រាជធានីភ្នំពេញ ៖ តារាចម្រៀង ពេជ្រ សោភា យោងទៅលើទេពកោសល្យ គឺធ្លាប់ធ្វើជាគណៈកម្មាធិការវាយតម្លៃទឹកដមសំឡេងទស្សនិកជន ជាពិសេសបេក្ខជនរលកក្រោយបានល្អ។ ដូចនេះហើយក្រោយពីនៅជិតពេជ្រ ថៃពេជ្រ សោភាស្រាប់តែលាន់មាត់ថា កុមារារូបនេះមិនធម្មតា។
ពេជ្រ សោភា បានឱ្យដឹងថា ក្រោយពេល ពេជ្រ ថៃ ជាប់ជាម្ចាស់ពានមានមនុស្សជាច្រើនចំអកឱ្យក្មេងម្នាក់នេះថា មិនសម មិនទំនងសំឡេងច្រៀងចាញ់ឡុង លីគ័ង្គ រហូតស្ទើរតែគ្នាក្មេងចង់បាក់ទឹកចិត្ត ប៉ុន្តែក្រោយពេលនាងប៉ះការងារកន្លងមកឃើញថា ពេជ្រ ថៃ ជាក្មេងពូកែ ហើយស្តាប់បង្គាប់ចាស់ៗ។ សោភាលើកបន្តថា ថៃ ពូកែដូចជាឱ្យប៉ារ៉ូលច្រៀង គឺចាប់បានលឿនៗសឹងថា មិនបាច់ប្រាប់ច្រើនដង។
លើសពីនេះ កាយវិការលើឆាកចេះធ្វើឱ្យគេសប្បាយលេងសើច កំប្លុងកំប្លែង ភាសាសាមញ្ញ អ្នកមើលគេគ្រឺតគ្រប់គ្នា ខ្លះឱបថើប និងថតរូបជាមួយ នេះជាអំណោយទានបានពីធម្មជាតិ។ ប្រការមួយទៀត ថៃ គេមានឥរិយាបថល្អចេះដឹង បើនិយាយអីខុសលើឆាក ចេះសុំទោស រហូតហាក់បីដូចជាមនុស្សចាស់។ ដូចនេះនាងយល់ថា ពានដែលមហាជនបោះជូនតាមរយៈការផ្ញើសារពិតជាសាកសមហាក់បីដូចដឹងថា កុមារតូចរូបនេះមានជំនាញសិល្បៈពេញខ្លួន។
ពេជ្រ ថៃ ក្រោយជាប់ពានមកត្រូវបានក្រុមហ៊ុនហាក់លើកមុខច្រើន ដោយឱ្យបង្ហាញវត្តមានគ្រប់កម្មវិធីប្រគំតន្ត្រីរបស់ទូរទស្សន៍ជាសញ្ញាបង្កើនប្រជាប្រិយភាព។ ក្រៅពីនេះប្អូនៗជើងខ្លាំងជំនាន់ ពេជ្រ ថៃ ផ្សេងទៀតក៏គេចាត់ចែងឱ្យចេញមុខសម្តែងសាងស្នាដៃឱ្យលេចធ្លោដូចៗគ្នាមិនលំអៀងឡើយ ដូចជារ៉ន ចាន់ឌីន, ឃុយ ម៉ីហៀង, លីគ័ង្គជាដើម។ ការសម្តែងរបស់ ពេជ្រ ថៃ មានការគាំទ្រពីសំណាក់ទស្សនិកជន ជាពិសេសសរសើរពីភាពរហ័សរហួននិយាយទៅកាន់មហាជនដូចមនុស្សចាស់ ហើយដឹងខុសត្រូវទៀត៕
ចែករំលែកព័តមាននេះ