ខេត្តត្បូងឃ្មុំ ៖ នៅទឹកដីត្រើយខាងកើតទន្លេមេគង្គ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចំនួន៤ថ្ងៃ ដោយចាប់ពីថ្ងៃ១៣ ដល់១៦ មេសា ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងបន្តបន្ទាប់ចំនួន២លើក ដោយបានឆក់យកជីវិតមនុស្ស៤នាក់ និងរងរបួសធ្ងន់-ស្រាល២នាក់ ហើយត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ។
លោកឧត្តមសេនីយ៍ត្រី ឈឹម គឹមហុង ស្នងការរងនគរងនគរបាលខេត្តឲ្យដឹងថា នៅម៉ោង២រសៀលថ្ងៃទី១៣ មេសា លើផ្លូវក្រាលកៅស៊ូត្រង់ចំណុចផ្លូវបំបែកជាបួនខាងលិចសាខាកាកបាទក្រហមខេត្ត ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងរវាងរថយន្តប្រ៊ូស និងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ ។
លោកស្នងការរងនគរបាលខេត្តបន្តថា រថយន្តប្រ៊ូស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AX-3006 បើកបរដោយឈ្មោះ អាង ឃុង ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិរោងម៉ាស៊ីន ឃុំអូរអំបិល ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បានបុកជាមួយនឹងម៉ូតូវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខតាកែវ 1F-7593 បើកបរដោយឈ្មោះអុល ទិត្យ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិមេស ឃុំទឹកជ្រៅ ស្រុកតំបែរ រងរបួស ហើយអ្នករួមដំណើរម្នាក់ទៀតឈ្មោះ អ៊ិន សន ភេទស្រី អាយុ៦៨ឆ្នាំ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្តត្រូវឃាត់ខ្លួន និងចាត់ការតាមនីតិវិធីច្បាប់ ។
ចំណែកករណីទី២ កើតឡើងនៅម៉ោង២ទៀបភ្លឺឈានចូលថ្ងៃទី១៤ មេសា ២០១៩ លើផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ដោយមានរថយន្តកាមរីបាឡែន១គ្រឿងបើកបរដោយឈ្មោះ សៅ សុធា ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិឫស្សី សង្កាត់ព្រះស្តេច ក្រុងបាត់ដំបង បានស្លាប់ភ្លាមៗដោយសារតែបុកគូទរថយន្តម៉ាកហ៊ីយ៉ាន់ដាយ មិនមានពាក់ស្លាកលេខក្នុងទិសដៅស្របគ្នាពីលិចមកកើត ។
ដោយមានអ្នករួមដំណើរជាមួយមាន ១-ឈ្មោះ កាន់ សាវី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ស្លាប់) ២-ឈ្មោះ លី ផល្លា ភេទប្រុស អាយុ៣០ឆ្នាំ ស្រុកកោះធំ ខេត្តកណ្តាល (ស្លាប់) ៣-ឈ្មោះ ពេជ្រ ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ ក្រុងបាត់ដំបង របួសធ្ងន់ ចំណែកអ្នកបើកបរថយន្តហ៊ីយ៉ាន់ដាយរត់គេចខ្លួនបាត់ ។
គួរបញ្ជាក់ថា ឆ្នាំ២០១៨កន្លងទៅ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី គ្រោះថ្នាក់ចរាចរណ៏កើតឡើង១លើក ហើយក្នុងឆ្នាំ២០១៩វិញកើតឡើង២លើក បណ្តាលឲ្យស្លាប់៤នាក់ និងរបួស២នាក់ គ្រោះថ្នាក់នេះដោយសារតែកត្តាល្បឿនលើសកំណត់ ទើបបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស ៕
ចែករំលែកព័តមាននេះ