ខេត្តមណ្ឌលគិរី ៖ ជំនួញឈើកំពុងធ្វើឱ្យជីវិតមនុស្សរងគ្រោះថ្នាក់ជាបន្តបន្ទាប់ រហូតករណីខ្លះត្រូវស្លាប់បាត់បង់ជីវិតក៏មាន ខ្លះត្រូវពិការអស់មួយជីវិត ជាក់ស្តែងនៅវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី០១ វិច្ឆិកា ២០១៨ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៩៤នឹង៩៥ក្នុងភូមិ អណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង មានករណីរថយន្តធុនV1សណ្តោងកន្ទុយរ៉ឺម៉ក ដឹកឈើពេញប្រៀបបានក្រឡាប់ធ្លាក់ផ្លូវបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ នឹងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។
នគរបាលមូលដ្ឋានបានរាយការណ៏ថា «រថយន្តធុនធំដឹកឈើនេះ គ្មានស្លាកលេខ ដឹកឈើរបស់ក្រុមហ៊ុន…ចេញពីស្រុកកោះញែក ឆ្ពោះទៅស្រុកកែវសីមា…ហើយករណីនេះកើតឡើង ដោយរថយន្តក្រឡាប់ខ្លួនឯង»។ប្រភពបានឲ្យដឹងថា នៅពេលរថយន្តខាងលើជួបគ្រោះថ្នាក់ភ្លាមៗគេសង្កេតឃើញបុរសម្នាក់ ត្រូវបានគេស្គាល់ឈ្មោះ ផាន់ណា ជាកូនជឹងរបស់លោកឧកញ៉ា វីដា បានប្រញ៉ាប់ប្រញ៉ាល់ដឹកអ្នករបួសធ្ងន់(តៃកុងរថយន្ត)ទៅមន្ទីរពេទ្យ ខណៈព្រូរថយន្តម្នាក់ទៀតកំពុងដេកស្លាប់ក្រោមគំនរឈើ មិនអាចគាស់ចេញបាន។
ប្រភពបន្តថា នៅយប់កើតហេតុនេះគេបានឃើញរថយន្តធុនធំ យីឌុប នឹង V1 ជិត១០គ្រឿងបានដឹកឈើចេញទៅស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ ខណៈក្រុមអ្នកតាមដានបរិស្ថានបានដាក់ការសង្ស័យថា នេះជារូបមន្ត កន្លេលធំបន្លំដេក ហើយឈើទាំងនោះអាចនឹងគេដឹកបង្ហួសទៅប្រទេសវៀតណាមតាមច្រកណាមួយក្នុង ស្រុកមេម៉ត់តែម្តង។ព្រោះជាក់ស្តែងរថយន្តទាំងនោះទទួលបានច្បាប់ដឹកឈើអារ ឈើគ្រឿងផ្ទះ គ្រឿងសំណង់ តែបែរជាដឹកឈើអារឡាំងជ្រុងធំៗតម្រូវទីផ្សារស្រុកយួនទៅវិញ។
គិតត្រឹមវេលាម៉ោង៧ព្រឹកថ្ងៃទី០២ វិច្ឆិកា ២០១៨ តាមការឲ្យដឹងពីលោកប៊ូ ប៊ុនឈាត អធិការស្រុកអូររាំង «សពដែលកប់ក្រោមគំនរឈើ ត្រូវបានសមត្ថកិច្ចគាស់យកចេញនឹងបញ្ជូនតាមរថយន្តពេទ្យប្រគល់ជូនដល់ក្រុមគ្រួសារសពរួចរាល់ហើយ» ៕
ចែករំលែកព័តមាននេះ