រាជធានីភ្នំពេញ ៖ ម៉ូតូ២គ្រឿងបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បានបើកបោះពួយបុកគ្នាពេញទំហឹងបណ្តាលឱ្យអ្នកជិះ៣នាក់ រងរបួសដេកដួលរដូករណែលត្រូវរថយន្តពេទ្យលើកបញ្ជូនទៅកាន់មន្ទីរពេទ្យ។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១ វិច្ឆិកា ២០១១ នៅមុខសាលាមត្តេយ្យសាមគ្គី តាមផ្លូវឧកញ៉ាទេពផន ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AB-7576 ជិះគ្នាម្នាក់ឯង បុកជាមួយម៉ូតូម៉ាកឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1N-2821 ជិះគ្នា២នាក់ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យអ្នកជិះ២នាក់រងរបួសធ្ងន់ និងម្នាក់ស្រាល។ ជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍នេះត្រូវសមត្ថកិច្ចស្គាល់ឈ្មោះតែម្នាក់ទេ គឺឈ្មោះឃួន ខែង ភេទប្រុស អាយុ២១ឆ្នាំ ជាសន្តិសុខឯកជនមានទីលំនៅ ស្រុកពារាំង ខេត្តព្រៃវែង និងជាអ្នកបើកបរម៉ូតូម៉ាកឌ្រីម C125 ។ ចំណែក២នាក់ទៀតពុំទាន់ស្គាល់ឈ្មោះនៅឡើយ។
តាមសាក្សីឱ្យដឹងថា នៅមុនពេលកើតហេតុ ម៉ូតូម៉ាកស្មាស់ជិះគ្នាម្នាក់ឯង ធ្វើដំណើរតាមផ្លូវឧកញ៉ាទេពផន ពីទិសខាងកើតទៅលិច ចំណែកម៉ូតូម៉ាកឌ្រីម C125 ពណ៌ខ្មៅ ធ្វើដំណើរពីទិសខាងលិចទៅកើត។ នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ បុកគ្នាពេញទំហឹង បណ្តាលឱ្យមនុស្សដែលជិះរងរបួសតែម្តង ៕
ចែករំលែកព័តមាននេះ