រាជធានីភ្នំពេញ ៖ សិល្បករខ្មែរ និងឡាវ សរុបប្រមាណ៣០នាក់ បានរួមគ្នាធ្វើបទបង្ហាញអំពីឧបករណ៍គែន ដែលជាប្រភេទឧបករណ៍តន្ត្រីធ្វើពីដើមឫស្សី តូចៗ លើឆាកសម្ដែងសិល្បៈខ្មែរអមតៈ នៅបរិវេណសារមន្ទីរជាតិ ក្រោមកិច្ចសហការរៀបចំដោយរថយន្តតន្ត្រីទិព្វខ្មែរ អង្គការសិល្បៈខ្មែរអមតៈ ក្រុមសិល្បៈ Laomusic Danxang និងលោកគ្រូកែវ ដូរីវណ្ណ ។ បទបង្ហាញនេះកាលពីពេល ថ្មីៗកន្លងទៅ ។
គោលបំណងនៃបទបង្ហាញឧបករណ៍ភ្លេងគែន ដែលភាគច្រើនមហាជនខ្មែរកម្រនឹងបានឃើញដោយផ្ទាល់ ហើយនេះជាលើកទីមួយសម្រាប់កម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំបទបង្ហាញរួមគ្នាជាមួយសិល្បករឡាវ ។ ជាពិសេស សិល្បករទាំង២ប្រទេសមានឱកាសបានស្គាល់គ្នា ចែករំលែកចំណេះដឹង និងបច្ចេកទេសសម្ដែង ដែលសុទ្ធតែបានបង្ហាញពីចំណុច ពិសេសៗរៀងខ្លួន ។
បទបង្ហាញបានលើកឡើងអំពីប្រវត្តិឧបករណ៍គែន នៅកម្ពុជា និងឡាវ ព្រមទាំងស្ថានភាពទម្រង់សិល្បៈនេះនាពេលបច្ចុប្បន្ន ។ នៅប្រទេសកម្ពុជាសន្និដ្ឋានថា ឧបករណ៍ភ្លេងគែនប្រហែលជាមានវត្តមាននៅសតវត្សរ៍ទី៦ ដោយសម្អាងចម្លាក់នៅលើស្គរមហាធឹក។
ប៉ុន្ដែក៏មានការសន្និដ្ឋានផ្សេងទៀតតាមរយៈការសិក្សាស្រាវជ្រាវដោយបុរាណវិទូជាតិបារាំង ដែលបានសិក្សាស្រាវជ្រាវនៅប្រទេសឡាវ បានបញ្ជាក់ថា គែនប្រហែលជាមានអាយុ៣០០០ឆ្នាំមកហើយ ដោយសម្អាងរូបគំនូរឧបករណ៍នេះនៅលើសំបកឃ្លោក នៅប្រទេសឡាវ ។ ដូច្នេះហើយទើបប្រជាជនឡាវ ជឿជាក់ថា គែនគឺមានអាយុតំណាលនឹងកំណើតជនជាតិខ្លួន និងបានចាត់ទុកទម្រង់សិល្បៈគែន និងចម្រៀងគែន ជាសិល្បៈតំណាងជាតិឡាវ ។ កាន់តែច្បាស់ទៅទៀត ប្រជាជាតិឡាវ តែងនិយាយថា «ហូបបាយដំណើប ស្ដាប់សំឡេងគែន»។
គែនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិដោយអង្គការយូណេស្កូ នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១៧ ដោយប្រទេសឡាវ ពោលគឺក្រោយមួយឆ្នាំដែលកម្ពុជា ដាក់បញ្ចូលចាប៉ីដងវែងជាសម្បត្តិយូណេស្កូនៅថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០១៦ ។ នាពេលបច្ចុប្បន្នទាំងកម្ពុជា និងឡាវ សុទ្ធតែកំពុងយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាល អ្នកជំនាន់ក្រោយឲ្យចេះប្រគំ និងរួមគ្នាថែរក្សា អភិរក្សសម្បត្តិវប្បធម៌ដ៏មានតម្លៃនេះកុំឲ្យបាត់បង់ ។
អ្នកស្រីថន សីម៉ា ប្រធានកម្មវិធីរថយន្តតន្ត្រីទិព្វខ្មែរ នៃអង្គការសិល្បៈខ្មែរអមតៈ បានឲ្យដឹងថា នៅខេត្តឧត្តរមានជ័យ កម្មវិធីនេះកំពុងដំណើរការថ្នាក់បង្រៀនគែនដល់សិស្សស្រីចំនួន ៤នាក់ ដោយព្រឹទ្ធាចារ្យម៉ុន ហៃ ។
អ្នកស្រីថន សីម៉ា បង្ហើបពីគម្រៀងរៀបចំមហោស្រពគែនមួយនៅកម្ពុជា ក្នុងឆ្នាំ២០២០។ ចំណែកលោកសាស្ត្រាចារ្យវង្សថងខាំ ខាំសួន ជាប្រធានដឹកនាំក្រុមសិល្បករគែន ឡាវ បានបញ្ជាក់អំពីសកម្មភាពអប់រំបណ្ដុះបណ្ដាលក្មេងៗជំនាន់ក្រោយឡាវ ឲ្យចេះប្រគំគែន ដែលកំពុងតែដំណើរការ ។ លោកបានបង្ហាញពីក្ដីសង្ឃឹមក្នុងការបង្ហាញឧបករណ៍គែននេះ ឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ព្រោះគែន គឺជាសម្បត្តិរបស់មនុស្សជាតិទាំងអស់គ្នា ។
គែន គឺជាឧបករណ៍តន្ត្រីគ្រឿងផ្លុំ ធ្វើពីដើមឫស្សី តូចៗ មាន១៦សំឡេង ។ គេអាចប្រគំទោល ឬចម្រៀង ឬចម្រៀងឆ្លើយឆ្លង ។ នាពេលបច្ចុប្បន្នគែន ក៏ត្រូវបានយកទៅប្រគំលាយជាមួយឧបករណ៍ភ្លេងសម័យផងដែរ ៕
ចែករំលែកព័តមាននេះ