រាជធានីភ្នំពេញ ៖ ជាសារនយោបាយយ៉ាងមុតស្រួចមួយរបស់ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសជាង៣០ឆ្នាំមកនេះ បានផ្ញើទៅកាន់អតីតមេបក្សប្រឆាំងគឺលោក សម រង្ស៊ី ដែលចង់ឲ្យមានការដោះលែងលោក កឹម សុខា ដែលកំពុងជាប់ឃុំក្នុងផ្ទះថា ១.០០០ឆ្នាំទៀតក៏គ្មានទោសសម្រាប់លើកលែងដែរ ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមនៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ជាសារមួយប្រាប់ទៅលោក សម រង្ស៊ី ដែលអះអាងថា នឹងមានការដោះលែងលោក កឹម សុខា ចន្លោះពីខែធ្នូ ឆ្នាំ២០១៨ រហូតដល់ដើមខែមីនាឆ្នាំ២០១៩ យ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំបានឃើញវីដេអូមួយដែលគេបានបង្ហោះតាម YouTube អំពីជនពាល សម រង្សុី ដែលបានសរសេរក្នុងហ្វេសប៊ុក បបួលខ្ញុំភ្នាល់អំពីការដោះលែង កឹម សុខា» ។
អមដោយវីដេអូឃ្លីបដែលមានចំណងជើង«សម រង្ស៊ី ត្រូវរៀនស្តាប់សម្តីរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យច្បាស់»នោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបកស្រាយក្នុងវីដេអូឃ្លីបនេះ គឺបានបង្ហាញនូវហេតុ ផលត្រឹមត្រូវខាងផ្លូវច្បាប់ ដែលខ្ញុំបាននិយាយទាក់ទងជាមួយដែនសមត្ថកិច្ចរបស់នាយករដ្ឋមន្ត្រី ដែលគ្មានចំណុចណាមួយបំពានដល់សមត្ថកិច្ចរបស់តុលាការទាល់តែសោះ ។ នាយករដ្ឋមន្ត្រី ពុំមានសិទ្ធិស្នើសុំលើកលែងទោសឲ្យអ្នកដែលមិនទាន់បានកាត់ទោស ឬសាលក្រមមិនទាន់ចូលជាស្ថាពរនោះទេ(ទោះសេះដុះស្នែងក៏មិនកើតឡើងទេ) ។
សម្តេចតេជោគូសបញ្ជាក់ថា «យោងតាមច្បាប់ជាធរមាន ទោះ១០០០ឆ្នាំទៀត ក៏មិនអាចកើតបានដែរសម្រាប់ការលើកលែងទោសឲ្យអ្នកដែលមិនមានទោស ឬតុលាការមិនទាន់កាត់ឲ្យមានទោស ឬកាត់ហើយ តែសាលក្រមមិនទាន់ចូលជាស្ថាពរ កុំថាឡើយត្រឹមសេះដុះស្នែង ៕
ចែករំលែកព័តមាននេះ