រាជធានីភ្នំពេញ៖ រវាងតារាសម្តែងកញ្ញានៅ សូនីតា និងលោកទិត្យ ថារិទ្ធ កាន់តែលេចឡើងច្បាស់ហើយពីជីវិតស្នេហារបស់ពួកគេ នៅពីក្រោយការព្យាយាមលាក់បាំង ។ រូបថតមួយសន្លឹកបានបែកធ្លាយ ជារូបអាចបង្ហាញថាអ្នកទាំងពីររស់នៅក្រោមដំបូលផ្ទះតែមួយ ។
នាពេល ថ្មីៗកន្លងមកមានអ្នកសិល្បៈមួយចំនួនបានទៅជូនពរលោកទិត្យ ថារិទ្ធ និងនៅ សូនីតា ដល់គេហដ្ឋានបន្ទាប់ពីលោកត្រូវបានតែងតាំងតួនាទីខ្ពស់មួយនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។ រូបភាពដែលបង្ហោះលើហ្វេសប៊ុកដោយតារាសម្តែងមួយរូប បង្ហាញពីការថតជុំគ្នានៅក្នុងគេហដ្ឋានមួយមានតាំងរូបថតធំៗរបស់នៅ សូនីតា និងលោក ទិត្យថារិទ្ធ ។ រូបថតអ្នកទាំងពីរបានដាក់តាំងបញ្ឈរយ៉ាងធំនៅក្នុងគេហដ្ឋានដ៏ស្រស់ស្អាតនោះ វាបង្ហាញយ៉ាងច្បាស់ពីចំណងស្នេហ៍ និងការរស់នៅក្រោមដំបូលផ្ទះតែមួយរបស់លោកទិត្យ ថាវរិទ្ធ និងនៅ សូនីតា ដោយមិនអាចប្រកែកបាន ។
កន្លងមកតារាសម្តែងនៅ សូនីតា តែងតែបដិសេធពីចំណងស្នេហ៍រវាងនាង និងលោកទិត្យ ថារិទ្ធ បើទោះបីជាពេលខ្លះនាងហ៊ានទាំងបញ្ចេញនូវរូបភាព ខ្លះៗ និងការស្និទ្ធស្នាលគ្នាក៏ដោយ ។ ជីវិតស្នេហ៍របស់អ្នកទាំងពីរត្រូវគេដឹងកាន់តែច្រើន ជាពិសេសក្នុងចង្កោមអ្នកសិល្បៈដូចគ្នា ។ ស្នេហាមួយនេះត្រូវបានគេដឹងថា បានចាប់ពន្លកឡើងបន្ទាប់ពីលោកទិត្យ ថារិទ្ធ បានដាច់ដោចចំណងស្នេហ៍ជាមួយអ្នកនាង ស៊ឹម សូលីកា ។
ទោះបីជាមិនទាន់បង្ហាញជាសាធារណៈក្តី ប៉ុន្តែរាល់សកម្មភាពដែលលោកទិត្យ ថាវរិទ្ធ និងនៅ សូនីតា ធ្វើកន្លងមកមានដូចជាការបណ្តើរគ្នាទៅចូលរួមពិធី ផ្សេងៗ យ៉ាងស្និទ្ធស្នាល គឺវាបង្ហាញឲ្យដឹងពីរឿងស្នេហារបស់ពួកគេ ។ មានមតិក្រៅផ្លូវការថាពួកគេបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នារួចហើយទៀតផង ។
កាលពេលកន្លងទៅនៅក្នុងពិធីមង្គលការមួយ លោកទិត្យ ថាវរិទ្ធ និងនៅ សូនីតា បានបណ្តើរគ្នាយ៉ាងស្និទ្ធស្នាលផ្អែមល្ហែមមិនចាញ់ស្នេហាយុវវ័យឡើយ ។
មុននេះអតីតគូស្នេហ៍របស់លោកទិត្យ ថាវរិទ្ធ គឺអ្នកនាងស៊ឹម សូលីកា ក៏បានបង្ហាញភាពផ្អែមល្ហែមជាមួយគូស្នេហ៍ថ្មីលោកអេង រិទ្ធី ផងដែរ ។ ស៊ឹម សូលីកា បង្ហាញស្នេហ៍ថ្មីជាបន្តបន្ទាប់ មហាជននៅចាំមើលថាពេលណាលោកទិត្យ ថាវរិទ្ធ បើកចំហស្នេហ៍របស់លោកដែរ ៕
ចែករំលែកព័តមាននេះ