រាជធានីភ្នំពេញ ៖ បុរសជាជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ត្រូវបានកម្លាំងនៃអធិការដ្ឋានខណ្ឌដូនពេញធ្វើការចាប់ឃាត់ខ្លួន និងដកហូតថ្នាំញៀនចំនួន១៣កញ្ចប់ និងឧបករណ៍ប្រើប្រាស់ រួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ ការបង្ក្រាបនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅចំណុចសំណង់មិនរៀបរយ ផ្លូវរថភ្លើង R6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា បុរសជាជនសង្ស័យដែលចាប់ឃាត់ខ្លួនខាងលើ ឈ្មោះ សុខ លុច្ស ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងបន្ទប់គ្មានលេខ ក្នុងតំបន់មិនរៀបរយខាងលើ ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ក្នុងពេលនេះដែរ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញរបស់លោកបានធ្វើការបង្ក្រាបគ្រឿងញៀននៅចំណុចសំណង់មិនរៀបរយម្តុំផ្លូវរថភ្លើង R6នេះ ដោយធ្វើការឃាត់ខ្លួនបុរសម្នាក់ខាងលើ និងដកហូតបានថ្នាំញៀនចំនួន១៣កញ្ចប់ រួមទាំងឧបករណ៍សំរាប់វេចខ្ចប់ និងប្រើប្រាស់មួយចំនួនទៀតផងដែរ។
ក្រោយពីធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀននៅចំណុចខាងលើ បុរសជាមុខសញ្ញាជួញដូរគ្រឿង
ញៀនយ៉ាងសកម្មម្នាក់ខាងលើ រួមទាំងវត្ថុតាងដែលពាក់ព័ន្ធមួយចំនួនទៀត ត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត ៕
ចែករំលែកព័តមាននេះ