រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ស្រវឹងស្រាជិះម៉ូតូមួយគ្រឿងម៉ាក Zoomer-X មិនបានប្រយ័ត្នក៏ជិះទៅកៀរម៉ូតូគុបដែលជិះគ្នា២នាក់ឪកូន បណ្តាលអោយដួលរងរបួសទាំងសងខាងបានឈ្លោះប្រកែកគ្នាផ្អើលពេញផ្លូវព្រះនរោត្តម នៅចំណុចក្បែរនឹងភូមិគ្រឹះសម្តេចក្រឡាហោ ស ខេង ស្ថិតនៅក្នុងចតុមុខ ខណ្ឌដូនពេញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ។
តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានដឹកកូនប្រុសតូចម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកគុប ពណ៌ទឹកមាស មិនចាំស្លាកលេខបើកបរតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើនេះក៏ស្រាប់តែមានស្ត្រីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Zoomer-X ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 1GT- 7861បើកបរតាមបណ្តោយផ្លូវព្រះនរោត្តមទិសដៅស្របទិសគ្នា ហើយស្ត្រីម្នាក់នោះស្រវឹងស្រាបើកម៉ូតូរេចង្កូតមកកៀរម៉ូតូឪកូន២នាក់នោះ បណ្តាលអោយដួលទាំងសងខាងរបួសខាងស្ត្រីបង្កនោះបែកក្បាល ។
រីឯឪកូន២នាក់នោះរបួសស្រាលបែកមុខបែកមាត់តិចតួច និងខូចខាតម៉ូតូក៏តិចតួចដែរ ស្រាប់តែឈ្លោះប្រកែកគ្នាឡើងផ្អើលពេញតែផ្លូវ ស្មានថាវ៉ៃគ្នាហើយបានជាសមត្ថកិច្ចខណ្ឌដូនពេញគាត់ខំចុះមកអន្តរាគមន៍ ពេលភាគីទាំងសងខាងឃើញសមត្ថកិច្ចភ្លាមក៏ចុះសម្រួលគ្នាតែម្តង ។
ក្រោយពេលកើតហេតុភាគីទាំងសងខាងសុខចិត្តយកម៉ូតូទៅជួសជុលដោយខ្លួនឯងនឹងព្យាបាលរបួសដោយខ្លួនឯង ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕
ចែករំលែកព័តមាននេះ