រាជធានីភ្នំពេញ ៖ អតីតអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានប្រកាស់ចង់ឃើញថ្នាក់ដឹកនាំរួមទាំងបក្សកាន់អំណាច និងបក្សប្រឆាំងពិភាក្សាគ្នារឿងការដកអនុគ្រោះពន្ធ (EBA)របស់សហគមន៍អ៊ឺរ៉ុបមកលើកម្ពុជា ។
លោកយ៉ែម បុញ្ញាឬទ្ធិ អតីតអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងតាមបណ្តាញសង្គមយ៉ាងដូច្នេះថា នយោបាយសេដ្ឋកិច្ច សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ ជាសសរស្ដម្ភមួយយ៉ាងសំខាន់ដែលត្រូវបានយកទៅបែងចែក និងជំរុញការអភិវឌ្ឍទៅលើវិស័យការពារជាតិ វិស័យអប់រំ វិស័យសុខាភិបាល និងវិស័យសង្គមផ្សេងៗទៀត… ។ លោកបញ្ជាក់ថា«អ្នកនយោបាយ ក្រុមដឹកនាំ ល្មមដល់ពេលរួមគ្នាគិតគូរពីសង្គមជាតិ សេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋ ។
សហគមន៍អឺរ៉ុប EBA ទីផ្សារចិន ជប៉ុន អាមេរិក និងទីផ្សារប្រទេសនានាទៀត គឺជាចំណុចទាក់ទាញអ្នកវិនិយោគមកបង្កើតការងារឱ្យពលរដ្ឋខ្មែរ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ជាតិយើង ។ ឱកាសយើងនៅមានក្នុងការរក្សាការអនុគ្រោះពន្ធ EBA ដើម្បីនាំទំនិញចូលទីផ្សារសហភាពអឺរ៉ុបផ្ទុយទៅវិញ បើមានការបាត់បង់វិញនោះវានឹងបង្កផលប៉ះពាល់ជាអវិជ្ជមានដោយសារការកើនឡើងនៃថ្លៃចំណាយ ដែលបណ្តាលមកពីការជាប់ពន្ធដែលធ្វើឱ្យខូចខាត ប៉ះពាល់ដល់លទ្ធភាពនៃការប្រកួតប្រជែងក្នុងការនាំចេញរបស់ប្រទេសយើង» ។
លោកបន្ថែមថា អ្វីដែលយើងអាចធ្វើបានដោយចាប់ផ្ដើមពីខ្លួនយើងក្នុងការកសាងទំនុកទុកចិត្តគ្នារវាងខ្មែរ និងខ្មែរដែលត្រូវរួមរស់ជាមួយគ្នាត្រូវគោរពផ្ដល់តម្លៃគ្នាទៅវិញទៅមកលុបបំបាត់វប្បធម៌លាបពណ៌មួលបង្កាច់ ជេរប្រមាថ ដែលនាំឱ្យមានការបែកបាក់ដល់សង្គមជាតិយើងដែលពុំមែនជាដំណោះស្រាយដ៏ល្អប្រសើរនោះឡើយ ៕
ចែករំលែកព័តមាននេះ