ខេត្តស្ទឹងត្រែង ៖ បើនិយាយលើកឡើងអំពីរឿងសម្រាមខេត្តស្ទឹងត្រែងនៅតែជះឥទ្ធិពលអា
ក្រក់ចំពោះបុគ្គលលើការចោលសំរាមអនាធិបតេយ្យបើទោះមានរថយន្តជាមធ្យោបាយប្រមូលនិងមានទីលានចាក់សម្រាមនោះទៅហើយក្តី ។
តាមការអះអាងពីកម្មករប្រមូលសំរាមនាបច្ចុប្បន្នបានលើកឡើងពីបញ្ហាមួយចំនួនថា នៅតាមលំដ្ឋានប្រជាពលរដ្ឋជាច្រើនបានដាក់ធុង និងរក្សាកាកសំណល់ដែលមិនជះឥទ្ធិពលដល់បរិយាកាសបរិស្ថាន និងប្រជាពលរដ្ឋមួយចំនួនទៀតមិនបានរៀបចំទុកដាក់កាកសំណល់របស់ខ្លួនបានត្រឹមត្រូវនោះដោយគេចវេសពីការបង់ពន្ធបន្តិចបន្តួចហើយនៅវេលាយប់ទើបពួកគាត់យកទៅបោះចោលគ្មានសណ្តាប់ធ្នាប់ដែលជាហេតុក្រោយការសម្អាតរួចកាកសំណល់បែសេសសល់ដដែល ។
បើគេធ្វើដំណើរឆ្លងកាត់ចំណុចស្ពានបេតុងស្ថិតនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ឆ្ពោះទៅទិសខាងកើតជាផ្លូវគ្រួសក្រហមទៅកាន់ព្រលានយន្តហោះគេនឹងប្រទះឃើញគំនរសំរាមវែងអន្លាយជះក្លិនយ៉ាងអសោចចោមរោមដោយពពួកសត្វរុយ ។ ក្លិនអសោច និងពពួកសត្វរុយ និងកាត់បន្ថយនៅពេលមេឃធ្លាល់ភ្លៀងនាំយកល្បាប់កខ្វក់ទៅតាមទឹក ហើយប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកក្បែនោះនឹងប្រឈមបញ្ហាសុខភាពខ្ពស់ ។
ប្រជាពលរដ្ឋនៅក្រុងស្ទឹងត្រែងក៏បានលើកឡើងនៅថ្ងៃទី០៨ កញ្ញា ២០១៨ នេះថាគំនរសំរាមនេះស្ថិតនៅចំណុចផ្លូវទៅព្រលានយន្តហោះក្រុងស្ទឹងត្រែងវាកើតមានឡើងយូរឆ្នាំមកហើយអាជ្ញាធរពុំមានវិធានការណាមួយចំពោះអ្នកចោលសំរាមនេះទេ ។
ប្រជាពលរដ្ឋនៅភូមិស្រែពោធិ៍បានសម្តែងភ័យព្រួយបារម្ភថា គំនរសំរាមនោះវាប្រភពនៃការចម្លងមេរោគព្រោះពេលមេឃភ្លៀងទឹកបានហូរចេញពីព្រែកចូលទៅតាមដងទន្លេមេគង្គហើយស្ថានីយបូមទឹកបូមយកទឹកពីទន្លេមកបំរើសេវាកម្មទឹកស្អាតប្រចាំរៀងរាល់ថ្ងៃចំណែកប្រភពមេរោគហូរតាមទឹកក្លាយជាសញ្ញាមួយបង្ហាញពីបញ្ហាប្រឈមចំពោះសុខភាព ។
ទាក់ទិនករណីខាងលើលោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែងបានអះអាងថា បញ្ហានេះសាលាក្រុងបានចេញសេចក្តីណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមសំអាតបរិស្ថានដើម្បីការពារសុខភាពរស់នៅ តែបងប្អូនមួយចំនួនមិនបានគោរពតាមការណែនាំទេច្រើនផ្គើនទៅនឹងច្បាប់ហើយពេលអាជ្ញាធរអនុវត្តតឹងរឹងស្រែកថាគ្មានយុត្តិធម៌ ។
លោកអភិបាលក្រុងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសាជាថ្មីសូមអនុវត្តឱ្យបានល្អតាមការណែនាំរបស់អាជ្ញាធរ ព្រោះថា យើងទាំងអស់គ្នាមិនស្អប់ទេសំរាមតែស្អប់អ្នកចោលសំរាមគ្មានសណ្តាប់ធ្នាប់ទៅវិញទេ ហើយអាជ្ញាធរបានដាក់កម្លាំងឃ្លាំមើលហើយបើចាប់បានជនខិលខូចនេះនឹងផាកពិន័យទៅតាមអនុក្រិតរបស់រាជរដ្ឋាភិបាលលេខ ១១៣ ស្តីពីការរៀបចំសំអាតបរិស្ថាន ៕
ចែករំលែកព័តមាននេះ