រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសរបស់សាលារាជធានីភ្នំពេញនាពេលកន្លងមកថា សាលារាជធានីភ្នំពេញបានលើកទឹកចិត្ត និងមិនបង្ខំនោះទេ អោយរោងចក្រដែលគ្រោងនឹងបង្កើតថ្មីនៅកម្ពុជា គួរស្វែងរកទីតាំងនៅតំបន់ជាយក្រុងវិញប្រសើរជាងការរកទីតាំងនៅជិតក្រុង ដែលបង្កជាបញ្ហាកកស្ទះ និងបញ្ហាមួយចំនួនទៀត ។ ដោយឡែកសម្រាប់រោងចក្រដែលកំពុងដំណើរការស្រាប់នៅរក្សាដដែល ។
បើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី០៤ មីនានេះថា សាលារាជធានីភ្នំពេញមិនបានបង្ខំនោះទេ ចំពោះរោងចក្រដែលគ្រោងនឹងបង្កើតថ្មីៗនៅកម្ពុជាអោយទៅរកទីតាំងនៅតំបន់ជាយក្រុងដូចជា នៅតំបន់ផ្លូវក្រវ៉ាត់ក្រុងថ្មី ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលព្រោះតំបន់នោះវាស្ងាត់ និងមិនបង្កការកកស្ទះចំពោះការចរាចរណ៍ទៀតផងដែរ ។
លោកបន្តថា សម្រាប់រោងចក្រដែលកំពុងដំណើរការស្រាប់នៅទីតាំងចាស់ជិត ឬក្នុងរាជធានីភ្នំពេញផ្ទាល់តែម្ដងមិនចាំបាច់រុះរើទៅកាន់តំបន់ថ្មីនោះទេ ពួកគេអាចដំណើរការរោងចក្រនៅកន្លែងដដែលបាន តែសាលារាជធានីនឹងព្យាយាមដោះស្រាយបញ្ហាកកស្ទះចរាចរណ៍អោយបានស្រួល ដោយមិនអោយបង្កផលប៉ះពាល់ដល់អ្នកធ្វើដំណើរនោះទេ ហើយបច្ចុប្បន្ននេះ បញ្ហាកកស្ទះនៅម្ដុំរោងចក្រក៏បានដោះស្រាយបានមួយចំនួនរួចរាល់ និងបានធូរស្បើយមួយកម្រិតហើយផងដែរ ។
លោកថា៖« យើងបានកំណត់ម៉ោងចេញចូលសម្រាប់រថយន្តដឹកអីវ៉ាន់ក្នុងរោងចក្រ ដើម្បីកុំអោយប៉ះពាល់ដល់ការធ្វើដំណើររបស់អ្នកដំណើរ ហើយយើងនឹងព្យាយាមធ្វើអោយបានច្រើនថែមទៀត ដើម្បីដោះស្រាយបញ្ហាកកស្ទះនៅតំបន់រោងចក្រដែលនៅក្នុងក្រុង»។លោកបន្ថែមថា៖« យើងក៏បានជជែកច្រើនហើយជាមួយសមាគមរោងចក្រកាត់ដេរ និងសម្លៀកបំពាក់កម្ពុជា ពាក់ព័ន្ធនឹងដំណោះស្រាយ ដោយយើងបានប្រាប់គាត់អោយដំណើរការធម្មតាទៅសម្រាប់រោងចក្រដែលដំណើរការក្នុងក្រុងយូរហើយនោះ ដោយមិនបាច់ភ័យពីរឿងរុះរើទៅកាន់កន្លែងថ្មីនោះទេ តែយើងបានប្រាប់គាត់អោយវិនិយោគិនថ្មីដែលគ្រោងនឹងបង្កើតរោងចក្រនៅកម្ពុជា សូមរកទីតាំងថ្មីនៅជាយក្រុង ព្រោះវាងាយស្រួល ក្នុងការចេញចូលអីវ៉ាន់ » ។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឃើញថា ក្នុងឆ្នាំ២០១៩នេះ មានរោងចក្រសហគ្រាសបើកថ្មីៗជាច្រើន បានដាក់ពាក្យស្នើវិនិយោគនៅកម្ពុជា ហើយក្រុមប្រឹក្សាក៏បានផ្ដល់អាជ្ញាប័ណ្ណជាបន្តបន្ទាប់ដល់ក្រុមហ៊ុនទាំងនោះ វិនិយោគនៅកម្ពុជាផងដែរជាពិសេសនៅក្នុងរាជធានីភ្នំពេញ ក៏ប៉ុន្តែបើពិនិត្យមើលរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទីតាំងរោងចក្រដែលស្នើសុំវិនិយោគថ្មីៗ ភាគច្រើននៅទីតាំងតំបន់ជាយរាជធានីភ្នំពេញ ដូចជា នៅខណ្ឌពោធិ៍សែនជ័យ ខណ្ឌព្រែកព្នៅ និងខណ្ឌដង្កោ ជាពិសេសទីតាំងដែលទើបកាត់ចូលពីខេត្តមកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ