ទីក្រុងសេអ៊ូល ៖ យោងតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវ Hyundai Research Institute (HRI) បានឲ្យដឹងថា សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងបច្ចុប្បន្នកំពុងតែធ្លាក់ចុះដែលអាចដល់កម្រិតទាបជាងគេនៅឆ្នាំ២០១៩ខាងមុខនេះ ។
ការវាយតម្លៃបង្ហាញថា បន្ទាប់ពីកើនដល់កម្រិតខ្ពស់ជាងគេនៅខែឧសភាឆ្នាំ២០១៧មក សេដ្ឋកិច្ចធំជាងគេលេខ៤របស់អាស៊ីមួយនេះ បានធ្លាក់ចុះរហូតដល់ត្រីមាសទី៤នាឆ្នាំនេះ ។ យ៉ាងនេះក្ដី វិទ្យាស្ថានអះអាងថា ៖« សេដ្ឋកិច្ចប្រទេសនេះអាចនឹងឈប់ធ្លាក់នៅឆមាសទី១ ឬដើមឆមាសទី២នៃឆ្នាំ២០១៩វិញ»។
វិទ្យាស្ថានបញ្ជាក់ថា ការលូតលាស់នៃការនាំចេញដ៏រឹងមាំបានជួយជំរុញដល់សេដ្ឋកិច្ច បើទោះជាការចំណាយក្នុងស្រុកបានធ្លាក់ចុះពិតមែនក្តី ។ ពួកគេបានបន្តថា នៅត្រីមាសទី៣នាឆ្នាំនេះ សេដ្ឋកិច្ចលូតលាស់បាន០,៦% បើធៀបនឹងត្រីមាសមុន ដោយការចំណាយឯកជនបានកាត់បន្ថយអត្រាលូតលាស់ដល់ទៅ១,៣% ។ ពួកគេនិយាយទៀតថា ការនាំចេញចូលរួមដល់ការលូតលាស់បានកើនឡើង១,៩%ផងដែរ ។
ការប្រទះឃើញថ្មីៗនេះបានបង្ហាញថា ព្រោះតែការវិនិយោគដ៏ច្រើនលើរចនាសម្ព័ន្ធដែលទាក់ទិននឹងឧបករណ៍ចម្លងអគ្គិសនី (Semiconductor)បានធ្វើឲ្យការវិនិយោគក្នុងឆ្នាំ២០១៨បែរជាធ្លាក់ចុះវិញ ដោយមានវិស័យសំណង់ចូលរួមទាញទម្លាក់ច្រើនជាងគេ ។
HRI បានបន្តថា កំណើនអត្រាការប្រាក់ ទីផ្សារការងារមិនល្អ និងការធ្លាក់ចុះនៃជំនឿចិត្តរបស់អតិថិជន អាចធ្វើឲ្យមានហានិភ័យកាន់តែច្រើនឡើងនាពេលអនាគត ។ ទាក់ទិននឹងការនាំចេញវិញ ពួកគេគិតថានឹងមានឧបសគ្គកាន់តែច្រើនផងដែរ ។
ក្នុងអំឡុងពីខែមករាដល់ខែកញ្ញា ការនាំចេញរបស់ប្រទេសនេះលូតលាស់បាន៤,៧% បើធៀបនឹងឆ្នាំមុន ប៉ុន្តែប្រសិនបើមិនរាប់បញ្ចូល Semiconductor ទេ នោះចំនួននោះធ្លាក់ចុះ ១,៧%ទៅវិញ ៕
ចែករំលែកព័តមាននេះ