ទីក្រុងប៉េកាំង ៖ យោងតាមទិន្នន័យចេញផ្សាយកាលពីថ្ងៃចន្ទបង្ហាញថា សកម្មភាពផលិតកម្មក្នុងរោងចក្ររបស់ប្រទេសចិន បានអន់ថយនៅខែមីនាកន្លងមក ព្រោះតែតម្រូវការធ្លាក់ចុះ។
ការធ្លាក់ចុះនេះបានធ្វើឲ្យប៉ះពាល់ដល់ប្រទេសចិន ដែលមានសេដ្ឋកិច្ចធំជាងគេលេខ២ លើពិភពលោក ។
តាមសន្ទស្សន៍គ្រប់គ្រងការទិញរបស់ក្រុមហ៊ុន Caixin គឺបានធ្លាក់ចុះមកស្មើ៥១ក្នុងខែមីនា ទាបជាងខែកុម្ភៈ ដែលស្មើដល់ទៅ៥១,៦ ។ វាក៏ជាកម្រិតទាបជាងគេផងដែរ តាំងពីខែវិច្ឆិកា ឆ្នាំមុនមក ។
គួរបញ្ជាក់ដែរថា កម្រិតខ្ពស់ជាង៥០ គឺមានន័យថា វាមានកំណើន ហើយបើទាបជាង៥០ មានន័យថា ធ្លាក់ចុះ ។
ចំណែកការកុម្មង់ថ្មីៗក៏បានធ្លាក់ចុះផងដែរ ព្រោះតែតម្រូវការពីបរទេសអន់ថយ ខណៈល្បឿនផលិតកម្មធ្លាក់ចុះ ។ រីឯផលិតផលសម្រេចស្តុកទុកបានកើនឡើង ហើយចំនួនការងារក្នុងផ្នែកនេះបានធ្លាក់ចុះ ។
លោក Zhengsheng Zhong អ្នកវិភាគមកពីក្រុមហ៊ុន Caixin បានឲ្យដឹងថា ៖« តម្រូវការមិនល្អដូចដែលយើងបានគិតទុកនោះទេ ហើយធ្វើឲ្យក្រុមហ៊ុនផលិតនានាកាន់តែមិនចង់ផលិត ឬទិញបំពេញស្តុកឡើយ » ។
អ្នកវិភាគរូបនេះបន្តថា ៖« ការលូតលាស់នៃផលិតកម្មរបស់ប្រទេសចិន អាចនឹងទន់ខ្សោយជាងមុននៅខែមីនា ប៉ុន្តែក្នុងកម្រិតទាបប៉ុណ្ណោះ » ។
ចំណែករដ្ឋាភិបាលចិន កាលពីថ្ងៃសៅរ៍កន្លងមក បានបង្ហាញពីសន្ទស្សន៍គ្រប់គ្រងការទិញថា គឺស្មើនឹង៥១,៥ ។ វាបញ្ជាក់ថា សកម្មភាពផលិតកម្មក្នុងរោងចក្រកាន់តែលូតលាស់បន្ថែមទៀតនៅខែមីនា កន្លងមកនេះ ៕
ចែករំលែកព័តមាននេះ