ខេត្តកំពង់ធំ ៖ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ មានឧប្បត្តិហេតុបុរសម្នាក់ដើរឆ្លងថ្នល់មិនប្រយ័ត្នត្រូវរថយន្តបុកស្លាប់ ដែលហេតុការណ៍នេះបានកើតឡើងលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ ១០៨-១០៩ ក្នុងភូមិអង្គរនាង ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ឯក សួង ថេន អធិការនគរបាលស្រុកបារាយណ៍បានឲ្យដឹងថា នៅក្នុងករណីគ្រោះចរាចរណ៍រវាងរថយន្តបុកអ្នកថ្មើរជើងដើរឆ្លងកាត់ផ្លូវបណ្តាលឲ្យស្លាប់បុរសម្នាក់នេះ ជនរងគ្រោះអ្នកថ្មើរជើងឈ្មោះ អ៊ុ ភាព ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ចំណែករថយន្ត និងអ្នកបើកបរ មិនស្គាល់អត្តសញ្ញាណបានបើកគេចខ្លួនបាត់ទាំងយប់ ។
បើយោងតាមការឲ្យដឹងពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុនិយាយថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះបានដើរឆ្លងថ្នល់តែម្នាក់ឯងពីលិចទៅកើតដោយខ្វះការប្រុងប្រយ័ត្នគាប់ជួនរថយន្តមិនស្គាល់ម៉ាកមកដល់ក៏បុកពេញទំហឹងតែម្តងបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបុកមនុស្សហើយចំពេលយប់ងងឹតផងនោះភាគីខាងរថយន្តក៏បន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោល ។ សពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ