ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អឺរ៉ុប​ជាង​500​កំពុង​វិនិយោគ ខណៈ​បញ្ហា​EBA​នៅ​តែ​បន្ដ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​មក​ពី​បណ្តា​ប្រទេស​ជា​សមាជិក​សហគមន៍​អឺរ៉ុប​ចំនួន​៥០០​កំពុង​វិនិយោគ​នៅ​កម្ពុជា ហើយ​ពួក​គេ​អះអាង​ថា ក្រុមហ៊ុន​របស់​ពួក​គេ​កំពុងធ្វើការ​លើ​ការ​ទទួលខុសត្រូវ​ផ្នែក​សង្គម ខណៈ​បញ្ហា​អនុគ្រោះ​ប្រព័ន្ធ​EBA មិនច្បាស់លាស់ ។ ចូលរួម​នៅ​ក្នុង​វេទិការ​ពិភាក្សា​សា​ព័ត៌មាន ស្ដី​ពី​ធុរកិច្ច…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​មក​ពី​បណ្តា​ប្រទេស​ជា​សមាជិក​សហគមន៍​អឺរ៉ុប​ចំនួន​៥០០​កំពុង​វិនិយោគ​នៅ​កម្ពុជា ហើយ​ពួក​គេ​អះអាង​ថា ក្រុមហ៊ុន​របស់​ពួក​គេ​កំពុងធ្វើការ​លើ​ការ​ទទួលខុសត្រូវ​ផ្នែក​សង្គម ខណៈ​បញ្ហា​អនុគ្រោះ​ប្រព័ន្ធ​EBA មិនច្បាស់លាស់ ។

ចូលរួម​នៅ​ក្នុង​វេទិការ​ពិភាក្សា​សា​ព័ត៌មាន ស្ដី​ពី​ធុរកិច្ច និង​ការ​ទទួលខុសត្រូវ​ផ្នែក​សង្គម​នៅ​ថ្ងៃ​ទី​១៨ ខែតុលា ម្សិលមិញ បណ្តា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​មាន​ប្រភព​ពី​សហភាព​អឺរ៉ុប​បាន​អះអាង​ថា ខ្លួន​នៅ​តែ​បន្តសកម្មភាព​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​បម្រើ​លើ​ការ​ទទួលខុសត្រូវ​ផ្នែកសង្គម ។

លោក ហ្សុ​ង ហ្គេ​តុង ប្រធាន​គណៈកម្មាធិការ​សុខុមាលភាព​នៃ​ពាណិជ្ជកម្ម​អឺរ៉ុប និង​ជានា​យក​ក្រុមហ៊ុន ហ្ស៊ូ​លីង​ហ្វា​ម៉ា ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា ទោះបីជា​ពេល​នេះ​សហភាព​អឺរ៉ុប និង​ប្រទេស​កម្ពុជា​កំពុង​ពិភាក្សា​លើ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ក្ដី តែ​ក្រុមហ៊ុន​របស់​លោក​នៅ​តែ​បន្តសកម្មភាព ជួយ​ដល់​ការងារ​សង្គម​សម្រាប់​កម្ពុជា ។ លោក​បញ្ជាក់​ថា សព្វថ្ងៃ ក្រុមហ៊ុន​របស់​លោក​បាន​ផ្តោត​លើ​ការ​វិនិយោគ​ផ្នែក​សុខភាព ដើម្បី​ធានា​ថា​ឱសថ​ដែល​នាំ​ចូល​កម្ពុជា ជា​ឱសថ​ពិតប្រាកដ មាន​សុវត្ថិភាព​ខ្ពស់ និង​ការ​ផ្ដល់​ចំណេះដឹង​លើ​ការ​ប្រើប្រាស់​ថ្នាំ​ជាដើម ។ លោក​បន្ត​ថា ៖« ក្រុមហ៊ុន​របស់​លោក ក៏​កំពុង​សហការ​ជាមួយ​ដៃគូ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​រួម​គ្នា​បង្កើត​កម្មវិធី​ទូរស័ព្ទ ដើម្បី​ត្រួតពិនិត្យ​ថ្នាំ​ថា ជា​ថ្នាំ​ក្លែងក្លាយ ឬ​ពិតប្រាកដ ដើម្បី​ជា​ប្រយោជន៍​រួម​នៃ​ប្រជាជន​កម្ពុជា​ផង​ដែរ »​។​លោក​ថា ៖« កម្មវិធី​ទូរស័ព្ទ​នេះ នឹង​ធ្វើ​ឡើងជា​ភាសា​ខ្មែរ និង​អាច​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​នៅ​ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ »​។ ក្រុមហ៊ុន​អឺរ៉ុប​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា ភាគច្រើន​វិនិយោគ​លើ​ការ​បណ្ដុះបណ្ដាល​មុខ​ជំនាញ ការ​អប់រំ ផ្នែក​សុខាភិបាល និង​ផ្នែក​ជា​ច្រើន​ទៀត​ផង​ដែរ ។

ទោះជា​យ៉ាងណា ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ទាំងនេះ​មិន​បញ្ជាក់​ទាក់ទង​ជំហរ​សហគមន៍​អឺរ៉ុប​ដែល​កំពុង​ដំណើរការ​កំណត់​នីតិវិធី ដើម្បី​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​គ្រប់មុខ​ពី​កម្ពុជា លើកលែងតែ​អាវុធ នោះ​ទេ ។
នាយក​ប្រតិបត្តិ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក​គី​លី​យ៉ង់ ប្លេ​ស បាន​ថ្លែង​ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា មិនមែន​ជា​នីតិវិធី​មួយ​ដែល​អាច​ប្រញាប់ប្រញាល់​បាន​ទេ លុះត្រា​មានការ​ជជែក​គ្នា​ច្រើន មុន​មានការ​សម្រេច​ដក ឬ​ផ្អាក​បណ្តោះអាសន្ន​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(EBA)​នេះ ។

ស្រប​ពេល​ជាមួយ​គ្នា​នោះ ប្រធាន​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក Blaise Kilan បាន​ផ្ដល់​កិច្ច​សម្ភាសន៍​មួយ​ដោយ​លោក​បាន​លើក​ឡើង​ថា ការ​ដក​ប្រ​ព័​ន្ឋ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​មិនមែន​ជា​រឿង​ងាយស្រួល​នោះទេ ។ លោក​បញ្ជាក់​ថា ៖« មិន​ទាន់​មានការ​សម្រេច​ជា​ផ្លូវការ​ណាមួយ​ទេ ប៉ុន្តែ​ប្រសិនជា​មានការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ព​ន្ឋ​ពី​កម្ពុជា ក្រុមហ៊ុន​អឺរ៉ុប ដែល​វិនិយោគ​នៅ​កម្ពុជា និង​កម្ពុជា​ខ្លួនឯង​ត្រូវ​ទទួល​រង​គ្រោះ ហើយ​ក្រុមហ៊ុន​ដែល​មក​វិនិយោគ​នៅ​ទី​នេះ នៅ​ពេល​ពួក​គេ​ចាកចេញ ពួក​គេ​នឹង​មិន​ត្រលប់​មក​កម្ពុជា​វិញ​នោះ​ទេ »​។ លោក​បន្ត​ថា ៖« ក្រុមហ៊ុន​មក​ពី​អឺរ៉ុប​ដែល​វិនិយោគ​នៅ​កម្ពុជា ភាគច្រើន​ជា​ក្រុមហ៊ុន​បំរើសេវា​កម្ម​ផ្សេង​ៗ ហើយ​ពួក​គេ​ភាគច្រើន​ជា​ក្រុមហ៊ុន​មក​ពី​បារាំង អុ​ី​តា​លី និង​អា​ល្លឺ​ម៉​ង់​ជាដើម »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ