ខេត្តមណ្ឌលគិរី ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសម្នាក់បានរងរបួសរហូតបាក់ជើងស្ទើរដាច់ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូមួយគ្រឿងបុកគ្នាជាមួយម៉ូតូកែច្នៃដឹកឈើមួយគ្រឿង ក្នុងទិសដៅបញ្ច្រាសគ្នា កាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ឃុំស្រែខ្ទុម ស្រុកកែវសីមា ។
ភាគីម្ខាងឈ្មោះ ក្រើប ផ្លូច ភេទប្រុស អាយុ៤២ឆ្នាំ ជាជនជាតិព្នង រស់នៅភូមិអូររណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាអ្នកបើកបរម៉ូតូម៉ាកវ៉េវ ពណ៍ខ្មៅ គ្មានស្លាកលេខ រងរបួសបាក់ភ្លៅខាងឆ្វេង ។
ចំណែកភាគីម្ខាងទៀតឈ្មោះ រ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ជាអ្នកបើកបរម៉ូតូកែច្នៃ បានរងរបួសធ្ងន់ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកវ៉េវ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុស្រាប់តែបុកគ្នាយ៉ាងពេញទំហឹងជាមួយម៉ូតូកែច្នៃមួយគ្រឿងមានដឹកក្តារចំនួន៧សន្លឹកយកមកធ្វើផ្ទះ ធ្វើដំណើរក្នុងទិសដៅពីកើតមកលិច បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង។
ជនរងគ្រោះទាំងត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូ និងម៉ូតូកែច្នៃខាងត្រូវបានសមត្ថកិច្ចយកមករក្សាទុកដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ