ខេត្តព្រះសីហនុ ៖ ក្រុមជើងខ្លាំងខាងកាច់បំបែកសោម៉ូតូកន្លងមកដែលធ្វើអោយសមត្ថកិច្ចរងគ្រោះចំនួន០២នាក់ ខណៈពេលប្រដេញតាមប្រមាញ់ចាប់ខ្លួនបានហើយ និងបានបង្ហាញមុខនា រសៀលថ្ងៃទី១៦ ឆ្នូនេះ មុននឹងបញ្ជូនទៅកាន់សាលាដំបូងខេត្ត នាព្រឹកថ្ងៃទី១៧ ធ្នូ នេះ ។
ជុំវិញករណីបង្ក្រាបបាននូវក្រុមចោរកម្មវ័យក្មេងឆ្លងដែនមកពីភ្នំពេញនេះលោកវរៈសេនីយ៍ទោ លី សុខហ៊ី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចបង្ហាញមុខនាពេលនេះ គឺជាប់ពាក់ព័ន្ធបទល្មើសចោរកម្មលួចកាច់បំបែកសោ.កម៉ូតូ កាលពីនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៧ និង៣០នាទី នៅចំណុចមុខក្លឹបឆេះជាប់កាស៊ីណូជិនប៉ី ស្ថិតនៅក្រុមទី១១ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណីចោរកម្មលួចកាច់បំបែកសោ.កម៉ូតូមួយកើតឡើង បង្កឡើងដោយជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពកាច់បំបែកសោ លួចយកម៉ូតូរបស់ជនរងគ្រោះម៉ាកស្កុបពីស៊េរីឆ្នាំ២០១៨ ពណ៌ស ស្លាកលេខភ្នំពេញ ១HD-១៤៩២ ដែលចតទុកនៅមុខក្លឹបឆេះជាប់កាស៊ីណូជិនប៉ី រួចជិះគេចខ្លួនបាត់។
បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះតាមទូរស័ព្ទកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌបានធ្វើការស្រាវជាវយ៉ាងយកចិត្តទុកដាក់រហូតឃាត់ខ្លួនបានជនសង្ស័យ និងយកបានម៉ូតូដែលគេលួចយកបាននៅមុខកាស៊ីណូនៅវេលាម៉ោង១៩និង៥០នាទី ។
ជនសង្ស័យឈ្មោះ នុត ប៊ុនថន ហៅខ្មៅ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ (ធ្លាប់ជាប់ពន្ធនាគារ) ជាមុខសញ្ញាសកម្មលួចឆក់ ស្នាក់នៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។ ចំពោះជនរងគ្រោះមិនទាន់មកដាក់ពាក្យបណ្តឹងនៅឡើយទេ ។ វត្ថុតាងចាប់យកបាន សោច្នៃសម្រាប់កាច់បំបែកសោម៉ូតូ០២ សោលេខ៨ចំនួន០១ សោអូរតូចំនួន០១ ក្បាលសោលេខ៨ចំនួន០១ ម៉ូតូ០១គ្រឿងម៉ាកស្កុបពី ស៊េរីឆ្នាំ២០១៨ (ផលនៃអំពើទុច្ចរិត ) ។ ចំណែកម៉ូតូ០១គ្រឿង ម៉ាក PCX ស៊េរីឆ្នាំ២០១១ ពណ៌ស គ្មានស្លាកលេខ ( ម៉ូតូជិះធ្វើសកម្មភាព ) ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានអោយដឹងថា រូបគេបានជិះម៉ូតូរបស់គេម៉ាក PCX ស៊េរីឆ្នាំ២០១១ ពណ៌ស គ្មានស្លាកលេខ ទៅចតទុកចោលនៅផ្លូវកែងសាលាកម្មករ បន្ទាប់មកគេបានចូលទៅកាច់បំបែកសោរលួចយកម៉ូតូរបស់ជនរងគ្រោះ ដែលចតទុកនៅមុខក្លឹបឆេះជាប់កាស៊ីណូជិនប៉ី ពេលយកម៉ូតូបានហើយ ជនសង្ស័យរូបនេះបានជិះគេចខ្លួន រួចកាច់ស្លាកលេខម៉ូតូ ទុកក្រោមកែប ក្នុងខណៈពេលដែលគេកំពុងជិះម៉ូតូគេចខ្លួនក៏ត្រូវសមត្ថកិច្ចយើងស្ទាក់ចាប់បានតែម្តង ។ ចំពោះករណីនេះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី១៧ឆ្នូនេះ ។
សូមបញ្ចាក់ផងដែរថា កន្លងមកជនសង្ស័យនេះក៏ធ្លាប់កាច់បំបែកសោកម៉ូតូជាញឹកញ៉ាប់នៅក្នុងក្រុងព្រះសីហនុ និងបានធ្វើអោយសមត្ថកិច្ចចំនួន០២នាក់ បានរងរបួសប្រេះឆ្អឹងដៃដោយសារបានដួលម៉ូតូ ខណៈពេលប្រដេញតាមប្រមាញ់ជនសង្ស័យ ៕
ចែករំលែកព័តមាននេះ