រាជធានីភ្នំពេញ ៖ អ្នកជំនាញរបស់រដ្ឋាភិបាលចិនប្រមាណ៣០នាក់បានមកដល់ប្រទេសកម្ពុជា ដើម្បីសិក្សាស្រាវជ្រាវពីសក្ដានុពល ក៏ដូចជាស៊ើបអង្កេតពីសកម្មភាពវិនិយោគនានារបស់វិនិយោគិនចិននៅកម្ពុជាថា តើវិនិយោគិនចិនទាំងនោះមកកម្ពុជា ដើម្បីវិនិយោគពិត ឬ គ្រាន់តែរាយការណ៍កុហករដ្ឋាភិបាលចិន ?
បើតាមលោក Jiang Jing Long ដែលបាននិងកំពុងចាប់អារម្មណ៍លើការវិនិយោគវិស័យអចលនទ្រព្យនៅក្នុងទឹកដីខេត្តព្រះសីហនុ បានឲ្យដឹងថា ការមកដល់របស់លោក និងក្រុមអ្នកជំនាញរបស់រដ្ឋាភិបាលចិននាពេលនេះ គឺដើម្បីស្វែងរកការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ។
លោកនិយាយថា ៖« នៅពេលយើងបានមកដល់ប្រទេសកម្ពុជា យើងចាប់អារម្មណ៍ជាងគេ គឺទឹកដីខេត្តព្រះសីហនុ ព្រោះវាជាទីតាំងដែលមានសក្ដានុពលមួយសម្រាប់ការវិនិយោគរបស់យើង ។ តាមពិតទៅ យើងបានមកដល់ប្រទេសកម្ពុជាយូរមកហើយ តាមការស្នើរបស់ប្រធានាធិបតី ស៊ី ជីនពីង ដើម្បីបណ្ដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា ហើយយើងក៏មានគម្រោងរួចហើយដែរ សម្រាប់ការវិនិយោគរបស់យើងនៅក្នុងខេត្តព្រះសីហនុ និងទទួលបានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ » ។
លោកបន្តថា លោកនឹងប្ដេជ្ញាចិត្តក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យខេត្តព្រះសីហនុ មានភាពរីកចម្រើនដូចទីក្រុងរបស់ប្រទេសចិនដែរ ក៏ប៉ុន្តែមិនមែនធ្វើឲ្យទីក្រុងរបស់កម្ពុជា ជាទីក្រុងរបស់ចិនទេ ។
លោកថា ៖« ខេត្តព្រះសីហនុមានអ្វីដែលយើងចាប់អារម្មណ៍ច្រើន ព្រោះវាជាទីកន្លែងដែលសម្បូរដោយតំបន់រមណីយដ្ឋាន ហើយបើសិនជាយើងអភិវឌ្ឍន៍វាល្អនោះ ទេសចរណ៍នឹងមកកាន់តែច្រើន » ។
វិនិយោគិនរូបនេះបានបញ្ជាក់ថា លោកមានទឹកប្រាក់សម្រាប់វិនិយោគនៅក្នុងប្រទេសកម្ពុជា ចំនួន៥០០ពាន់លានយន់ទៅ១.០០០ពាន់លានយន់ ឬប្រមាណជាង១៦ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស និងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនៅក្នុងខេត្តព្រះសីហនុ ។ ដោយសារតែលោកត្រូវបានចាត់តាំងឲ្យមកវិនិយោគដោយរដ្ឋាភិបាលចិនផ្ទាល់ លោកគិតថា គម្រោងរបស់លោកនៅកម្ពុជា ជាគម្រោងដែលឈរលំដាប់ទី១ ក្នុងចំណោមវិនិយោគិនចិនដទៃទៀតដែលមកវិនិយោគមុនៗ ។
លោក Shi Chang Xiang អ្នកសម្របសម្រួលក្រុមស៊ើបអង្កេតអ្នកជំនាញចិន បានឲ្យដឹងថា វត្តមានរបស់ក្រុមអ្នកជំនាញចិននៅកម្ពុជានាពេលនេះ នឹងផ្ដល់ប្រយោជន៍ជាច្រើនទៀតដល់កម្ពុជា ព្រោះពួកគេជាអ្នកដែលរដ្ឋាភិបាលចិនចាត់តាំងឲ្យមក និងត្រូវស៊ើបមើលថា តើកម្ពុជាមានអ្វីត្រូវការអភិវឌ្ឍន៍ទៀត ហើយមានសក្ដានុពលអភិវឌ្ឍន៍ប៉ុនណា ។ ដូចនេះ នៅពេលពួកគេត្រឡប់ទៅប្រទេសចិនវិញ ពួកគេនឹងរាយការណ៍ទៅកាន់រដ្ឋាភិបាលចិន ហើយរដ្ឋាភិបាលនឹងស្នើដល់វិនិយោគិនរបស់ខ្លួនណាដែលចង់មកវិនិយោគនៅកម្ពុជា ។
លោកបន្តថា ទំនាក់ទំនងរវាងរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា មិនមែនទើបតែកើតឡើងនោះទេ ។ ប្រទេសទាំងពីរមានទំនាក់ទំនងជិតស្និទ្ធរវាងគ្នា តាំងពីជំនាន់សម្ដេចព្រះបរមរតនកោដិ នរោត្តមសីហនុ មកម្ល៉េះ ហើយការមកវិនិយោគរបស់ចិននៅកម្ពុជានេះដែរ ក៏ជាផ្នែកមួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ ។
គួរបញ្ជាក់ថា តាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ បច្ចុប្បន្ន មានវិនិយោគិនបរទេសមកពី១៧ប្រទេសកំពុងបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តមាត់សមុទ្រមួយនេះ ហើយក្នុងនោះដែរ ចិនក៏កំពុងឈរលំដាប់កំពូលផងដែរលើការបណ្ដាក់ទុនវិនិយោគ ។
វត្តមានរបស់វិនិយោគិនចិនក្នុងខេត្តព្រះសីហនុ ក៏បានជំរុញឲ្យតម្លៃអចលនទ្រព្យកើនឡើងហួសពីការស្មាន ។ ជាក់ស្ដែង តម្លៃដីធ្លីក្នុងខេត្តព្រះសីហនុ បានកើនឡើងបីបួនដងបើធៀបនឹងកាលពីមុន ។
យោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ប្រទេសចិនបានឈរលំដាប់លេខរៀងទី១ នៅកម្ពុជាកាលពីឆ្នាំ២០១៧ ជាមួយទំហំទឹកប្រាក់វិនិយោគមានចំនួនប្រមាណ១៤,៣ប៊ីលានដុល្លារ ឬស្មើ២៧%នៃទឹកប្រាក់វិនិយោគពីបរទេសសរុប ។ ចំនួននេះបានកើនឡើងស្ទើរពាក់កណ្ដាលបើធៀបនឹងឆ្នាំ២០១៦ ដែលមានត្រឹមតែ៧៤៨លានដុល្លារអាមេរិកប៉ុណ្ណោះ ។
ក្រៅពីកំណើនទឹកប្រាក់វិនិយោគ ស្ថានភាពពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជា នៅក្នុងឆ្នាំ២០១៧ មានវឌ្ឍនភាពល្អប្រសើរ ដែលពាណិជ្ជកម្មនៃប្រទេសទាំងពីរសម្រេចបានដល់៥.៧៩០លានដុល្លារ ពោលគឺបានកើនឡើង២១,៧% បើធៀបនឹងឆ្នាំ២០១៦ ។ ទន្ទឹមគ្នានេះ ភ្ញៀវទេសចរចិនដែលបានចូលមកកម្ពុជាកាលពីឆ្នាំ២០១៧ មានចំនួន១២១ម៉ឺននាក់ គឺបានកើនឡើងជិត៤៦% បើធៀបនឹងឆ្នាំ២០១៦ដូចគ្នា ៕
ចែករំលែកព័តមាននេះ