រាជធានីភ្នំពេញ ៖ អគ្គលេខាធិការរងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបញ្ជាក់ថា សន្លឹកឆ្នោតបានការ ឬក៏មិនបានការ គឺសុទ្ធតែបានបង្ហាញពីឆន្ទៈរបស់អ្នកបោះឆ្នោត ដូច្នេះ គ.ជ.ប មិនអាចធ្វើអត្ថាធិប្បាយណាមួយពាក់ព័ន្ធនឹងសន្លឹកឆ្នោតមិនបានការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។
ឆ្លើយតបនឹងសំនួររបស់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងបញ្ហានៃការមានសន្លឹកឆ្នោតមិនបានការច្រើនតាមការិយាល័យបោះឆ្នោត លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប មានប្រសាសន៍បញ្ជាក់ថា៖ នៅពេលដែលការិយាល័យបោះឆ្នោតត្រូវបានបញ្ចប់នូវការបោះឆ្នោត នោះនឹងក្លាយជាការិយាល័យរាប់សន្លឹកឆ្នោតវិញ ដូច្នេះជាការពិត ការបោះឆ្នោតនៅប្រទេសណាក៏ដោយ ក៏តែងតែមានសន្លឹកឆ្នោតបានការ និងមិនបាន ។
យ៉ាងណាមិញសម្រាប់អាណតិ្តនេះ «ទោះបីជាសន្លឹកឆ្នោតមិនបានការ ក៏បង្ហាញនូវឆន្ទៈរបស់អ្នកបោះឆ្នោតដែរ» ជាពិសេសការបោះឆ្នោត គឺជាការសម្ងាត់ ដូច្នេះគ្មានអ្នកណាមានសិទ្ធិបកស្រាយទៅលើសន្លឹកឆ្នោតមិនបានការទេ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺគណបក្សដែលឈ្នះឆ្នោត និងបានអាសន្នៈ ត្រូវពិចារណាចំណុចនេះ ពាក់ព័ន្ធនឹងការបកស្រាយពីឆន្ទៈរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងសន្លឹកឆ្នោតមិនបានការ ។
លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ថ្លែងបន្តនៅឯកម្មវិធីសង្ខេបព្រឹត្តិការណ៍ អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ព្រឹកថ្ងៃទី ៣០ កក្កដា នៅសណ្ឋាគារកាំបូឌីយ៉ាណាថា «ខ្ញុំមិនធ្វើអត្ថាធិប្បាយ» រឿងនេះទេ ។
យ៉ាងណាមិញអ្នកអង្កេតការណ៍អន្តរជាតិ ៣ រូបមកពីឥណ្ឌា រុស្សី និងម៉ាឡេស៊ី ដែលមានវត្តមាននៅកម្មវិធីនេះបានលើកឡើងថា ការបោះឆ្នោតនៅកម្ពុជា គឺបានប្រព្រឹត្តទៅយ៉ាងរលូន គ្មានអំពើហិង្សា ដូច្នេះពួលគេមកកម្ពុជា គឺយកនូវអ្វីដែលរៀនសូត្របានពីការបោះឆ្នោតនៅកម្ពុជា និងចែករំលែកទៅ គ.ជ.ប របស់ប្រទេសរបស់ពួកគេ ។
ជាពិសេសអ្នកអង្កេតការណ៍អន្តរជាតិបានអះអាងថា ចំនួនអ្នកបោះឆ្នោតចេញទៅបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា ម្សិលមិញនេះ មានចំនួនជាង ៨២% គឺជាចំនួនដ៏ល្អមួយ ។
អ្នកអង្កេតការណ៍ម៉ាឡេស៊ី បានបញ្ជាក់ថា ៖ យើងមកទីនេះ ដើម្បីរៀនអំពីគ្នា អំពីភាពខុសគ្នានៃច្បាប់។ ចំណុចណាដែលច្បាប់នៅស្រុកយើងអាចអនុវត្តបានយើងនឹងយកទៅអនុវត្តនៅប្រទេសយើង ឧទាហរណ៍ ៖ នៅប្រទេសម៉ាឡេស៊ី បើអ្នកបោះឆ្នោតគូសខុស គឺអត់ដូរបានទេ តែនៅទីនេះគឺបើអ្នកបោះឆ្នោតគូសខុស គាត់អាចស្នើសុំសន្លឹកឆ្នោតទី ២ យកទៅគូសបាន ៕
ចែករំលែកព័តមាននេះ