ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ថា ក្រុមប្រឆាំង​ជា​​សត្វឆ្កែ​កំពុង​ព្រុស​មនុស្ស​ពី​ខាងក្រៅ​ប្រទេស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបី​មិន​បាន​បញ្ចេញ​ឈ្មោះ​ក្តី អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​ប្រៀបធៀប​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស គឺជា​សត្វ​ឆ្កែ​ដែល​កំពុង​ព្រុសមនុស្ស តែ​មនុស្ស​មិន​ព្រុស​វិញ​ទេ ។…

រាជធានី​ភ្នំពេញ ៖ ទោះបី​មិន​បាន​បញ្ចេញ​ឈ្មោះ​ក្តី អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​ប្រៀបធៀប​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស គឺជា​សត្វ​ឆ្កែ​ដែល​កំពុង​ព្រុសមនុស្ស តែ​មនុស្ស​មិន​ព្រុស​វិញ​ទេ ។

លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​២ វិច្ឆិកា ឆ្នាំ​២០១៨​ថា ពេល​ដែល​ឆ្កែ​ព្រុស​យើង​ជា​មនុស្ស​មិន​ព្រុស​តប​ទៅ​ឆ្កែ​វិញ​ទេ ។ ព្រោះថា នៅ​ពល​ដែល​សភាពការណ៍​នយោបាយ​កម្ពុជា​បាន និង​កំពុង​រីក​ចម្រើន​ទៅ​មុខ​មាន​ពពួក​ឆ្កែ​ទាំង​ក្នុងស្រុក​ទាំង​ក្រៅ​ស្រុក នាំ​គ្នា​បំផុស​បញ្ហា​ផ្សេង​ៗ​ជា​ចំណុច​អវិជ្ជមាន ដើម្បី​បំភិតបំភ័យ និង​បំភាន់​មតិ​ប្រជាជន​កម្ពុជា ។ លោក​បន្ត​ថា នៅ​ពេល​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុងស្រុក​គេ​ថា ចាំ​ដល់​ទៅ​ក្រៅប្រទេស​អន្តរជាតិ​នឹង​ដាក់​គម្នាប​បង្ខំ​ឲ្យ​ស្តា​ឡើង​វិញ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ហើយ​នៅ​ពេល​ប្រមុខ​រាជរដ្ឋាភិបាល​នៅ​ក្រៅប្រទេស​គេ​ថា មានការ​គាបសង្កត់ ហើយ​ដល់​ចូល​ប្រទេស​វិញ​នឹង​មានការ​ចរចា​រក​ដំណោះស្រាយ​ដូច​ពួក​គេ​ចង់​បានជា​មិន​ខាន ។

លោក​បញ្ជាក់​ថា «​ទោះ​ពួក​គេ​និយាយ​ថា យ៉ាងណា​ក៏​សភាពការណ៍​នៅ​តែ​វិវត្តន៍​ទៅ​មុខជា​ធម្មតា​ដដែល ស្ថិរភាព​នយោបាយ​នៅ​តែ​មាន​ជីវភាព​រស់នៅ​របស់​ប្រជាជន នៅ​តែ​រីក​ចម្រើន​ទៅ​មុខ ប្រជាជន​សប្បាយ​រីករាយ​នឹង​សន្តិភាព ស្ថិរភាព​នយោបាយ​គិតតែ​សប្ប​យ រីករាយ​នឹង​ធ្វើបុណ្យ​ទាន​តាម​ទី​វត្ត​អារាម​តាម​ភូមិ ឃុំ មិន​ខ្វល់​នឹង​អាណា​ជាប់គុក អាណា​រត់ចោលស្រុក និងអាណា​ធ្វើ​បាតុកម្ម​ឡើយ​» ។ លោក​បន្ថែម​ថា ដូច្នេះ​ការ​និយាយ​បំផុស​ពី​បញ្ហា​ផ្សេង​ៗ​ផ្ទុយ​ពី​ការ​ពិត​គ្មាន​ប្រសិទ្ធិ​ភាព​ចំពោះ​ប្រជាជន​កម្ពុជា​ទាល់តែ​សោះ ទោះ​ពួក​គេ​និយាយ​ថា យ៉ាងណា​ក៏​គ្មាន​បានការ​ដែរ ពីព្រោះ​ប្រជាជន​បានដឹង​ការ​ពិត​អស់ហើយ ទុក​ឲ្យ​ពួក​គេ​ទាំងនោះ​និយាយ​អី​និយាយ​ទៅ​មិនបាច់​ខ្វល់​ជាមួយ​ពួក​គេ​ឡើយ​ប្រៀប​នឹង​ឆ្កែ​ព្រុស យើង​កុំ​ព្រុស​តាម​ឆ្កែ​អី ។ ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ក៏​បាន​លើក​ឡើង​ថា គ្មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ តាម​ការ​ចង់បាន​របស់​ក្រុមប្រឆាំង​នោះ​ទេ​សម្រាប់​នៅ​កម្ពុជា ។

លោក​បន្ត​ថា ការ​បោះ​ឆ្នោត​នីតិកាល​ទី​៦ បាន​ប្រព្រឹត្ត​ទៅ​រួច​ហើយ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​មាន​ប្រជាជន​កម្ពុជា​ចូលរួម​៨៣.០២​ភាគរយ​បោះ​ឆ្នោត ហើយ​គណបក្ស​ប្រកួតប្រជែង​ទាំង​២០​គណបក្ស សុទ្ធតែ​ទទួល​បាន​សម្លេង​ឆ្នោត ។ លោក​ក៏​បាន​លើក​ឡើង​ថា ក្រោយ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជា​ផ្លូវការ និង​ជា​ស្ថាពរ​ហើយ​នៅ​ថ្ងៃ​ទី​០៥ ខែកញ្ញា ២០១៨ មានការ​ប្រជុំ​ដំបូង​រដ្ឋសភា​ក្រោម​ព្រះ​រាជាធិបតី​ភាព​នៃ​ព្រះមហាក្សត្រ​នៃ​ព្រះ​រា​ណា​ចក្រ​កម្ពុជា​ស្រប​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​បង្កើត​បាន​ក្បាលម៉ាស៊ីន​រដ្ឋសភា​នីតិកាល​ទី​៦ និង​រដ្ឋសភា​បាន​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​សមាសភាព​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦ ដែល​មាន​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី ។

លោក​បន្ថែម​ថា ក្រោយ​ការ​បង្កើត​រដ្ឋសភា និង​រាជរដ្ឋាភិបាល​កម្ពុជា​រួច​ហើយ បណ្តា​ប្រទេស​លើ​ពិភពលោក​រួម​ទាំង​មហាអំណាច​ផង​បាន​អបអរសាទរ និង​គាំទ្រ​រាជរដ្ឋាភិបាល​ថ្មី​ព្រមទាំង​បាន​អញ្ជើញ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ចូលរួម​ប្រជុំ​ម​មហាសន្និបាត​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) លើក​ទី​៧៣ នៅ​ទីក្រុង​ញូ​វ​យ៉​ក​ប្រជុំ​កំពូល​នៅ​ជប៉ុន​ប្រជុំ​កំពូល​នៅ​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ប្រជុំ​កំពូល​នៅ​ទីក្រុង​ហ្សឺ​ណែវ និង​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​បណ្តា​ប្រ ទេស​ជា​ច្រើន​ទៀត លើ​ពិភពលោក​ដែល​បញ្ជាក់​ថា អន្តរជាតិ​បាន​ទទួលស្គាល់​រាជរដ្ឋាភិបាល ថ្មី​នីតិកាល​ទី​៦ ។

ដូច្នេះ​លទ្ធភាព​នៃ​ការ​បោះ​ឆ្នោត​ឡើង​វិញ មុន​ចប់​នីតិកាល​ទី​៦ គឺ​គ្មាន​ជា​ដាច់ខាត ។ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូប​នេះ​ក៏​បាន​អះអាង​ថា លទ្ធភាព​នៃ​ការ​បោះ​ឆ្នោត​នីតិកាល​ទី​៧ នា​ឆ្នាំ​២០២៣ ពិតជា​នឹង​ត្រូវធ្វើ​ស្រប​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ គឺ​៥​ឆ្នាំ​បោះ​ឆ្នោត​ម្តង ។ ចំពោះ​ឥស្សរជន​អតីត​បក្ស​ប្រឆាំង​ដែល​មាន​នីតិសម្បទា​នយោបាយ​ឡើង​វិញ តាម​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល​នៃ​កម្ពុជា​អាច​មក​ធ្វើ​នយោបាយ​បាន​ឡើង​វិញ ដោយ​អាច​បង្កើត​គណបក្ស​នយោបាយ​ថ្មី​សម្រាប់​ប្រកួតប្រជែង​បោះ​ឆ្នោត​ពីព្រោះ​អតីត​បក្ស​ប្រឆាំង​បាន​ងាប់​បាត់​ទៅ​ហើយ​តាម​សាលដីកា​តុលាការ​កំពូល​រួច​ហើយ​មិន​អាច​រស់​ឡើង​វិញ​ជា​ដាច់ខាត​មិនបាច់​រង់ចាំ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ