ខេត្តប៉ៃលិន ៖ ក្រោយពីដាំដំណាំស្រកានាគជាង៦០០គុម្ព នៅក្នុងចម្ការរបស់ខ្លួនអស់រយៈពេល៦ឆ្នាំកន្លងទៅនេះ កសិករម្នាក់អាចប្រមូលផលបានក្នុង១ឆ្នាំ ចំនួន៦ដង ហើយពេលបេះផ្លែម្តងៗទទួលបាន៥០០គីឡូក្រាមទៅមួយតោន តាមផ្លែតិច ឬច្រើនដោយលក់ឱ្យឈ្មួញបានប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ។
បើតាមការរៀបរាប់របស់កសិករម្នាក់ឈ្មោះ សុខ អឿន អាយុ៦៣ឆ្នាំ រស់នៅក្នុងភូមិបរតាំង ស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិនបានឱ្យដឹងថា គាត់បានដាំដំណាំស្រកានាគជិត៧០០គុម្ព នៅក្នុងចម្ការរបស់ខ្លួនអស់រយៈពេល៦ឆ្នាំកន្លងមកហើយ ដោយបន្ទាប់ពីដាំបានត្រឹមតែ១ឆ្នាំ ដំណាំមួយនេះបានដុះលូតលាស់រហូតដល់ទទួលបានផ្លែផ្កាជាច្រើន។
គាត់បន្តទៀតថា ស្រកានាគ នៅក្នុងចម្ការរបស់ខ្លួនក្នុង១ឆ្នាំៗបានផ្តល់ផ្លែផ្កាបន្តបន្ទាប់គ្នា ដោយបេះរហូតដល់ចំនួន៦ដង ទើបអស់ផ្លែ ហើយបេះម្តងអាចថ្លឹកលក់ឱ្យឈ្មួញមកពីខេត្តបាត់ដំបង ជួនកាលបាន៥០០គីឡូក្រាម ហើយពេលខ្លះទៀតប្រមូលផលបានរហូតដល់ជាង១តោនឯណោះដោយកាលពីប៉ុន្មានឆ្នាំមុនស្រកានាគ១គីឡូក្រាមអាចលក់បាន៣០០០រៀល ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃទីផ្សារដំណាំមួយនេះហាក់ដូចជា មានការធ្លាក់ចុះបន្តិចដោយ១គីឡូក្រាមអាចបេះលក់បានត្រឹមតែ២៥០០រៀលប៉ុណ្ណោះ ។
គាត់បញ្ជាក់ថា ស្រកានាគរបស់គាត់នាំយកពូជមកពីខេត្តបាត់ដំបង ដោយមុនដំបូងដាំតែប ន្តិចបន្តួចប៉ុណ្ណោះ លុះក្រោយមកក៏ដាំបំបែកកាន់តែច្រើនឡើងៗរហូតដល់ជាង៦០០គុម្ព តែម្តង ។ ដំណាំមួយនេះក៏ត្រូវការថែទាំដាក់ជីជាប្រចាំផងដែរ ជាពិសេសវាត្រូវការដីដែលមានជីជាតិខ្ពស់ បើសិនជាដីមិនល្អលុះពេលផ្លែមកក៏តូចមិនសូវថ្លោសប៉ុន្មាននោះដែរ ។ ស្រកានាគរបស់គាត់មានឱជារសឆ្ងាញ់ លើសពីនេះបន្ទាប់ពីបេះរួចបើគេទុករយៈពេល២ទៅ៣ថ្ងៃ ចាំហូប នោះកាន់តែផ្អែមឡើងៗ ។ ពូជស្រកានាគរបស់គាត់ត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងខេត្តផ្សេងៗ ចូលមកទិញដឹកតាមរថយន្តយកទៅដាំនៅក្នុងចម្ការរបស់គេ ។
ចំពោះបច្ចេកទេសដាំវិញគាត់មិនបានរៀនសូត្រមកពីខាងមន្ទីរកសិកម្ម ឬពីមន្ទីរជំនាញណា នោះទេ គឺនឹកឃើញដាំដោយខ្លួនឯង ហើយក៏មិនធ្លាប់ឃើញមន្ត្រីខាងមន្ទីរណាម្នាក់ចុះទៅអប់រំណែនាំពីរបៀបដាំ និងថែទាំដំណាំកសិកម្មរបស់ខ្លួនដែរ ។
ចំណែកប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិនបានឱ្យដឹងថា មិនត្រឹមតែដំណាំស្រកានាគនោះ ទេ សូម្បីតែពោត សណ្តែក ស្រូវ ស្វាយកែវរមៀត តាង៉ែន ហៅមៀនប៉ៃលិន ក្រូចពោធិ៍សាត់ជាដើម និងបន្លែអន្លក់ត្រសក់ សណ្តែក ត្រប់ ស្ពៃ ម្ទេស ឬដំណាំហូបផ្លែផ្សេងៗទៀតក៏មិនធ្លាប់ឃើញមានខាងមន្ទីរកសិកម្មចុះទៅណែនាំពីរបៀបដាំ និងរបៀបថែទាំនោះឡើយដោយម្នាក់ៗ រៀនដាំដុះខ្លួនឯងទាំងប្រថុយប្រថានបំផុត ហើយពេលទទួលបានផលយកទៅលក់ត្រូវបានឈ្មួញថៃបន្ថោក ដោយគេនិយាយថា ខ្មែរដាំដំណាំគ្មានបច្ចេកទេសមិនស្អាត មានមេរោគ ឬសារធាតុគីមីជាដើម ។
ដូច្នេះពួកគាត់ពិតជាមានការលំបាក ខណៈការដាំដុះរបស់ខ្លួនមិនទទួលបានការជួយផ្គត់ផ្គង់ ឬជ្រោមជ្រែងពីអ្នកបច្ចេកទេសដូចប្រជាពលរដ្ឋរបស់ប្រទេសនៅជិតខាងខ្មែរមួយចំនួន គឺគេធ្វើអ្វីតាមលក្ខណៈស្តង់ដា ហើយមិនងាយទទួលរងការខូចខាតនោះឡើយ ៕
ចែករំលែកព័តមាននេះ