ប្រទេសស៊ីរី-ពួកលោកខាងលិច ៖ មហាអំណាចលោកខាងលិច៣ គឺសហរដ្ឋអាមេរិក បារាំង និងអង់គ្លេសបានវាយប្រហារលើប្រទេសស៊ីរីកាលពីថ្ងៃទី១៤ មេសា ដើម្បីដាក់ទណ្ឌកម្មលើអ្វីដែលពួកគេហៅថា ការវាយប្រហារដោយអាវុធគីមី ។
ទោះបីអ៊ីស្រាអែល និងតួកគីបានអបអរសាទរចំពោះប្រតិបត្តិការនេះ ប៉ុន្តែប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងបូលីវី បានថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ។ ការវាយប្រហាររបស់ពួកលោកខាងលិចលើស៊ីរីនាយប់ថ្ងៃទី១៣ ទៅ១៤ មេសា ដែលក្រុងមូស្គូបានបរិហារអគ្គលេខាអធិការអូតង់ លោក JENS STOLTENBERG អំពាវនាវដល់រុស្ស៊ីឱ្យបង្ហាញពីការទទួលខុសត្រូវ ។ លោកថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មានមួយក្រោយកិច្ចប្រជុំនៅក្រុងព្រុចសែលរបស់ឯកអគ្គរដ្ឋទូតនៃប្រទេសទាំង២៩ជាសមាជិកអូតង់ ។
លោកបន្តថា បណ្តាសម្ព័ន្ធមិត្តអំពាវនាវដល់ពួកអ្នកដែលជួយទ្រទ្រង់ដល់របបស៊ីរី ពិសេសរុស្ស៊ីឱ្យបង្ហាញពីការទទួលខុសត្រូវ ហើយធ្វើបែបណាឱ្យរបបស៊ីរីចូលរួមដោយស្ថាបនាក្នុងដំណើរការចរចាសន្តិភាពក្រុងហ្សឺណែវក្រោមការឧបត្ថម្ភរបស់ អ.ស.ប ។
ហាក់ដូចជាផាត់ទុកមួយឡែកការខ្វែងទំនាស់គ្នារបស់ខ្លួនជាមួយពួកលោកខាងលិច ប្រធានាធិបតីតួកគី លោករីស៊ីប តៃយីប អ័រដូហ្គាន បានអបអរសាទរចំពោះការវាយប្រហារនេះនៅស៊ីរី ។ លោកថ្លែងថាជាមួយប្រតិបត្តិការរួមគ្នារបស់សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង កាលពីថ្ងៃទី១៤ មេសា របបស៊ីរី បានទទួលនូវសារមួយគឺថាការសម្លាប់រង្គាលនឹងពុំចេះតែរួចខ្លួនដោយគ្មានការតបតវិញនោះឡើយ ។
ក្នុងបទសម្ភាសន៍មួយជាមួយកាសែតរុស្ស៊ី KOMMERSANT អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកស័រហ្គេយ នីយ៉ាបបូវ និយាយថា ក្រុងមូស្គូរក្សាការទាក់ទងជាមួយសហរដ្ឋ
អាមេរិក និងប្រទេសឯទៀតៗដែលធ្វើការវាយប្រហារតាមអាកាសប្រឆាំងស៊ីរី ។ លោកថា ក្រុងមូស្គូចង់រួមសហការជាមួយក្រុងវ៉ាស៊ីនតោនលើសំណុំរឿងស៊ីរី ។ចំណែកក្នុងសេចក្តីប្រកាសមួយសហភាពអឺរ៉ុបអំពាវនាវដល់រុស្ស៊ី និងអ៊ីរ៉ង់ឱ្យធ្វើអ្វីគ្រប់យ៉ាង ដើម្បីរារាំងរដ្ឋាភិបាលស៊ីរី កុំឱ្យប្រើប្រាស់អាវុធគីមី ។
ក្រុមឧទ្ទាមស៊ីរី SAICH AL ISLAM វាយតម្លៃថា ការវាយប្រហារតាមអាកាសរបស់ពួកលោកខាងលិច ប្រឆាំងបណ្តាទីតាំងយោធាស៊ីរីនឹងគ្រាន់តែជាឆាកល្ខោនមួយ បើដរាបណាប្រធានាធិបតីលោកបាចា អាល់អាសាដ នៅតែកាន់អំណាច ។ ចំពោះចិន អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី HUA CHUNYING និយាយថា ការចរចាខាងនយោបាយជាដំណោះស្រាយប្រាកដនិយមតែមួយគត់នៃជម្លោះស៊ីរី ។
លោកស្រីបន្តថា ការស៊ើបអង្កេតដោយគ្មានការលម្អៀងមួយត្រូវធ្វើនៅស៊ីរីលើការចោទប្រកាន់ពីការវាយប្រហារដោយអាវុធគីមី ។ លោកស្រីរំលឹកផងដែរថា រាល់សកម្មភាពយោធាដោយពុំឆ្លងកាត់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ជាការរំលោភបំពានលើច្បាប់អន្តរជាតិ ។
ប្រធានាធិបតីអ៊ីរ៉ង់ លោកហាសាន់ រ៉ូហានី ថ្លែងថា ការវាយប្រហារខាងយោធារបស់សហរដ្ឋអាមេរិកនៅស៊ីរី នឹងនាំទៅរកការបំផ្លាញនៅតំបន់មជ្ឈិមបូព៌ា ។
ក្នុងសេចក្តីប្រកាសមួយបារាំងនិយាយថា ចង់ធ្វើការជាមួយរុស្ស៊ី ដើម្បីឱ្យសម្រេចបានដំណោះស្រាយនយោបាយមួយនៅស៊ីរី ។ ប្រធានាធិបតីបារាំង លោក EMMANUEL MACRON ចង់ថែរក្សាការចរចាពីបញ្ហាស៊ីរីជាមួយប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន ដោយលោកថា រុស្ស៊ីជាតួអង្គសំខាន់សម្រាប់ដំណោះស្រាយនយោបាយមួយក្នុងប្រទេសនេះ ។ វិមានប្រធានាធិបតីបារាំង អេលីហ្សេអះអាងថា ប្រតិបត្តិការយោធារបស់អាេមរិក អង់គ្លេស និងបារាំងពុំសំដៅលើរុស្ស៊ីឡើយ ។ ក្រុងប៉ារីសចង់ជាពិសេសឱ្យក្រុងមូស្គូយល់ព្រមបង្កើតយន្តការស៊ើបអង្កេតរួមមួយលើអាវុធគីមីរវាង អ.ស.ប និងអង្គការហាមឃាត់អាវុធគីមី OIA ។
អាមេរិក អង់គ្លេស និងបារាំងបញ្ជាក់ថា ពួកគេពុំមានបំណងធ្វើការវាយប្រហារថ្មីៗទៀតឡើយ លើកលែងតែក្នុងករណីមានការវាយប្រហារដោយអាវុធគីមីថ្មីរបស់ក្រុងដាម៉ាស់ ។ មីស៊ីលជាង១០០គ្រាប់ត្រូវបានបាញ់ចេញដោយមហាអំណាចទាំង៣ ពោលគឺជិតទ្វេដងនៃចំនួនមីស៊ីលដែលសហរដ្ឋអាមេរិកបាញ់ប្រហារកាលពី១២ខែមុន ប្រឆាំងមូលដ្ឋានអាកាសចរណ៍ស៊ីរីមួយក្រោយការវាយប្រហារដោយអាវុធគីមីសម្លាប់ជនស៊ីវិល៨០នាក់ ក្នុងតំបន់ឧទ្ទាមមួយ ។ បារាំងបានបាញ់មីស៊ីលបណ្តែត១២គ្រាប់ ។ ការវាយប្រហារតាមអាកាសរបស់មហាអំណាចទាំង៣ សំដៅលើគោលដៅយោធាស៊ីរី៣កន្លែង តែពុំបង្កឱ្យមានការបាត់បង់អាយុជីវិតជនស៊ីវិលឡើយ ។
ក្នុងចំណោមមីស៊ីលដែលបាញ់ចេញទាំងជាង១០០គ្រាប់ មួយចំនួនត្រូវស្ទាក់កម្ទេចដោយកងការពារអាកាសស៊ីរី។ អ្នកឯកទេសជាច្រើនយល់ថា ការវាយប្រហារទាំងនេះបង្កផលវិបាកតិចតួចនៅលើទីលានដោយពួកគេនិយាយថា វាគ្រាន់តែជាការជួយលុបលាងមុខមាត់របស់ពួកលោកខាងលិចប៉ុណ្ណោះ ។ ហើយក្រុងមូស្គូដឹងទើបពុំចេញមុខបាញ់ស្ទាក់កម្ទេច ។ លោកត្រាំ និងសម្ព័ន្ធមិត្តអះអាងពីជោគជ័យនៃការវាយប្រហារដាក់ទណ្ឌកម្មនេះប្រឆាំងរបបក្រុងដាមា់ស់ ។ រុស្ស៊ីស្នើឱ្យបើកកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប តែពុំសម្រេចបានដំណោះស្រាយមួយដែលថ្កោលទោសការឈ្លានពានដោយអាវុធប្រឆាំងក្រុងដាម៉ាស់ឡើយ ៕
ចែករំលែកព័តមាននេះ