រាជធានីភ្នំពេញ ៖ ជនជាតិចិនបានបើកបររថយន្តមួយគ្រឿងឆ្លងផ្លូវក្នុងល្បឿនលឿនបានបុកគ្នាពេញទំហឹងជាមួយរ៉ឺម៉កម៉ូតូមួយគ្រឿងមានដឹកសាច់គោបើកបរក្នុងល្បឿនលឿនដែលនោះ បណ្តាលឲ្យខ្ទាតសាច់គោពេញផ្លូវ ហើយអ្នកបើកបរ៉ឺម៉កម៉ូតូបានរងរបួសធ្ងន់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីទៀបភ្លឺថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្សីកែងផ្លូវ១១០ សង្កាត់ផ្សាររដេប៉ូ៣ ខណ្ឌទួលគោក។
អ្នកបើកបររ៉ឺម៉កម៉ូតូមានដឹកសាច់គោឈ្មោះសឹម មីស៊ាំ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានរងរបួសធ្ងន់ ។ ចំណែករថយន្តម៉ាកធុនដ្រា ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ ១AU-៦២៣១ បានរងការខូចខាតក្រពឹតទ្វារចំហៀងខាងឆ្វេងស្ទើរទាំងស្រុង បើកបរដោយជនជាតិចិនម្នាក់ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើបើកបរតាមបណ្តោយផ្លូវលេខ១១០ ក្នុងទិសដៅពីជើងត្បូងឆ្លងផ្លូវសហព័ន្ធរុស្សីក្នុងល្បឿនយ៉ាងលឿនដោយមិនប្រយត្ន័ ស្របពេលនោះក៏មានរ៉ឺម៉កម៉ូតូដឹកសាច់គោចេញពីភូមិដើមគរ សង្កាត់ជ្រោយចង្វារ ដើម្បីយកទៅដាក់ឲ្យមួយនៅផ្សារពោធិ៍ចិនតុង ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានបានបន្តទៀតថា ម៉ូតូខាងលើបានបើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនរួចជ្រុលទៅបុករថយន្តពេញទំហឹង បណ្តាលឱ្យខ្ទាតសាច់គោពេញផ្លូវ និងធ្វើឲ្យអ្នកបើករ៉ឺម៉កម៉ូតូរងរបួសធ្ងន់ធ្ងរត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជន រីឯជនជាតិចិនដែលជាអ្នកបើកបររថយន្តខាងលើបានរត់គេចខ្លួនបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុនឹងទាក់ទងសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង រួចយករថយន្ត និងរ៉ឺម៉កម៉ូតូមានដឹកសាច់គោទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយទៅតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ