ខេត្តកណ្ដាល ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆ្កឹះសោទ្វារផ្ទះមួយកន្លែងក្នុងបំណងចូលលួចយកទ្រព្យសម្បត្តិ ប៉ុន្តែសំណាងអាក្រក់ត្រូវបានម្ចាស់ផ្ទះឃើញទាន់ស្រែកឆោរឡោបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាដេញតាមឃាត់ខ្លួនបានម្នាក់នាំទៅប្រគល់ឲ្យនគរបាលចាត់ការតាមច្បាប់ ចំណែកបក្សពួកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង៤០នាទីយប់ ថៃ្ងទី០១ ខែមេសា ឆ្នាំ២០១៩ នៅក្នុងភូមិជោទ្រាច ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ ប៉ាត ចាន់ថន អាយុ២៧ឆ្នាំ នៅជនជាតិខ្មែរមុខរបរ មិនពិត មានទីលំនៅក្នុងភូមិតាំងបន្ទាយ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ចំណែកបក្សពួកដែលរត់គេចខ្លួនឈ្មោះ ជា ណាត អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ រីឯម្ចាស់ផ្ទះឈ្មោះ ម៉ៅ ខន ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅក្នុងភូមិជោទ្រាច ឃុំម្កាក់ ។
ក្រោយពីទទួលយកជននេះពីម្ចាស់ផ្ទះនគរបាលបានធ្វើការដកហូតមេសោផលិតនៅប្រទេសចិន១ ទូរស័ព្ទម៉ាកម៉ិតហ្វូន១គ្រឿង និងម៉ាណូកគារចុចពិល១គ្រឿង ម៉ូតូម៉ាកហុងដាគុប ជ្រុងសេ៧០ ពណ៌សំបកឪឡឹក១គ្រឿង ពាក់ស្លាកលេខកំពង់ឆ្នាំង 1A-8644 លេខតួ និងលេខម៉ាស៊ីន 1975834 ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុម្ចាស់ផ្ទះបានជិះម៉ូតូឌុបប្រពន្ធទៅផ្ទះម្តាយ ដើម្បីហូបបាយជុំគ្រួសារ លុះពេលជិះចេញបានបន្តិចប្រទះឃើញមនុស្សម្នាក់ឈប់ម៉ូតូនៅក្បែរដើមប្រេងខ្យល់ខាងលិចឈៀងខាងជើងផ្ទះរបស់ខ្លួន គួរឲ្យមានការសង្ស័យ ។ ប៉ុន្តែគាត់មិនបានឈប់ឡើយក៏ឌុបប្រពន្ធរហូតដល់ផ្ទះម្តាយ រួចទើបត្រឡប់មកវិញផ្ទះវិញ តែមិនបានចូលផ្ទះទេ គឺនៅឃ្លាំចាំមើលពីសកម្មភាពជននេះ ហើយក្រោយមកក៏បានឃើញជន សង្ស័យចូលទៅធ្វើសកម្មភាពឆ្កឹះសោ ហើយខណៈពេលកំពុងឆ្កឹះសោបើក ជនសង្ស័យបានបើកទ្វារបម្រុងចូលទៅលួចទ្រព្យសម្បត្តិទើបជនរងគ្រោះស្រែកថា ឈប់សិនៗ និងស្រែកថាចោរៗបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិជួយដេញចាប់បានម្នាក់ និងម្នាក់ទៀតរត់គេចខ្លួន ។
ប្រភពដដែលបានបន្តថា ក្រោយមកអ្នកដែលត្រូវចាប់ខ្លួននោះត្រូវបាននាំយកទៅប្រគល់ឲ្យនគរបាលធ្វើការសាកសួរ ហើយជនសង្ស័យបានសារភាពថា ខ្លួន និងឈ្មោះជា ណាត បានបបួលគ្នាទៅធ្វើសកម្មភាពនៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ប៉ុន្តែពេលជិះម៉ូតូទៅដល់ត្រង់ចំណុចខាងលើឃើញស្ងាត់ទើបខ្លួនឈប់ម៉ូតូ ហើយឲ្យឈ្មោះជា ណាត ចូលទៅគាស់ឆ្កឹះសោផ្ទះខាងលើ ដើម្បីចូលលួចទ្រព្យសម្បត្តិចំណែកខ្លួនជាអ្នកមើលផ្លូវ ។ លុះខណៈពេលកំពុងធ្វើសកម្មភាពម្ចាស់ផ្ទះទៅទាន់ទើបរត់បែកផ្លូវគ្នា ហើយខ្លួនខ្លាចបាត់ម៉ូតូទើបមិនហ៊ានរត់ទៅណាឆ្ងាយក៏ត្រូវម្ចាស់ផ្ទះ និងអ្នកភូមិចាប់បានតែម្ដង ៕
ចែករំលែកព័តមាននេះ