ខេត្តកំពង់ស្ពឺ ៖ កុមារីម្នាក់បានបាត់ខ្លួនពីផ្ទះតាំងពីវេលាម៉ោងប្រហែល៩យប់ថ្ងៃទី៦ កុម្ភៈរហូតដល់ម៉ោងប្រហែល៤រសៀលថ្ងៃទី៧កុម្ភៈ គឺអស់រយៈពេល១យប់១ថ្ងៃទើបឪពុកម្តាយបានរកឃើញ តែនាងបានស្លាប់ទៅហើយនៅក្នុងព្រៃខាងជើងផ្ទះចម្ងាយប្រមាណ២០០ម៉ែត្រ និងត្រូវបានអះអាងថា ត្រូវជនឈាមក្តៅនាំយកទៅរំលោភ ហើយសម្លាប់បំបិទតាង ។
ទាក់ទិននឹងករណីរំលោភរួចសម្លាប់នេះ មន្ត្រីប៉ូលិសប៉ុស្តិ៍ឃុំរុងរឿងបានឱ្យដឹងថា កុមារីរងគ្រោះឈ្មោះញ៉ាញ់ ស្រីនិត អាយុ៧ឆ្នាំ ជាកូនទី៩ក្នុងចំណោមបងប្អូន១០នាក់ ឪពុកឈ្មោះផូ ញា៉ញ់អាយុ៤៧ឆ្នាំ ម្តាយឈ្មោះរឿន ហឿន អាយុ៤៦ឆ្នាំ ជាកសិករមានទីលំនៅភូមិចំបក់ស ឃុំរុងរឿង ស្រុកថ្ពង ។ នៅយប់ថ្ងៃទី៦ កុម្ភៈ នៅក្នុងភូមិនេះមានកម្មវិធីបុណ្យទក្ខិណានុប្បទានគម្រប់១០០ថ្ងៃមានមនុស្សម្នាដើរចេញចូលកន្លែងបុណ្យពុំដាច់ទោះពុំមានចាក់ធុងបាស់រាំក៏ដោយ ។ ដោយឡែកកុមារីឈ្មោះញ៉ាញ់ ស្រីនិត បានបាត់ខ្លួនតាំងពីម៉ោងប្រមាណ៨យប់ម៉្លេះដែលឪពុកម្តាយនឹកស្មានថា កូននៅកន្លែងធ្វើបុណ្យ ។
ប្រភពព័ត៌មានដដែលបន្តថា រហូតដល់ម៉ោង៣រសៀលថ្ងៃទី៧ កុម្ភៈ ម្តាយឪពុកពុំឃើញកូនចូលផ្ទះវិញក៏ផ្អើលឈូឆររួមជាមួយអ្នកភូមិផងជួយដើររកកូន ហើយមកដល់ម៉ោង៤រសៀលថ្ងៃដដែលឪពុកក៏ប្រទះឃើញសពកូនស្រីនៅខាងជើងផ្ទះក្នុងព្រៃរបោះចម្ងាយប្រហែល២០០ម៉ែត្រពីផ្ទះ ។ ដំបូងគាត់ឃើញខោទ្រនាប់បន្ទាប់មកក៏ឃើញកងដៃជ័រម្ខាងនៅមិនឆ្ងាយប៉ុន្មានពីខោ លុះដើរចម្ងាយប្រមាណ៥០ម៉ែត្រទៀតក៏ឃើញសពកូនត្រូវឃាតកបោះទៅក្នុងព្រៃក្រោមគុម្ពត្បែង ទើបនាំយកមកផ្ទះទាំងទឹកចិត្តក្តុកក្តួលឥតឧបមា ។ ក្រោយមកក៏បានប្តឹងទៅសមត្ថកិច្ចឱ្យមកពិនិត្យ និងជួយរកឃាតក ។
នៅព្រឹកថ្ងៃទី៨ កុម្ភៈ សមត្ថកិច្ចមានប៉ូលិសព្រហ្មទណ្ឌបច្ចេកទេសវិទ្យាសាស្ត្រកងរាជអាវុធហត្ថ មេឃុំ រួមទាំងវេជ្ជបណ្ឌិតផ្នែកកោសល្យវិច័យបានចូលរួមធ្វើការត្រួតពិនិត្យសព ។
ក្រោយពេលពិនិត្យរួចជាលទ្ធផលបច្ចេកទេសបានវាយតម្លៃថា សពកុមារីញ៉ាញ់ ស្រីនិត អាយុ៧ឆ្នាំ ពិតជាត្រូវឃាតកនាំទៅរំលោភយ៉ាងព្រៃផ្សៃបំផុត រហូតដាច់ទ្វារមាសមានលោហិតដិតដាម និងការមួលកាច់កបំបាក់ក្រោយពីរំលោភរួច ។ សពត្រូវបានប្រគល់ឱ្យឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី ។ អ្នកភូមិចំបក់សទាំងមូលរួមទាំងគ្រួសារសពផងបានថ្កោលទោសឃាតករំលោភកុមារីអាយុ៧ឆ្នាំនេះ និងសុំឱ្យសមត្ថកិច្ចតាមចាប់ខ្លួនឃាតកនោះឱ្យបានទើបស្ងប់ចិត្ត ។
លោកអនុសេនីយ៍ឯកសម សាក់ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានកំណត់មុខសញ្ញា និងឈានទៅចាប់ខ្លួនឃាតកឱ្យទាល់តែបានល្គឹកណាគ្រួសារជនរងគ្រោះជួយបំភ្លឺតម្រុយខ្លះៗដែលពាក់ព័ន្ធ ព្រោះអ្នកសម្លាប់ពុំអាចនៅឆ្ងាយពីភូមិកើតហេតុនេះទេ ហើយអាច ថា នាងរងគ្រោះបានស្គាល់ទៀតផង ទើបជនឈាមក្តៅបបួលនាងបាន ហើយធ្វើការរំលោភសម្លាប់បែបនេះ ៕
ចែករំលែកព័តមាននេះ