ខេត្តកណ្តាល ៖ សំណុំរឿងឃាតកម្មគិតទុកជាមុន ដោយការកាប់នឹងពូថៅសម្លាប់នៅស្រុកអង្គស្នួលមុននេះ បណ្តាលឱ្យបុរសម្នាក់ស្លាប់ ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មនោះ ពេលនេះឃាតករត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីសមត្ថកិច្ចធ្វើការសុើបអង្កេតស្រាវជ្រាវអស់រយៈពេល៤ថ្ងៃមក ។
អំពើមនុស្សឃាតនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៥នាទីយប់ថ្ងៃទី២០ ខែតុលានៅចំណុចផ្លូវបំបែកជា៥ ស្ថិតក្នុងភូមិកណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ។ ជនរងគ្រោះឈ្មោះ ភាព គឿន អាយុ៣១ឆ្នាំ ជាជាងជួសជុសរថយន្ត មានស្រុកកំណើតនៅភូមិសុរិយា ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ចំណែកជនដៃដល់ឈ្មោះ ហេង ស៊ីរ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជាអ្នកបើកបររថយន្ត មានស្រុកកំណើតនៅភូមិបឹងជ្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
លោក សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ថ្លែងថា បន្ទាប់ពីបានទទួលព័ត៌មានពីករណីមនុស្សឃាតនេះ លោកបានបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តនិងស្រុក ចុះទៅដល់ទីកន្លែងធ្វើការតាមជំនាញរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ ។ លោកវរសេនីយ៍ឯក ទូច អីុណាន មេបញ្ចាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងជំនាញខេត្តនិងស្រុកពាក់ព័ន្ធ សហការជាមួយស្នងការដ្ឋានយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម ស្វែងរកមុខសញ្ញាជនសង្ស័យតាមបច្ចេកទេសបទពិសោធន៍ជំនាញជាបន្តបន្ទាប់ និងដឹងថា ឃាតករបានរត់គេចទៅលាក់ខ្លួននៅខេត្តកំពង់ស្ពឺ បន្ទាប់មកខេត្តកំពង់ចាម និងចុងក្រោយសម្ងំលាក់ខ្លួននៅក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
៤ថ្ងៃក្រោយមក គឺនៅថ្ងៃទី២៤ ខែតុលា ជនសង្ស័យត្រូវចាប់ខ្លួនបាន នាវេលាម៉ោង៥និង៥០នាទីល្ងាច នៅមុខផ្ទះវេរលុយទ្រូម៉ាន់នី ជាប់ផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល ជនសង្ស័យជាឃាតកររូបនេះសារភាពថា «ក្រោយពីខ្លួនមានទំនាស់ពាក្យសម្តីឈ្លោះប្រកែកវាយតប់គ្នាជាមួយជនរងគ្រោះនៅកន្លែងផឹកសុី រូបគេក៏យកពូថៅមកកាប់ក្បាលជនរងគ្រោះតែម្តង ហើយរត់ទៅលាក់ខ្លួននៅស្រុកឧដុង្គខេត្តកំពង់ស្ពឺ រួចបន្តទៅស្រុកកំពង់សៀម ខេត្តកំពង់ចាម និងចុងក្រោយមកលាក់ខ្លួននៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពេលរូបគេកំពុងវេរលុយនៅផ្ទះវេរលុយ» ៕
ចែករំលែកព័តមាននេះ