាប់ពេក ផលិតអំបិលមិនទាន់បាន៣ម៉ឺនតោនទេ ព្រោះការផលិតអំបិលនេះគឺពឹងផ្នែកទាំងស្រុងទៅលើអាកាសធាតុ ហើយកាលណាអាកាសធាតុអំណោយផលឱ្យល្អ នោះការផលិតនឹងមានផលកើនឡើង តែផ្ទុយមកវិញបើអាកាសមិនអំណោយផលនោះការផលិតនឹងថយចុះ។
លោកបានគូសបញ្ជាក់ថា «គិតមកដល់ថ្ងៃនេះ តាមខ្ញុំចុះពិនិត្យនៅតាមឃ្លាំងស្តុកអំបិលទាំងអស់ហើយ គិតទៅដល់ការប្រមូលដល់ខែ៦ខាងមុខនេះបរិមាណអំបិលអាចបានប្រហែល៣ម៉ឺនតោនទេ ដូចនេះត្រូវការនាំចូលពីក្រៅបន្ថែម៧ម៉ឹនតោន ព្រោះក្នុងមួយឆ្នាំតម្រូវការអំបិលសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកប្រមាណ១០ម៉ឺនតោន»៕ (កែសម្រួលដោយ៖ សុឃាក់)
ចែករំលែកព័តមាននេះ