រាជធានីភ្នំពេញ៖ តារាសម្តែងលោកអ៊ុក ចំប៉ារ័ត្ន ជាដៃគូទៅណាមកណាជាមួយតារាកំប្លែងនាងអុីត ធ្វើឲ្យគេសង្ស័យថាជាគូស្នេហ៍នឹងគ្នា ។ ទោះជាយ៉ាងណាក្តីពេលនេះលោកបានថតបទចម្រៀងថ្វាយព្រះករុណា ចាប់ដៃគូជាមួយតារាចម្រៀងសំឡេងផ្អែមកញ្ញាទៀង មុំសុធាវី។ ទើបតែលេចមុខមាត់ក្នុងពិភពសិល្បៈមួយរយៈពេលខ្លី តារាសម្ដែង និងតារាបង្ហាញម៉ូដ លោកអ៊ុក ចំប៉ារ័ត្ន ហៅDa Make ត្រូវគេកត់សម្គាល់ថាឈានឡើងកេរ្តិ៍ឈ្មោះយ៉ាងខ្លាំង ដោយបានតំណែងតួឯកក្នុងភាពយន្តនៅប៉ុស្តិ៍លេខ៥ ។ អ្វីដែលកាន់តែសរសើរទៅទៀត គឺលោកត្រូវបានផលិតករជ្រើសឱ្យសម្ដែងបទថ្វាយករុណា ដែលជាបទទឹកដមសំលេងរបស់តារាចម្រៀងកញ្ញាទៀង មុំសុធាវី ។
លោកអ៊ុក ចំប៉ារ័ត្ន និយាយថា ក្នុងចំណោមការសម្ដែងទាំងអស់ដែលលោកបានប្រឡូក លោកហាក់មានអារម្មណ៍ល្អចំពោះការសម្ដែងជាមួយតារាចម្រៀងកញ្ញាទៀង មុំសុធាវី ជាងការសម្ដែងកន្លងមក ដោយសារតែការសម្ដែងរបស់លោកជាមួយនាង គឺជាកាសម្ដែងក្នុងបទចម្រៀងថ្វាយដល់ព្រះករុណា ដែលលោកបានចាត់ទុកថានោះជាស្នាដៃមួយដែលលោកមិនធ្លាប់ថត ។
លោកអ៊ុក ចំប៉ារ័ត្ន បដិសេធបង្ហើបឱ្យដឹងពីចំណងជើងបទចម្រៀង ដោយគ្រាន់តែអះអាងថា នេះជាបទរបស់ព្រះករុណា និងជាការសម្ដែងផ្លួវការមួយ បើធៀបនឹងការសម្ដែង ផ្សេងៗ ។ សម្រាប់ការសម្ដែងត្រូវបានសម្រិតសម្រាំងពីក្រុមផលិតករ ដែលធ្វើឱ្យលោកប្រយ័ត្នប្រយែងចំពោះការសម្ដែងរបស់ខ្លួន ។
«អ្វីដែលកាន់តែសប្បាយចិត្តទៅទៀត គឺខ្ញុំបានសម្ដែងជាមួយកញ្ញាទៀង មុំសុធាវី ដែលជាតារាចម្រៀងសំនៀងផ្អែម និងស្រទន់ម្នាក់ ដែលខ្ញុំគឺជាហ្វេនជាយូរមកហើយ »។ លោកអ៊ុក ចំប៉ារ័ត្ន និយាយបែបនេះ ។
ការងារសម្ដែង នៅក្នុងរយៈពេលចុងក្រោយ នេះបានជួយឱ្យលោកអ៊ុក ចំប៉ារ័ត្ន កាន់តែមានកេរ្តិ៍ឈ្មោះបោះសំឡេងជាងមុន ដោយតាំងពីលោកឈានឡើងតួឯកមក គឺមិនមានផលិតករណាម្នាក់ឱ្យលោកសម្ដែងជាតួរាយរងទៀតទេ ។ មិនមែនរើសអើងមិនថតជាតួរងទេ តែបើមានផលិតករទាក់ទង ក៏លោកអាចនឹងមិនថតដែរ បើការសម្ដែងនោះចេញមុខត្រឹមមួយប្លង់ ឬ២ប្លង់ ហើយបានត្រឹមតម្លៃខ្លួនដូចការថតកន្លងមក ។ ម្យ៉ាងមកពីលោកកាក់កប និងមមាញឹកនឹងជំនួញលក់រថយន្តនោះផង ទើបលោកប្រកាសថា បើអ្នកទាក់ទងមកមិនឱ្យតម្លៃដល់ខ្លួន គឺសុខចិត្តទំនេរគួកជេឡានល្អជាង ។
លោកអ៊ុក ចំប៉ារ័ត្ន បានសម្ដែងច្រើនរឿងមកហើយ ដូចជារឿង«ឈាមស្នេហ៍ក្បត់បេះដូង» រឿង «ឋានសួគ៍វណ្ណៈ» រឿង«គំនុំស្នេហ៍ភ្លើងអាឃាត» រឿង«លោហិតរនាំងស្នេហ៍» រឿង«ភរិយាឈ្លើយស្នេហ៍» រឿង«បន្តោងខ្សែកពេជ្រ» និងរឿង«ស្នេហ៍បញ្ច្រាសទិស»ជាដើម ។ ការងារបង្ហាញម៉ូដក៏មានទីផ្សារគួរសមដែរ ៕
ចែករំលែកព័តមាននេះ