ការរកបាន១លានដុល្លារ ស្តាប់មើលទៅហាក់ដូចជាលុយច្រើនណាស់អីចឹង ប្រសិនបើអ្នកមិនដែលធ្លាប់រកបានពីមុន ។ វាគឺជាគោលដៅដែលពិបាកនឹងសម្រេចសម្រាប់មនុស្សមួយចំនួនធំ តែអ្វីជាការពិតនោះគឺមានមនុស្ស១.៧០០នាក់ក្លាយទៅជាសេដ្ឋីជារៀងរាល់ថ្ងៃលើពិភពលោកនេះ ហើយមានជាង៦២ម៉ឺននាក់ក្នុងមួយឆ្នាំៗ មានប្រាក់ឡើងដល់ខ្ទង់លានដុល្លារ ។ តើធ្វើដូចម្តេចទៅបានអាចមានលុយច្រើនដូចគេ?
ខាងក្រោមនេះ គឺជាវិធីខ្លឹមៗទាំង៥ពីវេបសាយ Alux ដែលអាចឱ្យអ្នករកបានប្រាក់១លានដុល្លារបានដោយងាយ ៖
១. មានការងារដែលរកលុយបានច្រើន ៖ ជាការពិតណាស់ វិធីសាមញ្ញជាងគេក្នុងការរកលុយបានច្រើន គឺការប្រើប្រាស់ជំនាញឯកទេសរបស់យើង ដែលវាជាអ្វីមនុស្សផ្សេងទៀតមិនសូវចេះធ្វើដូច។ ជាឧទាហរណ៍ស្រាប់ វេជ្ជបណ្ឌិត មេធាវី និង នាយកគ្រប់គ្រងក្រុមហ៊ុនធំៗ នៅអាមេរិក និង អឺរ៉ុប រកចំណូលបានជាមធ្យម ១៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ ។
តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺការងារជា « អ្នកលក់» អាចរកប្រាក់បានច្រើនជាងនេះទៅទៀត។ តែវាមានតែអ្នកលក់១%ប៉ុណ្ណោះ ដែលអាចឡើងដល់កម្រិតនេះ ព្រោះតែគេមានជំនាញខ្លាំងក្នុងការលក់អ្វីៗ ដែលគ្មានអ្នកពូកែដូច។ អ្នកលក់ប្រភេទនោះអាចរកបានជាង ២៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ ។
២. សរសេរសៀវភៅដែលលក់ដាច់ ៖ តើនរណាខ្លះមិនដែលអានសៀវភៅរឿង Harry Potter ឬ Fifty Shades of Grey? តើអ្នកដឹងទេថាអ្នកសរសេរសៀវភៅទាំងនេះរកលុយបានច្រើនប៉ុនណា? នេះគឺដោយសារតែគេអាចលក់ទាំងក្នុងទម្រង់ជាសៀវភៅក្រដាស និង សៀវភៅអេឡិចត្រូនិក ។ រាល់ពេលមានអ្នកទិញ អ្នកនឹងទទួលបានលុយតាមរយៈនោះ ។ តែនេះទាល់តែអ្នករស់នៅក្នុងទីណាដែលមានច្បាប់កម្មសិទ្ធិបញ្ញាតឹងរ៉ឹងដែរ។
៣. ចាប់ផ្តើមមុខជំនួញតូចមួយ ហើយខំធ្វើឱ្យលូតលាស់ ៖ មិនបាច់ទៅមើលនៅទីណាច្រើនទេ យើងគ្រាន់តែមើលអ្នកមានកំពូលៗ ដូចជា ស្ថាបនិក Facebook លោក Mark Zuckerburg ស្ថាបនិក Microsoft លោក Bill Gates និង ស្ថាបនិក Alibaba លោក Jack Ma ទៅចុះ ពួកគេសុទ្ធតែចាប់ផ្តើមដំបូងជាមួយនឹងក្រុមហ៊ុនយ៉ាងតូចមួយ ។ អ្វីដែលចាំបាច់គឺ អ្នកត្រូវដឹងវិធីធ្វើវាឱ្យលូតលាស់ទៅមុខជានិច្ច ។
៤. សន្សំលុយ ដាក់វិនិយោគ ៖ នេះគឺជាវិធីស្រួលយល់ជាងគេ ដោយសារតែអ្នកគ្រាន់តែសន្សំលុយ ហើយយកវាដាក់ក្នុងធនាគារឱ្យគេវិនិយោគ សម្រាប់អ្នកស៊ីការប្រាក់ជាការស្រេច។ អ្នកអាចទទួលបាន ៧%នៃប្រាក់ដើមជារៀងរាល់ឆ្នាំ។ ដូចនេះប្រសិនបើអ្នកមានលុយច្រើនតម្កល់ នោះវានឹងបន្តកើនឡើងរហូត ដោយគ្រាន់តែទុកវាចោលនៅទីនោះ ។
៥. ទិញហ្វ្រេនឆាយ (Franchise) យកមករកស៊ីឱ្យរីកចម្រើន ៖ ប្រសិនបើអ្នកមិនសូវមានការគិតច្នៃប្រឌិតរកអ្វីថ្មីៗទេ អ្នកអាចទៅទិញហ្វ្រេនឆាយ ដែលគេរកស៊ីកាក់កបស្រាប់ហើយ មកធ្វើបន្តក៏បានដែរ។ អ្វីដែលសំខាន់គឺអ្នកត្រូវចេះរើសយកយីហោណា ដែលស្រួលរកចំណូល ហើយកំពុងតែមានប្រជាប្រិយភាពស្រាប់ ៕
ចែករំលែកព័តមាននេះ