រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសហជីពសមាគមនិយោជក និងអង្គការពាក់ព័ន្ធដទៃទៀតបានបើកកិច្ចសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិលើសេចក្តីព្រាងប្រកាសស្តីពីក្រុមប្រឹក្សាចរចានៃសហជីព និងនិយោជក ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវបានឲ្យដឹងក្នុងកិច្ច ពិគ្រោះយល់បល់នាព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារ Mekong View Tower បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ក្រុមការងារកសាងច្បាប់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការការ (ILO) ដែលបាន សហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិនេះឡើងក្នុងគោលបំណង១- ផ្សព្វផ្សាយ និងបង្ហាញខ្លឹមសារនៃសេចក្តីព្រាងប្រកាសស្តីពីក្រុមប្រឹក្សាចរចានៃសហជីព និងនិយោជក និង២ – ប្រមូលធាតុចូលបន្ថែមឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានការឯកភាព និងគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធសំដៅធានាឱ្យបានការអនុវត្តប្រកបដោយប្រសិទ្ធភាព ។
លោករដ្ឋមន្ត្រីបានលើកឡើងថា ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមរមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍវិស័យការងារប្រកបដោយចីរភាព ។ ក្នុងន័យនេះក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជាថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថា្នក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្តេជ្ញាបន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើកកម្ពស់លក្ខខណ្ឌការងារនៅកម្ពុជាឱ្យមានលក្ខណៈកាន់តែល្អប្រសើរសំដៅលើកកម្ពស់ភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ។
លោកបានបន្តថា ច្បាប់ស្តីពីសហជីព គឺជាក្របខណ្ឌគតិយុត្តមួយដែលមានគោលដៅ១- ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត ២-ធានានូវសិទ្ធសេរីភាព ក្នុងការចរចាជាសមូហភាពរវាងកម្មករនិយោជិត និងនិយោជក ៣-ជំរុញឱ្យមានសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ និង៤- រួមចំណែកក្នុងការអភិវឌ្ឍការងារសមរម្យ បង្កើនផលិតភាព និងការវិនិយោគ ។
លោកបន្ថែមថា ដើម្បីធានាឱ្យការអនុវត្តច្បាប់ស្តីពីសហជីពប្រកបដោយប្រសិទ្ធភាពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញប្រកាសចំនួន៤នៅក្នុងឆ្នាំ២០១៦ដែលរួមមាន១- ប្រកាសស្តីពីការចុះបញ្ជីសហជីព និងសមាគមនិយោជក ។ ២-ប្រកាសស្តីពីការធ្វើប្រតិភូកម្មមុខងារក្នុងការអនុវត្តច្បាប់ស្តីពីសហជីព ។ ៣- ប្រកាសស្តីពីនីតិវិធីនៃការធ្វើឧបាស្រ័យលើចំណាត់ការរបស់មន្ត្រីដែលបានប្រតិភូកម្មមុខងារក្នុងការអនុវត្តច្បាប់ស្តីពីសហជីព ។ ៤- ប្រកាសស្តីពីការធ្វើប្រតិភូកម្មមុខងារក្នុងការធ្វើបណ្តឹងអំពីវិវាទការងាររួម និងចេញលិខិត ទទួលស្គាល់ប្រតិភូក្រុមប្រឹក្សាចរចា ។
យោងតាមរបាយការណ៍នៃការអនុវត្តច្បាប់ស្តីពីសហជីពជាបន្តបន្ទាប់ ក្រសួងការងារក៏បានដាក់ចេញប្រកាសចំនួន៤បន្ថែមទៀតនៅក្នុងឆ្នាំ២០១៨ ដើម្បីធានាការអនុវត្តច្បាប់នេះឱ្យកាន់តែគ្រប់ជ្រុងជ្រោយដូចខាងក្រោម១-ប្រកាសស្តីពីនីតិវិធីនៃការបង់ប្រាក់ភាគទានសហជីព និងប្រាក់សេវាភ្នាក់ងារ ។ ២-ប្រកាសស្តីពីបែបបទនៃការថែរក្សាកំណត់ត្រាហិរញ្ញវត្ថុរបស់សហជីព ឬសមាគមនិយោជក ។ ៣-ប្រកាសស្តីពីប្រតិភូបុគ្គលិកនៅក្នុងសហគ្រាសគ្រឹះស្ថាន ។ ៤-ប្រកាសស្តីពីភាពជាតំណាងបំផុតនៃសហជីព និងបែបបទនីតិវិធី ដើម្បីទទួលបានភាព ជាតំណាងបំផុត ។
ចែករំលែកព័តមាននេះ