រាជធានីភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក អ៊ីម វណ្ណៈ នៅរសៀលថ្ងៃទី១១ ធ្នូ ឆ្នាំ២០១៨ បានប្រកាសសាលក្រមសម្រេចកែប្រៃបទចោទលើប្រធានសហជីពចំនួន៥នាក់ និងប្រធានសមាគមម្នាក់ ដោយផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់២ឆ្នាំ៦ខែ តែទោសនេះត្រូវព្យួរ និងបង្គាប់អោយរួមគ្នាសងសំណងទៅដើមបណ្ដឹងចំនួន២នាក់ ចំនួន៣៥លានរៀល។
សាលក្រមនេះប្រកាសកំបាំងមុខជនជាប់ចោទ តែចាត់ទុកចំពោះមុខបើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។ ជនជាប់ចោទទាំង៦នាក់រួមមាន១- លោក អាត់ ធន់ ប្រធានសហជីព ស៊ីកាឌូ ។ ២- លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្រ ។ ៣- លោក ជា មុន្នី ។ ៤- លោកស្រី ម៉ម យឹម ។ ៥- លោកស្រីយ៉ាង សោភ័ណ ។ ៦- លោក ប៉ាវ ស៊ីណា ។
លោកចៅក្រម អ៊ឹម វណ្ណៈ ជាចៅក្រមជំនុំជំរះលោក លី សុផាណាជាតំណាងអយ្យការបានផ្ដើមចោទប្រកាន់មេសហជីព និងមេសមាគមទាំង៦នាក់ ពីបទ១ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ២-បទធ្វើអោយខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ៣- គំរាមកំហែងថា នឹងធ្វើអោយមានការខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយ បទប្រើមធ្យោបាយ ដើម្បីជាឧបសគ្គដល់ចរាចរសាធារណៈ ។
ជនជាប់ចោទប្រព្រឹត្តនៅមុខចំណុចសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌធោធ៍សែនជ័យ កាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៣ ដល់ថ្ងៃទី០៣ មករា ឆ្នាំ២០១៤ បទល្មើសដែលមានចែងអោយផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២១៨ មាត្រា៤១១ មាត្រា៤២៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៧៨នៃច្បាប់ស្ដីពីចរាចរផ្លូវគោក ។ សវនាការនេះដោយសារតែគ្មានវត្តមានជនត្រូវចោទតុលាការបានត្រឹមតែសាកសួរមន្ត្រីនគរបាល២នាក់ ដែលរងរបួសក្នុងហេតុការនៃអំពើហិង្សានោះ ។
ក្នុងនោះមានម្នាក់ដកពាក្យឈប់ប្ដឹង និងម្នាក់ទៀតមានរបួសខ្វាក់ភ្នែកប្ដឹងទាមទារសំណង១ម៉ឺនដុល្លារ និងការអានចម្លើយពួកជនជាប់ចោទនៅតំណាក់កាលចៅក្រមស៊ើបសួរប៉ុណ្ណោះ ដែលចម្លើយពួកគេម្នាក់ៗសុទ្ធតែបដិសេធថា មិនបាននៅកន្លែងកើតហេតុ ឬដឹកនាំការធ្វើបាតុកម្មនោះទេ ។
ប្រភពពីតុលាការថា ចំណែកសមាគមរោងចក្រកាត់ដេរកម្ពុជាហៅកាត់ជីម៉ាក់ ដែលតំណាងអោយរោងចក្រកាត់ដែរជាង២០០រងគ្រោះ ដោយរលកអំពើហិង្សាបានសម្រេចដកពាក្យឈប់ប្ដឹងមេៗសហជីព និងសមាគមគ្រូបង្រៀនរបស់លោក រ៉ុង ឈុន ដែលពាក្យឈប់ប្ដឹងទើបតែដាក់ចូលតុលាការ នៅថ្ងៃទី០៥ ធ្នូ ឆ្នាំ២០១៨នេះប៉ុណ្ណោះ ។
សូមបញ្ជាក់ថា នៅក្នុងសវនាការនេះតុលាការបានចាក់ស្លាយវីដេអូរពីសកម្មភាពបង្កហិង្សាដោយក្រុមកម្មករនៅលើផ្លូវវេងស្រេងយ៉ាងពុះកញ្ជ្រោលនៅក្នុងរោងចក្រកាត់ដេរនានា ។ ស្ដែ ងពីទង្វើហិង្សានេះតំណាងអយ្យការបានធ្វើសេចក្ដីសន្និដ្ឋានរក្សាទុកបទចោទអោយនៅជាធរមាន និងស្នើអោយចៅក្រមសម្រេចតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ