ខេត្តកំពង់ស្ពឺ ៖ រថយន្តជាច្រើនគ្រឿងដែលកំពុងឈប់ចាំភ្លើងស្តុប ត្រូវបានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បោះពួយយ៉ាងលឿនទៅបុកពីក្រោយបណ្តាលឲ្យរុលទៅមុខ ហើយបុករបងមន្ទីរសាធារណៈការ អស់២ផ្ទាំង តែសំណាងល្អមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពីវេលាម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ៤៦-៤៧ ត្រង់ចំណុចភ្លើងស្តុប ភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ប្រភពពីសមត្ថកិច្ចនគរបាលចរាចរបានឲ្យដឹងថា រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-2194 មិនស្គាល់ឈ្មោះ និងអាសយដ្ឋាន អ្នកបើកបរ បើកបរពីទិសខាងកើតទៅទិសខាងលិច។ប្រភពបន្តថា មុនពេលើកើតហេតុរថយន្តជាច្រើនគ្រឿងបានឈប់រង់ចាំភ្លើងស្តុបស្រាប់តែរថយន្តបង្កដែលបើកយ៉ាងលឿនបានមកបុករថយន្តដែលឈប់ចាំភ្លើងពណ៌ខៀវពីក្រោយរថយន្ដចំនួន០៣គ្រឿង។
ទី១.រថយន្ដម៉ាក PAJERO ពណ៌ទឹកប្រាក់-ក្រហមពាក់ស្លាកលេខ ភ្នំពេញ 2E-6184 បើកបរដោយឈ្មោះ ឆែម ពួយហុង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិតាមាឃ ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ទី២.រថយន្ដម៉ាក HIGH LANDER ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AN-2551 បើកបរដោយឈ្មោះ ធី សុភ័ក្រ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ទី៣.រថយន្ដម៉ាក TRITON ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-5042 អ្នកបើកបរឈ្មោះ PHATNUAN PUTIHIPONG ភេទប្រុស អាយុ៣៧ឆ្នាំ(ជនជាតិថៃ) ស្នាក់នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្រួល ខេត្តកណ្ដាល ដែលរថយន្ដទាំងបីកំពុងតែឈប់រង់ចាំភ្លើងស្តុប។
ហេតុការណ៍នេះរថយន្ដម៉ាក PAJERO បានជ្រុលទៅបុករបងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បណ្ដាលឲ្យខូចខាតបាក់របង០២ផ្ទាំង តែសំណាល្អមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។ គ្រោះថ្នាក់នេះបណ្តាលឲ្យខូចខាតរថយន្ដ៤គ្រឿង ធ្ងន់១គ្រឿង។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានធ្វើ កំណត់ហេតុវាស់វែងនាំយកវត្ថុតាងទាំង៤គ្រឿងរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករង់ចាំស្រាវជ្រាវរកម្ចាស់រថយន្តបង្កឲ្យចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕
ចែករំលែកព័តមាននេះ