ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​៖​ សំណុំ​រឿង​អតីត​ឧ​កញ៉ា​ស្រី ស៊ី​ណា ​អាច​ចាត់ជា​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​វិស័យ​យុត្តិ​ធម៌

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​គូសបញ្ជាក់​ថា​ ចំពោះ​សំណុំរឿង​អតីត​ឧក​ញ៉ា ​ស្រី ស៊ី​ណា​អាច​ចាត់ជា​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​វិស័យ​យុត្តិធម៌ ដែល​តុលាការ​មិន​ត្រឹមតែ​សម្រេច​ដាក់​ទោស​ពន្ធនាគារ​ជា​អតិប្បរិមា​តាម​ការ​កំណត់​នៃ​ច្បាប់​នោះ​ទេ ប៉ុន្តែថែម​ទាំង​បាន​សម្រេច​អំពី​សំណង​ដល់​គ្រួសារ​នៃ​ជន​រង​គ្រោះ ​ហើយឯកឧត្តម​ក៏​នឹង​តាមដាន​អំពី​ការ​អនុវត្ត​សំណង​ចំពោះ​ជន​រង​គ្រោះ​នៅ​ក្នុង​សំណុំរឿង​នេះ​ដែរ​ ។…

រាជធានី​ភ្នំពេញ​ ៖ ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​គូសបញ្ជាក់​ថា​ ចំពោះ​សំណុំរឿង​អតីត​ឧក​ញ៉ា ​ស្រី ស៊ី​ណា​អាច​ចាត់ជា​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​វិស័យ​យុត្តិធម៌ ដែល​តុលាការ​មិន​ត្រឹមតែ​សម្រេច​ដាក់​ទោស​ពន្ធនាគារ​ជា​អតិប្បរិមា​តាម​ការ​កំណត់​នៃ​ច្បាប់​នោះ​ទេ ប៉ុន្តែថែម​ទាំង​បាន​សម្រេច​អំពី​សំណង​ដល់​គ្រួសារ​នៃ​ជន​រង​គ្រោះ ​ហើយឯកឧត្តម​ក៏​នឹង​តាមដាន​អំពី​ការ​អនុវត្ត​សំណង​ចំពោះ​ជន​រង​គ្រោះ​នៅ​ក្នុង​សំណុំរឿង​នេះ​ដែរ​ ។

ឯក​ឧត្តម ​កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​លើក​ឡើង​ នៅ​ថ្ងៃ​ទី​២៥ ធ្នូ ឆ្នាំ​២០២៤ ​យ៉ាង​ដូច្នេះ​ថា​ «ថ្ងៃនេះ ខ្ញុំ​សូម​លើក​ឡើង​អំពី​ករណី​សំណុំរឿង​ឃាតកម្ម​ដ៏​សាហាវឃោរឃៅ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ី​ណា (​អតីត​ឧកញ៉ា​) ​។ ​សំណុំរឿង​នេះ បាន​ទទួល​ការ​ចាប់អារម្មណ៍​ជា​ច្រើន​ពី​សំណាក់​មហាជន ដែល​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ឃាតកម្ម​ដ៏​សាហាវឃោរឃៅ​នេះ​»​។

ឯកឧត្តម​បាន​លើក​ឡើង​ថា សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រីបាន​បញ្ជា​ដោយ​ផ្ទាល់​ឱ្យ​ខ្ញុំ ក្នុង​នាម ​ជា​រដ្ឋមន្ត្រី​យុត្តិ​ធម៌ត្រូវ​តាមដាន​ការ​អនុវត្ត​ច្បាប់​លើ​ករណី​នេះ ពិសេស គឺធានា​បានការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ ប៉ុន្តែត្រឹមត្រូវ​តាម​ច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ ។ សម្តេច​អគ្គមហាសេនា​បតី​តេ​ជោ ហ៊ុន សែន មិន​ត្រឹមតែ​បាន​ផ្តល់​ការ​ជួយ​ឧបត្ថម្ភ​ដល់​អ្នក​រង​គ្រោះ​ក្នុង​ហេតុការណ៍​ឃាតកម្ម​ដ៏​សាហាវ​នេះ​ទេ ថែម​ទាំង​បាន​ផ្តល់​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន ​ឱ្យ​ជួយ​ការពារ​រឿង​ក្តី​នេះ ដោយ​យកចិត្តទុកដាក់​ជាទី​បំផុត​ទៀត​ផង ​។

ទីបំផុត នៅ​ថ្ងៃ​ទី២៣ ខែធ្នូ ឆ្នាំ​២០២៤ យុត្តិធម៌​ដែល​គ្រប់​គ្នា​បាន​ទន្ទឹងរង់ចាំ គឺ​បាន​មក​ដល់​ហើយ​។ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សាលក្រម​កាត់ក្តី​រឿង​នេះ ដោយ​សម្រេច​ផ្តន្ទាទោស​ឧក្រិដ្ឋជន​ឈ្មោះ ស្រី ស៊ី​ណា ដាក់​ពន្ធនាគារ​ជា​អតិបរមា​តាម​ច្បាប់ ដែល​សរុប​ទាំង​៣​សំណុំរឿង មាន​រហូត​ដល់​ទៅ៣១ឆ្នាំ ហើយ​បាន​សម្រេច​ផ្តល់​សំណង​ជំងឺ​ចិត្ត​ដល់​គ្រួសារ​អ្នក​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ចំនួន១លាន​ដុល្លារក្នុង​មួយ​គ្រួសារ​, អ្នក​រង​របួសធ្ងន់​ចំនួន៣០ម៉ឺន​ដុល្លារ និងអ្នក​រង​គ្រោះ​ស្រាល​ចំនួន ២០ម៉ឺន​ដុល្លារ​ ។

ឯកឧត្តម​បាន​បញ្ជាក់​ថា​ «ខ្ញុំ​សូម​សម្តែង​នូវ​ការ​អរគុណ និង​ការ​កោតសរសើរ​ចំពោះ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ប្រកាន់ខ្ជាប់​នូវ​គោល​ជំហរ​នៃ​ការ​អនុវត្ត​ច្បាប់​ដោយ​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់ ដើម្បី​រក​យុត្តិ​ធម៌​ឱ្យ​ជន​រង​គ្រោះ​ទាំងឡាយ​នៅ​ក្នុង​ករណី​ឃាតកម្ម​នេះ​ ។ ​សម្រាប់​ខ្ញុំនេះ អាច​ចាត់ជា​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​វិស័យ​យុត្តិធម៌ ដែល​តុលាការ មិន​ត្រឹមតែ​សម្រេច​ដាក់ទោស​ពន្ធនាគារ​ជា​អតិប្បរិមា​តាម​ការ​កំណត់​នៃ​ច្បាប់​នោះ​ទេ ប៉ុន្តែថែម​ទាំង​បាន​សម្រេច​អំពី​សំណង​ដល់​គ្រួសារ​នៃ​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​រហូត​ដល់​១​លាន​ដុល្លារ​ក្នុង​មួយ​គ្រួសារ​»។  

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​បន្ត​ថា​«ខ្ញុំ​គិត​ថា មាន​គោលការណ៍​សំខាន់​យ៉ាងតិច​ពីរ ដែល​តុលាការ​បាន​​ប្រើ​ក្នុង​ការ​សម្រេចសេចក្តី​នេះ គឺ ៖ (​ទី​១). “​គោលការណ៍​យុត្តិធម៌​តាម​ច្បាប់​” ដែល​តុលាការ ត្រូវ​ប្រកាន់​ភាព​ម៉ឺងម៉ាត់​ក្នុង​ការ​អនុវត្ត​ច្បាប់ ប៉ុន្តែភាព​ម៉ឺងម៉ាត់​នេះ ត្រូវ​គោរព​ទៅ​តាម​អ្វី​ដែល​ច្បាប់​ជា​ធរមាន​បាន​កំណត់ ដើម្បី​ផ្តល់​យុត្តិធម៌​តាម​ច្បាប់​ជូន​ដល់​ជន​រង​គ្រោះ និង​(​ទី​២). «​គោលការណ៍​សម​ទ​ណ្ឌោ​» ក្នុង​ការ​សម្រេចសេចក្តី ទាំង​លើ​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ជា​អតិបរមា ទាំង​លើ​ការ​សង​សំណង​ជំងឺ​ចិត្ត ១លាន​ដុល្លារ ដែល​ជា​សំណង​ដ៏​ច្រើន​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​នៃ​ការ​កាត់ក្តី​ទាក់ទង​នឹង​រឿង​ឃាតកម្ម​។

ជា​ការ​ពិត​, សំណង​ដល់១លាន​ដុល្លារ​នេះ មិន​អាច​ដោះ​ដូរ​ និង​តម្លៃ​នៃ​អាយុជីវិត​មិន​អាច​កាត់ថ្លៃ​បាន​របស់​យុវជន​ទាំង​ពីរ​រូប ដែល​ត្រូវ​សម្លាប់​យ៉ាង​ឃោរឃៅ​នៅ​ក្នុង​ករណី​ឃាតកម្ម​ដ៏​សាហាវ​នេះ​ឡើយ ប៉ុន្តែ នេះ ជា​អ្វី​ដែល “​យុត្តិធម៌​ក្នុង​យុគសម័យ​នៃ​ពិភពលោក​បច្ចុប្បន្ន​” អាច​ធ្វើ​បាន ដើម្បី​ជា​សំណង​ជំងឺ​ចិត្ត​ដល់​គ្រួសារ​ជន​រង​គ្រោះ និងអ្នក​រង​គ្រោះ បន្ថែម​ពីលើ​អ្វី​ដែល​ជា​ការ​ផ្ត​ន្តា​ទោស​ដាក់​ពន្ធនាគារ​ ។

ផ្អែក​តាម “​គោលការណ៍​សម​ទ​ណ្ឌោ​”, ផ្នែក​នៃ​ការ​សម្រេច​អំពី​សំណង​នេះ គឺស័ក្តិ​សមជា​ទីបំផុត​សម្រាប់​ឧកញ៉ា​មាន​លុយ ដែល​ក្អេងក្អាង​ប្រមាថ​ជីវិត​អ្នក​ដទៃ និងបាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​ដ៏​ឃោរឃៅ​បែប​នេះ​។ ឯកឧត្តម​គូសបញ្ជាក់​បន្ថែម​ថា​ ​ខ្ញុំ​សូម​បញ្ជាក់​ជូន​ថា «​គោលការណ៍​សម​ទ​ណ្ឌោ​» នេះ ជា​គោលការណ៍​មួយ​នៅ​ក្នុងពាក្យ​សច្ចាប្រណិធាន​ដែល​ចៅក្រម​ទាំងអស់ ត្រូវ​ស្បថ​មុន​ចូល​កាន់​តំណែង​។

ឯកឧត្តម​បាន​លើក​ឡើង​ទៀត​ថា​ ក្នុង​នាម​ជា​រដ្ឋមន្ត្រី​យុត្តិធម៌ ដែល​ទទួល​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រីលើ​រឿង​នេះ ​តាំងពី​ដំណាក់កាល​ដំបូង​, ខ្ញុំ​នឹង​បន្ត​តាមដាន​ការ​អនុវត្ត​ច្បាប់​ចំពោះ​ករណី​នេះ​ជា​បន្ត​ទៀត មិន​ត្រឹមតែ​ត្រឹម​នៅ​សាលា​ជម្រះក្តី​ជាន់ខ្ពស់ ក្នុង​ករណី​មាន​បណ្តឹងតវ៉ា​នឹង​សាលក្រម​នោះ​ទេ ប៉ុន្តែនឹង​បន្ត​តាមដាន​នៅ​ពេល​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​របស់​ទណ្ឌិត ពិសេស គឺអ្វី​ដែល​ខ្ញុំ​បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​លើ​ករណី​នេះ​នា​ពេល​កន្លង​ទៅ​ថា នឹង​ដាក់​ឈ្មោះ​ឧក្រិដ្ឋជន​សាហាវឃោរ​ឃៅ​នេះ​ក្នុង​បញ្ជីខ្មៅ ដែល​នឹង​មិន​ត្រូវ​ទទួល​បាន​នូវ​ការ​បន្ធូរ​បន្ថយទោស ឬ​លើកលែងទោស​ឡើយ​។ ខ្ញុំ​ក៏​នឹង​តាមដាន​អំពី​ការ​អនុវត្ត​សំណង​ចំពោះ​ជន​រង​គ្រោះ​នៅ​ក្នុង​សំណុំរឿង​នេះ​ដែរ​។

ឯកឧត្តម​ក៏​បានសូម​អរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ​ដែល​បាន​ឈឺឆ្អាល​ចំពោះ​រឿង​នេះ និង បាន​ទទួលយក​ការ​ពន្យល់ និង​បកស្រាយ​របស់ខ្ញុំ នា​ពេល​សន្និសីទ​សារព័ត៌មាន​លើ​ករណី​ឃាតកម្ម​ដ៏​ឃោរឃៅ​ដែល​ប្រព្រឹត្ត​ដោយ​ឧក្រិដ្ឋជន​ឈ្មោះ ស្រី សី​ណា ហើយ​ទុក​ឱកាស​ឱ្យ​តុលាការ​ធ្វើ​កិច្ចការ​នេះ ដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ទៅ​តាម​ច្បាប់ និង នីតិវិធី រហូត​បាន​ចេញ​ជា​សាលក្រម កាលពី​ថ្ងៃ​ទី២៣ ខែធ្នូ ឆ្នាំ​២០២៤ កន្លង​ទៅ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ