រាជធានីភ្នំពេញ ៖ អ្នកដឹកនាំការសម្តែងរបស់ផលិតកម្មថោន បានរិះគន់ MV មួយបទរបស់ផលិតកម្មសាស្តា ដែលមានឈុតឆាកស្រើបស្រាល ។ កន្លងមកផលិតកម្មសាស្តាក៏ធ្លាប់រងការរិះគន់ពីមហាជនពីរឿងស្រដៀងគ្នានេះដែរ ។បទចម្រៀងមួយបទមានចំណងថា «ស្រីមុខលុយ» របស់ផលិតកម្មសាស្តាធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ពុះកញ្ជោល ព្រោះឈុតឆាកនៃបទចម្រៀងនេះពោរពេញដោយភាពស្រើបស្រាលខ្លាំង ។ ឈុតនៃបទចម្រៀងនេះត្រូវគេចែកចាយច្រើនតាមហ្វេសប៊ុកជាមួយពាក្យរិះគន់ ។ លោក រិទ្ធ អូមេហ្គា ដែលជាអ្នកដឹកនាំសម្តែងរបស់ផលិតកម្មថោន ក៏បានរិះគន់ដែរ ។ លោករិទ្ធ អូមេហ្គា បានចាត់ទុកការដឹកនាំសម្តែងនៃបទនេះហាក់មិនសមរម្យ ហើយការដឹកនាំនេះទៀតសោតក៏មិនត្រូវគ្នាទៅនឹងអត្ថន័យបទចម្រៀង ។
ដូច្នេះហើយលោកបានអំពាវនាវដល់ក្រសួងវប្បធម៌គួរចាត់ការចំពោះរឿងនេះ ។ ជាមួយនឹងការបង្ហោះរូបភាពនៃឈុតឆាកស្រើបស្រាលពីបទចម្រៀង«ស្រីមុខលុយ» អ្នកដឹកនាំផលិតកម្មថោន បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា «ខ្ញុំឆ្ងល់មួយ ផលិតកម្មសាស្តាហ្នឹងគេផលិតចម្រៀង ឬផលិតរឿងPorn? តម្រូវពីផលិតកម្ម ឬមកពីអ្នកដឹកនាំសម្តែងគ្មានខួរ ។ បទចម្រៀងប៉ារ៉ូលដូចអត់មានស៊ីគ្នានឹងរឿងលើគ្រែសោះ ចុះម្តេចMVគ្រប់បទមានតែឱប ថើបគ្នាលើគ្រែ ក្នុងបន្ទប់ទឹកបែបនេះ ? គិតថាធ្វើអ៊ីចឹងទៅល្បីមែន ? ការក្បត់វាអាចមានច្រើនរូបភាពមិនចាំបាច់តែ…គ្នាបានគេហៅក្បត់ទេ ? ចង់ឃើញមុខអ្នកដឹកនាំសម្តែងហ្នឹងមុខម៉េចបានខួរក្បាលគិតចេញតែរឿងអ៊ីចឹង ? ខ្ញុំនិយាយព្រោះខ្ញុំទើស ហើយក្នុងនាមខ្ញុំជាអ្នកផលិតមួយរូបដែរខ្ញុំខ្មាសគេជំនួស ។ គ្មានអ្វីថ្មីបែរជានាំរឿងថោកដល់វិស័យសិល្បៈ មិនបានលើកស្ទួយមកជាន់ពន្លិច យកសិល្បៈជាឈ្នាន់ធ្វើរឿងថោកទាប ។ សុំទោសបើខ្ញុំនិយាយខុស តែខ្ញុំវាទើសភ្នែកពេក ក្រសួងវប្បធម៌គួរចាត់វិធានការលើអ្នកដឹកនាំសម្តែង ឬផលិតកម្មនេះ »។
ជុំវិញការរិះគន់នេះ នៅមិនទាន់ឃើញមានការឆ្លើយតបណាមួយពីផលិតសាស្តានៅឡើយទេ ប៉ុន្តែមានម្ចាស់ហ្វេសប៊ុកមួយបានវាយប្រហារបកយ៉ាងចាស់ដៃចំពោះការរិះគន់របស់លោករិទ្ធ អូមេហ្គា ។
ពាក្យវាយប្រហាររបស់ម្ចាស់ហ្វេសប៊ុកដែលគ្មានប្រភពច្បាស់លាស់នេះត្រូវអ្នកដឹកនាំសម្តែងផលិតកម្មថោនព្រមានស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ក្នុងពេលដែលការស៊ើបអង្កេតចេញជារូបរាង ៕
ចែករំលែកព័តមាននេះ