រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា បើកម្ពុជាលម្អៀងទៅភាគីណាមួយដោយប្រាស់ចាកនយោបាយអព្យាក្រឹត្យ កម្ពុជានឹងផុងខ្លួនទៅក្នុងវិបត្តិ និងសង្គ្រាម ។ យោងតាមបណ្តាញសង្គមហ្វេសប៊ុកក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី១៤ ខែមីនា ។
សម្តេចស ខេង បានលើកឡើងយ៉ាងដូច្នេះថានៅឆ្នាំ២០១៩បានទាញចំណាប់អង្គសន្និបាតថា គឺជាឆ្នាំដំបូងនៃការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ហើយជាមួយគ្នានេះក្រោយការបោះឆ្នោតឆ្នាំ២០១៨ កម្ពុជាមានស្ថានភាពអំណោយផលជាងពេលណាៗទាំងអស់ដូច្នេះរដ្ឋបាលខេត្តទាំងមូលត្រូវចូលរួមអនុវត្តឲ្យបាននូវផែនការគោលមួយចំនួន ។ សម្តេចបន្តថា ផែនការទាំងនោះរួមមានការពង្រឹងសន្តិភាពស្ថេរភាពនយោបាយ ដោយត្រូវបន្តខិតខំរួមគ្នាថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ និងរក្សាឲ្យបាននូវបូរណភាពទឹកដី ប្រឆាំងដាច់ខាតនូវការប៉ុនប៉ងជ្រៀតជ្រែកពីខាងក្រៅតាមគ្រប់រូបភាព ។
សម្ដេចបានចាត់ទុកការងារនេះជាភារកិច្ចស្នូលទូទាំងប្រទេសមិនមែនត្រឹមតែរដ្ឋបាលខេត្តព្រៃវែងនោះទេ ។ សម្ដេចបានគូសបញ្ជាក់ថា «កម្ពុជានៅតែរក្សាភាពអព្យាក្រឹត្យជាមួយគ្រប់បណ្ដាប្រទេសទាំងអស់ ពិសេសរវាងប្រប្រទេសមហាអំណាចពីព្រោះបទពិសោធន៍ប្រវត្តិសាស្ត្រ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើកម្ពុជាលម្អៀងទៅភាគីណាមួយដោយប្រាស់ចាក នយោបាយអព្យាក្រឹត្យកម្ពុជានឹងផុងខ្លួនទៅក្នុងវិបត្តិ និងសង្គ្រាម» ។ ជាមួយគ្នានោះដែរសម្ដេចក៏បានបញ្ជាក់ប្រាប់អង្គសន្និបាតដែរថា ជារៀងរាល់ពេលដែលសម្ដេចទទួលជួបពិភាក្សាការងារជាមួយតំណាងប្រទេសជាតិមិត្តនានាសម្ដចតែងតែសង្កត់ធ្ងន់ថា កម្ពុជាដាច់ខាតនឹងមិនដើរចេញពីគន្លងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនោះឡើយពីព្រោះកម្ពុជាមានបទពិសោធន៍ឆ្អែតឆ្អន់ហើយ កាលពីពេលអតីតកាលដែលធ្លាប់ដើរផ្ទុយពីគោលការណ៍នេះ ៕
ចែករំលែកព័តមាននេះ