រាជធានីភ្នំពេញ ៖ យុវជន៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសុគីនិចនិងម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា
ឌ្រីមបើកលឿនមិនបានប្រយ័ត្នក៏ជ្រុលទៅបុករ៉ឺម៉កម៉ូតូកង់បីចំពីមុខ បណ្តាលអោយដួលរងរបួសធ្ងន់ម្នាក់ ចំណែក៣នាក់ទៀតរងរបួសស្រាល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ១៩កែងផ្លូវ១១៨ នៅចំណុចក្បែរនឹងសាលាខណ្ឌដូនពេញ ស្ថិតនៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។
សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ជាអ្នកបើករ៉ឺម៉កម៉ូតូកង់បីធ្វើដំណើរមកតាមបណ្តោយផ្លូវ១១៨ ក្នុងទិសដៅពីលិចទៅកើត លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើនេះគាត់បើកឆ្លងផ្លូវបំបែកជាបួនទៅត្រង់ ។
ប្រភពដដែលបានបន្តថា ភ្លាមៗនោះមានម៉ូតូ២គ្រឿង ក្នុងនោះមួយគ្រឿងម៉ាកស៊ុយសុគីនិចពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ តាកែវ ១Q-២២៧២ និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ ១FU-៦២៣៥ បើកបរតាមបណ្តោយផ្លូវ១៩ ក្នុងទិសដៅពីត្បូងទៅជើងបើកម៉ូតូប្រដេញគ្នាក្នុងល្បឿនយ៉ាងលឿន ។
លុះពេលដល់ផ្លូវបំបែកជា៤ចាប់ហ្វ្រាំងមិនទាន់ ស្រាប់តែម៉ូតូម៉ាកស៊ុយសុគីនិចបើកបុកក្បាលរ៉ឺម៉កម៉ូតូកង់បីចំពីមុខពេញទំហឹង បណ្តាលអោយក្រឡាប់រ៉ឺម៉កម៉ូតូកង់បីផ្ងារជើង រឺឯម៉ូតូហុងដាឌ្រីមវិញក៏បុកគូទរ៉ឺម៉កម៉ូតូកង់បីដួលខ្លួនឯង ធ្វើអោយអ្នកបើកបរម៉ូតូរងរបួសបែកមុខបែកមាត់ និង២នាក់ទៀតរងរបួសស្រាល ចំណែកអ្នកបើកបររ៉ឺម៉កម៉ូតូកង់បីវិញរងរបួសចំជើងម្ខាងដើរអត់រួចត្រូវបានសមត្ថកិច្ចដឹកតាមរថយន្តសង្គ្រោះរបស់គ្លីនិកឯកជន យកទៅព្យាបាល។
ក្រោយពេលកើតហេតុ ម៉ូតូទាំង២គ្រឿងនិងរ៉ឺម៉កម៉ូតូកង់បីត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕
ចែករំលែកព័តមាននេះ