ការចូលរួមរបស់បុគ្គលិកក្នុងកិច្ចការក្រុមហ៊ុនភាគច្រើនត្រូវបានមើលរំលងដោយក្រុមហ៊ុន។បន្ទាប់ពីផ្តល់ការងារដល់បុគ្គលិកណាម្នាក់ហើយ ក្រុមហ៊ុនមិនមានផែនការឬយុទ្ធសាស្ត្រក្នុងការបន្តជំរុញឲ្យបុគ្គលិកស្រលាញ់ការងាររបស់ខ្លួនឡើយ ដែលជាចំណុចដ៏មានសារសំខាន់ក្នុងការរក្សាបុគ្គលិក ។
បុគ្គលិកដែលសកម្មគឺជាអ្នកដែលចាត់ទុកកន្លែងការងារជាផ្ទះទីពីរ ។ ពួកគេអាចសម្រេចកិច្ចការដែលបានដាក់ឲ្យធ្វើ និងមានភាពស្មោះស្ម័គ្រជាមួយនឹងក្រុមហ៊ុនជានិច្ច ។ ពួកគេអាចក្លាយជាអ្នកដឹកនាំមួយរូប ហើយនឹងនៅក្រុមហ៊ុនបានយូរ ប៉ុន្ដែប្រសិនបើអ្នកគ្រប់គ្រងមើលរំលង ពួកគេអាចនឹងដើរចេញម្ដងមួយៗមិនខាន ។ ចំណែកបុគ្គលិកមិនសកម្មគឺជាអ្នកដែលចូលចិត្តការងាររបស់ពួកគេដែរ ប៉ុន្ដែគ្រាន់តែធ្វើកិច្ចការតាមតម្រូវការប៉ុណ្ណោះ គឺមិនធ្វើការងារដើម្បីគោលដៅ ឬតម្លៃក្រុមហ៊ុនឡើយ ។
រីឯបុគ្គលិកអកម្មវិញគឺជាអ្នកដែលមិនមានកម្លាំងក្នុងការធ្វើការ និងចែកចាយរឿងរ៉ាវអវិជ្ជមានក្នុងក្រុមហ៊ុន ។ បុគ្គលិកប្រភេទនេះ ទោះបីយើងមិននិយាយ ក៏ក្រុមហ៊ុនត្រូវដឹងថាធ្វើយ៉ាងម៉េចដែរ ។
យោងតាមMental Health America បានឲ្យដឹងថា បុគ្គលិកអកម្មធ្វើឲ្យមានការខាតបង់ប្រមាណពី៤៥០ទៅ៥០០ប៊ីលានដុល្លារឯណោះក្នុងមួយឆ្នាំ ។ ដូច្នេះដើម្បីអភិវឌ្ឍន៍បុគ្គលិករបស់ខ្លួន ខាងក្រោមនេះគឺជាវិធីមួយចំនួនដែលថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រង អាចធ្វើតាមដើម្បីជំរុញឲ្យបុគ្គលិកអ្នកកាន់តែសកម្មជាងមុន ៖
១. ផ្តល់ឧបករណ៍សម្រាប់ធ្វើការបានគ្រប់គ្រាន់ ៖ ការស្រលាញ់ការងារគឺពឹងផ្អែកលើរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រុមហ៊ុនដែរ ដូច្នេះការផ្តល់ឧបករណ៍គ្រប់គ្រាន់ដល់បុគ្គលិកដែលពួកគេអាចប្រើដើម្បីសម្រេចការងារបស់ពួកគេបាន អាចនឹងជំរុញដល់ប្រសិទ្ធភាពក្នុងការប្រកបការងាររបស់ពួកគេដែរ ។
២. ផ្តល់ការហ្វឹកហាត់ ៖ បុគ្គលិកតែងតែស្វែងរកវប្បធម៌ការងារដែលអនុញ្ញាតឲ្យពួកគេបន្តអភិវឌ្ឍន៍ខ្លួន មិនត្រូវឲ្យពួកគេនៅតែមួយកន្លែងឡើយ ហើយវាពិតជាសំខាន់ណាស់ក្នុងការផ្តល់ការហ្វឹកហាត់ដល់បុគ្គលិកដើម្បីឲ្យពួកគេមានជំនាញបន្ថែម។ លើសពីនេះទៀត ការធ្វើដូច្នេះអាចជួយឲ្យពួកគេមានអារម្មណ៍ជិតស្និទ្ធនឹងក្រុមហ៊ុនផងដែរ ។
៣. ការទទួលស្គាល់ ៖ ការសរសើរបុគ្គលិកពេលដែលពួកគេធ្វើបានល្អគឺជាកត្តាដ៏សំខាន់ក្នុងការរក្សាភាពសកម្មរបស់បុគ្គលិក។ ពេលខ្លះ ការផ្តល់ជាអត្ថប្រយោជន៍បន្តិចបន្តួចដូចជាគូប៉ុង ឬថវិកាបន្តិចបន្តួចអាចមានកម្លាំងជំរុញដល់ពួកគេច្រើនផងដែរ ព្រោះពួកគេជាអ្នករកចំណូលដល់ក្រុមហ៊ុន ។
៤. ជំរុញឲ្យមានការប្រាស្រ័យទាក់ទងបើកទូលាយ ៖ ការប្រាស្រ័យទាក់ទងរវាងថ្នាក់ដឹកនាំ និងបុគ្គលិក អនុញ្ញាតឲ្យអ្នកដឹងច្បាស់ពីគំនិតរបស់បុគ្គលិកខ្លួន និងបង្កើនភាពស្និទ្ធស្នាលផងដែរ។ អ្នកអាចធ្វើការស្ទង់មតិ ប្រជុំក្រុម ឬប្រើប្រអប់មតិដើម្បីដឹងពីគំនិតរបស់ពួកគេបាន។ អ្នកគួរជំរុញឲ្យពួកគេនិយាយដើម្បីឲ្យអ្នកអាចធ្វើការផ្លាស់ប្តូរពេលដែលអ្នកយល់ស្រប ។
៥. ផ្តល់មតិយោបល់ជាប្រចាំ ៖ ការផ្តល់មតិយោបល់ជាប្រចាំជួយឲ្យបុគ្គលិកធ្វើបច្ចុប្បន្នភាពជំនាញ និងផ្តល់ជាលទ្ធផលឲ្យស្របទៅនឹងការគិតទុករបស់ក្រុមហ៊ុន ។ អ្នកគួរតែផ្តល់មតិយោបល់ទាំងបែបផ្លូវការ និងក្រៅផ្លូវការ ដើម្បីជំរុញទឹកចិត្តរបស់បុគ្គលិកខ្លួន ៕
ចែករំលែកព័តមាននេះ