ខេត្តកំពង់ធំ ៖ ក្រោមការគៀងគររកជំនួយរបស់លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយនឹងសហការី ស្ត្រីមេម៉ាយរស់នៅក្រោមដំបូលខ្ទមកំសត់ធ្លុះធ្លាយ ចិញ្ចឹមកូនចំនួន០៣នាក់ ដោយប្រកបមុខរបរដើរស៊ីឈ្នួលលាងចាន និងបោកខោអាវឲ្យគេតាមផ្ទះ ស្ថិតនៅភូមិកំពង់គោ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានទទួលអំណោយផ្ទះថ្មី ទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ និងសម្ភារមួយចំនួនទៀត ។
ដោយយល់ពីទុក្ខលំបាករបស់ស្ត្រីអភ័ព្វឈ្មោះ ផៃ សុខា អាយុ៣២ឆ្នាំ ជាស្រីមេម៉ាយចិញ្ចឹមកូនៗបីនាក់ រស់ក្រោមដំបូលតង់ធ្លុះធ្លាយ ពេលភ្លៀងម្តងៗទទូលកៅស៊ូឱបកូនលាយជាមួយទឹកភ្នែក ។ បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំយកនូវថវិកា និងសម្ភារទៅជួយឧបត្ថម្ភដល់រូបនាង ពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ថ្មីៗនេះ នៅពេលដែលលោកឧត្តមសេនីយ៍ទោត្រឡប់មកវិញ លោកបានគៀងគររកជំនួយពីសប្បុរសធម៌នេះរួមមាន ៖ទី១ – ឧត្តមសេនីយ៍ទោ គីម សុផារុន និងលោកជំទាវ ថវិកា១លានរៀល ។ ទី២- ឧត្តមសេនីយ៍ទោ គន់ រ័ត្នមុន្នី និងលោកជំទាវ ថវិកា៥០ម៉ឺនរៀល ។ ទី៣ – ឧត្តមសេនីយ៍ទោ គង់ កន្នារិទ្ធ ថវិកា៥០ម៉ឺនរៀល ។ ទី៤ – លោកយន់ សុគន្ធ និ លោកស្រី ថវិកា៤០ម៉ឺនរៀល ។ ទី៥ – លោកស្រី គីម ច័ន្ទសុលីណា និងស្វាមី ថវិកា ២០ម៉ឺន ។ ទី៦- លោកវរសេនីយ៍ឯក អ៊ីម ច័ន្ទសុភត្រា និងលោកស្រី ថវិកា២០ម៉ឺនរៀល ។ សរុបចំនួនជិត៣លានរៀលយកមកសាងសង់ផ្ទះអស់ទឹកប្រាក់ចំនួន២,៥៦០,០០០រៀល ។
នៅក្នុងពិធីប្រគល់ជម្រកស្នាក់នៅថ្មីនេះក្រុមការងារយើងបានឧបត្ថម្ភជូនគាត់បន្ថែមទៀតនូវកង់ជិះចំនួន១ តម្លៃ១៥០,០០០រៀល សម្លៀកបំពាក់សិស្សចំនួន៣កំប្លេរ សារ៉ុងចំនួន២ កន្ទេល មុងភួយ ចានឆ្នាំង ស្លាបព្រា ធុងទឹក សម្ភារផ្សេងៗមួយចំនួនទៀត និងថវិកាចំនួន១៥០,០០០រៀលបន្ថែមប្រគល់ជូនដល់ស្ត្រីមេម៉ាយ ឈ្មោះ ផៃ សុខា កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ ។
ចំណែកអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋភូមិក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជន ដែលបានចូលរួមថវិកាក្នុងការសាងសង់ និងជួយដល់ស្ត្រីកម្សត់ និងបានប្រសិទ្ធិពរជ័យដល់អស់លោក លោកជំទាវ ដែលជាសប្បុរសជន សូមបានជួបប្រទះតែសេចក្ដីសុខ សេចក្តីចម្រើន និងជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ: និងពល: កុំបីឃ្លៀងឃ្លាតឡើយ ៕
ចែករំលែកព័តមាននេះ