រាជធានីភ្នំពេញ ៖ នៅព្រឹកព្រលឹមថ្ងៃចន្ទ ទី១៩ វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសបដិសេធជាថ្មីថា ប្រទេសកម្ពុជាមិនបានអនុញ្ញាតឲ្យមានកងទ័ពបរទេសណាបោះទីតាំងឈរជើងនោះទេ ។
សម្តេចបានថ្លែងបដិសេធម្តងទៀត នាពេលបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ។ សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា«កងទ័ពបរទេស ដែលចូលមកក្នុងប្រទេសកម្ពុជាពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣ គឺជាប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ។ ឥឡូវនេះយើងមានតែកងទ័ពរបស់យើងដែលបញ្ជូនចេញទៅក្រៅប្រទេសតែប៉ុណ្ណោះ ។ ឯនៅកម្ពុជាខ្ញុំទទួលស្គាល់ថា វាមានកងទ័ពបរទេស ។ ប៉ុន្តែអ្នកទាំងនោះ គឺជាអនុព័ន្ធយោធានៅតាមស្ថានទូតនានាតែប៉ុណ្ណោះ ។ គ្មានកងទ័ពបរទេស សម្រាប់ការប្រយុទ្ធនោះទេ» ។
មុនការថ្លែងការណ៍បដិសេធរឿងចោទប្រកាន់ពីសារព័ត៌មានបរទេសដែលបានផ្សព្វផ្សាយថាមានការបោះទីតាំងមូលដ្ឋានទ័ពចិនលើទឹកដីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងសរសេរលិខិតបញ្ជាក់ពីរឿងនេះជូនអនុប្រធានាធិបតីអាមេរិក លោក Mike Pence ពីជំហររបស់កម្ពុជាដែលមិនអនុញ្ញាតឲ្យបរទេសណាមួយមកដាក់ទ័ពជើងទឹក ជើងគោក ឬជើងអាកាស នៅលើទឹកដីកម្ពុជាជាដាច់ខាត ។សម្តេចតេជោ នាយរកដ្ឋមន្ត្រីកម្ពុជាបានបន្ថែមទៀតថា មានកងទ័ពបរទេសខ្លះដែលមកធ្វើជាជំនាញការយោធាដោះមីនយោធាចារ្យដោះមីន ដែលភាគច្រើនដូចជា មកពីឥណ្ឌាក៏មាន បារាំង អាមេរិក ក៏មានដូចគ្នា ហើយយើងទទួលស្គាល់ថា សព្វថ្ងៃនេះមានសិក្ខាកាមបរទេស រាប់ទាំងមកពីប្រទេសកូឡុំប៊ី ដែលនៅកៀកនឹងអាមេរិកឯណោះមករៀនសូត្រនៅកម្ពុជានេះ សម្រាប់វិស័យដោះមីន ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា «ខ្ញុំសូមបញ្ជាក់សាជាថ្មី កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសមិនថា ជើងទឹក ជើងគោក ឬជើងអាកាសនោះទេ ។
យើងទាត់ចោលនូវព័ត៌មានទាំងឡាយដែលបំភ្លៃនូវការពិត ។ យើងបញ្ជាក់ជាផ្លូវការនៅថ្ងៃនេះ ហើយខ្ញុំនឹងធ្វើលិខិតជូនទៅអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence ដើម្បីឲ្យគាត់ច្បាស់អំពីបញ្ហានេះ ហើយស្អែកខ្ញុំនឹងជួបទូតសហរដ្ឋអាមេរិក William Heidt ដែលគាត់លា ខ្ញុំនឹងបញ្ជាក់ប្រាប់គាត់ពីរបីម៉ាត់បន្ថែម ។ តែយល់ល្អគួរកុំនិយាយល្អជាង ព្រោះខ្ញុំមិនចង់ទាស់គ្នា នៅពេលដែលបែកគ្នាទេ ។ ខ្ញុំមិនចង់យកការសន្ទនាណាមួយដែលវាមានភាពជូរចត់នៅពេលដែលចាកចេញនោះទេ ។ ដូច្នេះសង្ឃឹមថា លោក Heidt ដែលគាត់ចេះខ្មែរដែរនោះអាចនឹងមើលនូវសេចក្តីថ្លែងការណ៍របស់ខ្ញុំនៅពេលនេះ»។
សូមរម្លឹកថាថ្មីៗកន្លងទៅនេះមានសារព័ត៌មានបរទេសជាភាសាអង់គ្លេសមួយមានឈ្មោះថា Asia Times បានសរសេរផ្សព្វផ្សាយនូវអត្ថបទមួយដែលមានចំណងជើងថា «កម្ពុជាស្ថិតនៅចំកណ្តាលនៃសង្គ្រាមត្រជាក់ថ្មីមួយ» ដែលខ្លឹមសារសំខាន់នៃអត្ថបទនេះបានសរសេរចោទប្រកាន់ថា ចិនបានបោះទីតាំងមួលដ្ឋានទ័ពនៅទឹកដីខេត្តកោះកុងដែលផ្នែកមួយនៃដី សម្បទានសេដ្ឋកិច្ចឈ្មោះ Union Development Group (UDG) របស់ចិនដែលអភិវឌ្ឍគម្រោងទេសចរណ៍ខ្នាតធំឈ្មោះ «តារាសាគរ» នៅខេត្តកោះកុង៕
ចែករំលែកព័តមាននេះ