ខេត្តព្រះសីហនុ ៖ សេចក្តីរាយការឲ្យដឹងថា កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៣ កញ្ញា មានករណីក្រុមជនសង្ស័យបានឆក់កាបូបពីស្ត្រីជនជាតិម្នាក់ បណ្តាលឲ្យធ្លាក់លើម៉ូតូបោកក្បាលសន្លប់ធំចូលមន្ទីរពេទ្យ ប៉ុន្តែភ្លាមនោះក្រុមជនសង្ស័យចំនួន៣នាក់ ក៏ត្រូវបានសមត្ថកិច្ចបង្ក្រាបចាប់ខ្លួនបាន២នាក់ជាក់ស្តែង ចំណែកម្នាក់ទៀតបានរត់គេចបាត់ ដែលហេតុការណ៍នោះបានកើតឡើងនៅចំណុចចំណោទអន្លង់ក្រពើ ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ជនសង្ស័យទាំង២នាក់ខាងលើរួមមាន ១-ឈ្មោះ លី ជាសាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើការក្នុងម៉ាត មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ជាអ្នកបើកម៉ូតូ) ២-ឈ្មោះ យន់ ភារៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ស្រុកកំពង់ត្រាច ខេត្តកំពត (អង្គុយពី
ក្រោយជាអ្នកធ្វើសកម្មឆក់) និង៣.ឈ្មោះ កុយ ជង់ហួរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ( ជាអ្នកអង្គុយកណ្តាលបានរត់គេចខ្លួនបាត់) ។
ចំណែកជនរងគ្រោះឈ្មោះ HAUNG GUI JIAO ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរទេស
ចរណ៍ លិខិតឆ្លងដែនលេខៈ E៩៩៨៩៨៣៤៦ ស្នាក់នៅ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
សមត្តកិច្ចឲ្យដឹងថា នៅវេលាម៉ោងខាងលើ ជនសង្ស័យមានគ្នា៣នាក់បានជិះម៉ូតូ១គ្រឿង មិនស្គាល់ម៉ាក ពណ៌ស បានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះ ខណៈជនរងគ្រោះ កំពុងជិះម៉ូតូឌុបជាមួយមិត្តប្រុស តាមផ្លូវឆ្ពោះទៅកន្លែងស្នាក់នៅចំណោទរ៉ា ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
នៅពេលជនសង្ស័យលូកដៃឆក់យកកាបូប ក៏ទាក់ដៃចង្កូតម៉ូតូគ្នា បណ្តាលឲ្យដួល ហើយពេលនោះជនសង្ស័យ បានរត់គេចខ្លួនពពាក់ពពូនបាត់អស់ ដោយបន្សល់ទុកម៉ូតូធ្វើសកម្មភាព ម៉ាកនិច ពណ៌ស គ្មានស្លាកលេខ នៅកន្លែងកើតហេតុ ។ ប៉ុន្តែដោយសារកម្លាំងនគរបាលជំនាញផែននគរបាលព្រហ្មទណ្ឌ បានចុះទៅដល់ សិក្សាកន្លែងកើតហេតុជាបន្ទាន់ ទើបធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ២នាក់ ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល ហើយកម្លាំងសមត្ថកិច្ចកំពុងបន្តស្វែងរកចាប់ខ្លួន ។ រីឯស្ត្រីជាជនរងគ្រោះបានរងរបួសរលាត់កែងដៃខាងស្តាំ រលាត់ត្រចៀកខាងស្តាំ និងរលាត់កជើងខាងស្តាំ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
សម្ភារៈបាត់បង់រួមមានកាបូបស្ពាយចំហៀង១ ពណ៌ខ្មៅ ទូរស័ព្ទដៃ ១គ្រឿង ម៉ាក SAMSUNG ពណ៌ស ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ តាមនីតិវិធី ៕
ចែករំលែកព័តមាននេះ