រាជធានីភ្នំពេញ ៖ រថយន្តកូរ៉ូឡាស៊េរីចាស់មួយគ្រឿង ដោយសារតែអ្នកបើកបរបានបើកគេច និងរថយន្តធុនធំមួយគ្រឿង ទើបបណ្ដាលឲ្យរថយន្តរេចង្កូតជ្រុលទៅបុកនឹងក្បាលនាគពុះចែកផ្លូវ បាក់អស់មួយកង់ធ្វើឲ្យរថយន្តរងការខូចខាត កាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ទល់នឹងក្រុមហ៊ុនលក់ម៉ូតូ ស៊ុយហ្ស៊ុយគី ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
តាមសម្តីអ្នកបើកបររថយន្តបង្ក សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបើករថយន្តម៉ាកកូរ៉ូឡាស៊េរីចាស់ ពណ៌ស ពាក់ស្លាកលេខ កណ្តាល 2A-3221ដឹកបងប្រុសរបស់គាត់ម្នាក់ ដែលមានស្ថានភាពស្រវឹង ចេញពីទីក្រុងកោះពេជ្រ គោលបំណងត្រឡប់ទៅផ្ទះវិញនៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយបានធ្វើដំណើរតាមផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ រូបគាត់បានបើកគេចនឹងរថយន្តធុនធំមួយគ្រឿងដែលបើកឆ្លងកាត់មុខគាត់ ទើបបណ្ដាលអោយរថយន្តរបស់គាត់ជ្រុលទៅបុកនឹងក្បាលនាគពុះចែកផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យក្បាលនាគពុះចែកផ្លូវ បាក់ខ្ទាតទៅកណ្តាលផ្លូវអស់ចំនួន១កង់។
ចំណែករថយន្តបង្កខ្ទេចផ្នែកខាងមុខចំហៀងខាងឆ្វេង និងបាក់រ៉ូទីលខាងឆ្វេង ហើយបើកទៅមុខបាន៥០ម៉ែត្រទើបរថយន្តអស់ល្បឿនតែសំណាងល្អដែរ ដែលមិនមានគ្រោះថ្នាក់ដល់មនុស្ស។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញខណ្ឌមានជ័យបានចុះទៅដល់កន្លែងកើតហេតុ រួចហើយក៏បានទាក់ទងហៅខាងជំនាញក្រុង ឲ្យមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
ចែករំលែកព័តមាននេះ