រាជធានីភ្នំពេញ ៖ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរឹងមាំ និងសម្រេចគោលដៅក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០នោះ រាជរដ្ឋាភិបាលបានជំរុញឲ្យស្ថានប័នក្រសួងពាក់ព័ន្ធនានា ត្រូវបង្កបរិយាកាសដល់បណ្ដាធុរជនពីគ្រប់ច្រកទូទាំងពិភពលោកក្នុងការមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ។
នៅក្នុងជំនួបរវាងធុរជនអាមេរិកមួយក្រុមកាលពីចុងសប្ដាហ៍មុន លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាបើកទ្វារជានិច្ចរង់ចាំសហការជាមួយធុរជនសហរដ្ឋអាមេរិក និងបរទេសផ្សេងទៀត ដែលមានបំណងមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើឲ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងពាណិជ្ជកម្ម ជាពិសេសសម្រួលដល់ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិឲ្យបានកាន់តែច្រើន ។
លោករដ្ឋមន្ត្រីបន្តថា ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាសស្ថាប័នមួយសម្របសម្រួលដល់ការវិនិយោគពីវិនិយោគិនបរទេសផងដែរនោះ នឹងបំពេញនូវកាតព្វកិច្ច ព្រមទាំងទំនួលខុសត្រូវនានាជូនវិនិយោគិន ហើយរីករាយជានិច្ចក្នុងការសហការជាមួយបណ្ដាស្ថាប័នពាក់ព័ន្ធនានា ដើម្បីធ្វើឲ្យការវិនិយោគកាន់តែប្រសើរ អ្វីដែលពិសេសនោះ គឺធ្វើឲ្យធុរជនមានអារម្មណ៍ថា ពួកគេជ្រើសរើសកម្ពុជា ជាដៃគូមិនខុសមែន ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្សព្វផ្សាយពីសក្ដានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗរបស់ប្រទេសកម្ពុជាទៅកាន់ធុរជនតួកគីផងដែរ ក្នុងឱកាសដែលសម្ដេចតេជោ អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសនេះ ។ នៅក្នុងនោះ សម្ដេចតេជោ បានបង្ហាញពីកត្តាមួយចំនួន ដែលវិនិយោគិនបរទេសគួរតែវិនិយោគនៅកម្ពុជាដូចខាងក្រោម ៖ ១-កត្តាស្ថិរភាពនយោបាយ និងសន្តិសុខក្នុងប្រទេស បានធ្វើឲ្យកម្ពុជាស្ថិតនៅលើនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម៧% ។ ២-កម្ពុជាស្ថិតនៅលើទីយុទ្ធសាស្ត្រក្នុងប្រវត្តិអាស៊ានដែលជាតំបន់បាននិងកំពុងក្លាយទៅជារោងចក្រនៃអាស៊ាន ហើយម្យ៉ាងទៀត កម្ពុជាក៏ស្ថិតនៅក្នុងចំណុចកណ្ដាលនៃតំបន់មេគង្គដែលជាតំបន់មានកំណើនសេដ្ឋកិច្ចតភ្ជាប់ខ្ពស់ជាងគេ សម្រាប់ការអភិវឌ្ឍឧស្សាហកម្ម ផលិតកម្មនិងសេវាកម្មជាមួយនឹងបណ្ដាប្រទេសក្នុងតំបន់ ។ ៣-កម្លាំងពលកម្មដែលមានភាពសម្បូរបែប ដែលក្នុងនោះដែលមានអាយុត្រឹម៣៥ឆ្នាំចុះ មានចំនួនរហូតដល់៧២%នៃចំនួនពលកម្មសរុប គួបផ្សំនឹងការកើនឡើងនៃចំនួនប្រជាជនដែលមានចំណូលមធ្យម និងជាវណ្ណៈកណ្តាលនឹងបង្កើតកាលានុវត្តភាពសម្រាប់កម្ពុជាក្នុងការសម្រេចនូវកំណើនសេដ្ឋកិច្ចខ្ពស់នេះ ។
៤-កម្ពុជា បានបើកចំហសេដ្ឋកិច្ច សម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគបរទេស ហើយបរទេសអាចវិនិយោគបាន១០០%តែម្តង ។
៥- ទំនិញផលិតនៅកម្ពុជាមិនត្រឹមតែផ្គត់ផ្គង់លើទីផ្សារកម្ពុជាប៉ុណ្ណោះទេ គឺមានការនាំចេញទៅកាន់ទីផ្សារអនុតំបន់មេគង្គដែលមានអតិថិជនប្រមាណជា២៥០លាននាក់ និងទីផ្សារអាស៊ានជាច្រើនទៀត ។ អ្វីដែលសំខាន់នោះ កម្ពុជាបាននិងកំពុងធ្វើសមាហរណកម្មនៃការតភ្ជាប់តាមប៉ូលសេដ្ឋកិច្ចសំខាន់ៗទៀតក្នុងតំបន់ដែលបង្កើតបាននូវប្រព័ន្ធឡូជីស្ទីក និងលើកកម្ពស់ជីវភាពប្រជាជន ។
សម្ដេចបញ្ជាក់ថា ៖« ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចសូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគបរទេសទាំងអស់ ជាពិសេសអ្នកដែលមានបំណងមកវិនិយោគនៅកម្ពុជា សូមចាប់ផ្តើមមកវិនិយោគ ហើយសម្ដេចក៏សូមធានាជូនអ្នកវិនិយោគទាំងអស់នូវសន្តិភាព សន្តិសុខ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចប្រកបដោយក្របខ័ណ្ឌច្បាប់ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន ៕
ចែករំលែកព័តមាននេះ