ខេត្តកោះកុង ៖ កាលពីរសៀលទី៣០ តុលា មានតំណាងប្រជាពលរដ្ឋចំនួន១៧គ្រួសារ រស់នៅភូមិភ្នំស្រឡៅ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល បានចូលមកដាក់ពាក្យបណ្តឹងនៅសាលាខេត្តដោយបានចោទចំទៅលើឈ្មោះ ជា នាង ប្រធានការិយាល័យភូមិបាលស្រុកថា បានផ្អឹបឯកសារសុំផ្ទេរសិទ្ធិលក់ដីរបស់ពួកគាត់ជិត៤ខែហើយ មិនដឹងថាមូលហេតុអី បានជាលោកប្រធានរូបនេះមិនព្រមស៊ីញ៉េយល់ព្រមសោះ ។
អ្នកតវ៉ាបានប្រាប់កោះសន្តិភាពទៀតថា ប៉ុន្តែនៅកន្លែងខ្លះគាត់ស៊ីញ៉េលឿនណាស់ដែលបញ្ជាក់ថា ខ្លះស៊ីញ៉េឲ្យ ខ្លះទៀតអត់ស៊ីញ៉េទេ ផ្អឹបទុកចោលរាប់ខែ ។ ដោយសារតែទង្វើមិនប្រក្រតីនេះហើយ ទើបអ្នកភូមិលើកគ្នាមកដល់សាលាខេត្តកោះកុង ដើម្បីសុំឲ្យអភិបាលខេត្តជួយអន្តរាគមន៍កុំឲ្យលោក ជា នាង ប្រព្រឹត្តបែបនេះទៀត ។
យោងតាមលិខិតសុំជួយអន្តរាគមន៍ដែលដាក់ចូលសាលាខេត្តចែងថា យើងខ្ញុំជាប្រជាពលរដ្ឋចំនួន១៧គ្រួសារ ដូចមានក្នុងតារាងរាយនាម និងស្នាមមេដៃភ្ជាប់មកជាមួយ ។ សព្វថ្ងៃរស់នៅក្នុងភូមិភ្នំស្រឡៅ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង សូមលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង សូមជួយអន្តរាគមន៍ចំពោះការស្នើសុំផ្ទេរសិទ្ធិលក់ដីស្រែដែលត្រូវបានលោក ជា នាង ប្រធានការិយាល័យភូមិបាលស្រុកស្រែអំបិល បង្កកទុកអស់រយៈពេលជិត៤ខែមកហើយ ។
បន្ទាប់ពីកោះសន្តិភាពបានចុះផ្សាយមួយឈុតកន្លងមក តាមខ្លឹមសារពាក្យបណ្តឹងរបស់ប្រជា ពលរដ្ឋ១៧គ្រួសារ រស់នៅភូមិភ្នំស្រឡៅ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិលចូលមកសាលាខេត្តកោះកុង ចោទលោក ជា នាង ប្រធានការិយាល័យភូមិបាលស្រុកស្រែអំបិល ថាបានផ្អឹបឯកសារសុំលក់ដីស្រែរបស់ពួកគាត់ចំនួន៣៥ហិកតា អស់ជាច្រើនខែរួចមក រឿងអាស្រូវជាច្រើនរបស់លោក ជា នាង ត្រូវបានផ្ទុះឡើងពីគ្រប់មជ្ឈដ្ឋានទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ ក៏ដូចជាស្ថាប័នពាក់ព័ន្ឋនានាជាច្រើន ។
ប៉ុន្តែដោយឡែក មានតែលោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តម្នាក់គត់ ដែលអត់បានដឹងរឿងអាស្រូវរបស់មន្ត្រីក្រោមឱវាទរូបនេះ ។
រសៀលថ្ងៃទី១ ខែវិច្ឆិកា លោក រស់ វីរ៉ាវុឌ្ព្យ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទជំនួសលោក ជា នាង ថា ហេតុដែលផ្អឹបឯកសារទុកច្រើនខែនោះមកពីគាត់មិនហ៊ានសំរេច ហើយឥឡូវរូបគាត់បាននឹងកំពុងបញ្ជាឲ្យលោក ជា នាង ធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរអំពីមូលហេតុផ្អឹបឯកសារនោះបញ្ជូនមក ដើម្បីរាយការណ៍ជូនអាជ្ញាធរខេត្តជាបន្ទាន់ ។
ចំណែកពលរដ្ឋម្ចាស់ដីជាច្រើននាក់បានទំលាយរឿងអាស្រូវរបស់លោក ជា នាង ថាក្រោយពីពួកគាត់បានដាក់ពាក្យសុំឲ្យជំនាញភូមិបាល ចុះអង្កេតវាស់វែងតាមនីតិវិធីបានជាង១ខែគឺនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ លោក ជា នាង ក៏បានចាត់មន្ត្រីរបស់ខ្លួនចុះទៅអង្កេតវាស់វែងដីស្រែរបស់ពលរដ្ឋទាំង៣៥ហិកតានោះ ដោយមានការចូលរួមពីមន្ត្រីបរិស្ថាននិងមន្ត្រីអាជ្ញាធរភូមិឃុំទៀតផង ។ ប៉ុន្តែសុំណុំរឿងនេះត្រូវបានលោក ជា នាង យកមកផ្អឹបចោលនិងគេចវេសមិនព្រមឲ្យពលរដ្ឋមកជួបរហូត ។
លុះដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ តំណាងប្រជាពលរដ្ឋទាំ១៧គ្រួសារ ក៏បានព្យាយាមមកអង្គុយចាំជួបលោក ជា នាង ក្បែរប៊ុយរ៉ូគាត់ពេញមួយថ្ងៃ រហូតដល់ជិតយប់ទើបបានជួប តែត្រូវលោក ជា នាង គំរាមពួកគាត់ថាដីនោះមិនអាចលក់បានទេប្រយ័ត្នជាប់គុក បើយកតែ៦ហិកតាបាន ។ ពេលនោះពលរដ្ឋសួរថា ចុះដីពួកគាត់២៩ហិកតាទៀតយកទៅណា តើពាក់ព័ន្ឋបញ្ហាអីប្រាប់ពួកគាត់ឲ្យដឹងផង ។ លោក ជា នាង មិនឆ្លើយ រួចក៏ប្រគល់ឯកសារនោះមកឲ្យពលរដ្ឋ ហើយដើរចេញឡើងឡានទៅបាត់ ។
តំណាងពលរដ្ឋបានរៀបរាប់ថា ដីស្រែពួកគាត់កាន់កាប់រាប់ឆ្នាំ លោក ជា នាង មិនស៊ីញ៉េឲ្យលក់ទេ តែបើដីព្រៃកោងកាងនៅក្នុងឃុំតែមួយ លោក ជា នាង ស៊ីញ៉េលឿនណាស់ ជាក់ស្តែងដីព្រៃកោងកាងចំនួន១៧ហិកតា ស្ថិតនៅក្នុងភូមិនេសាទ ឃុំជ្រោយស្វាយតែមួយ ដោយមានឈ្មោះ ថន រុន ជាអ្នករត់ការលក់ឲ្យថៅកែភេសជ្ជៈបាកាស ត្រូវបានលោក ជា នាង ស៊ីញ៉េខ្វោក ។
មន្ត្រីជលផលមួយរូបសុំមិនចេញឈ្មោះបានបង្ហើបថា ដីព្រៃកោងកាង១៧ហិកតាខាងលើនេះ មានមន្ត្រីភូមិបាលនិងលោកមេឃុំបានឃុបឃិតគ្នាលក់យកលុយរាប់សែន ហើយកាប់បំផ្លាញធនធានធម្មជាតិ ដែលកំពុងលំអរឆ្នេរសមុទ្រដ៏ស្រស់ស្អាតលើពិភពលោករបស់យើងចោលអស់រលីង ៕
ចែករំលែកព័តមាននេះ