ខេត្តសៀមរាប ៖ រថយន្តក្រុងដឹកអ្នកដំណើរឡើងវ៉ារថយន្តដឹកដំឡូងបើកស្របទិសគ្នាមិនបានខឹងបុកគូទហើយរ៉េចង្កូតធ្លាក់ផ្លូវហោះទៅបុកខឿនរបងថ្មដីឡូតិ៍នៅតាមបណ្តោយផ្លូវជាតិលេខ៦ បណ្តាលឱ្យមនុស្សប្រុសស្រី៧នាក់រងរបួសធ្ងន់ស្រាល ចំណែកអ្នកបើករថយន្តចុះរត់គេចខ្លួនបាត់បន្សល់ទុកអ្នកដំណើរចំនួន៣៦នាក់ទាំងអ្នករបួស បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចស្រុកទាំងយប់ ។
ហេតុការគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនោះបានកើតឡើងនៅវេលាម៉ោង១២និង១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចលើផ្លូវជាតិលេខ៦ ភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។
តាមសម្តីរបស់លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការស្រុកជីក្រែងបានប្រាប់នៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់នេះថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុងរបស់ក្រុមហ៊ុន រិទ្ធ មុន្នី ពាក់ស្លាកលេខ ភ្នំពេញ 3C-6855 ដឹកអ្នកដំណើរចេញពីខេត្តសៀមរាបទៅភ្នំពេញ មានអ្នកដំណើរចំនួន៣៦នាក់មកដល់ចំណុចកើតហេតុបានគេចរថយន្តដឹកដំឡូងដែលបើកបរស្របទិសគ្នាហើយបានរ៉េចង្កូតធ្លាក់ផ្លូវហោះទៅបុកខឿនរបងថ្មដីឡូតិ៍ពីខាងត្បូងផ្លូវដោយខ្លួនឯងបណ្តាលឱ្យរងរបួសមនុស្ស៧នាក់ ស្រី៣នាក់ ក្នុងនោះរងរបួសធ្ងន់ប្រុស២នាក់ ។
ក្រោយពេលកើតហេតុត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម រីឯអ្នកបើកបររថយន្តក្រុមហ៊ុន រិទ្ធិ មុន្នី ខាងលើបានគេចខ្លួនបាត់សមត្ថកិច្ចកំពុងស្រាវជ្រាវ ។
លោកបានបញ្ជាក់បន្ថែមថា ចំពោះជនរងគ្រោះប្រុសស្រីទាំង៧នាក់កម្លាំងជំនាញកំពុងស៊ើបសួររកឈ្មោះព្រោះយប់មិញយប់ពេក ហើយណាមួយប្រញាប់បញ្ជូនមនុស្សយកទៅសង្គ្រោះផង ។
បច្ចុប្បន្នរថយន្តបង្កដោយខ្លួនឯងរបស់ក្រុមហ៊ុន រិទ្ធ មុន្នី ត្រូវបានសមត្ថកិច្ចជំនាញកំពុងចាត់ចែង ដើម្បីយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែងរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ