ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រ​លាន​យន្តហោះ​នៅ​ខេត្ត​ព្រះ​សីហ​នុ​កាន់តែ​សកម្ម ខណៈ​បច្ចុប្បន្ន​មាន​ជើងហោះហើរ​ច្រើន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រ​លាន​យន្តហោះ​នៅ​ខេត្ត​ព្រះ​សីហ​នុ​កាន់តែ​សកម្ម ដោយ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន​បាន​ហោះហើរ​មក​កាន់​ព្រ​លាន​នេះ ស្រប​ពេល​វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា​កំពុង​បង្ហាញ​សញ្ញា​វិជ្ជមាន ។ អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា…

រាជធានី​ភ្នំពេញ ៖ ព្រ​លាន​យន្តហោះ​នៅ​ខេត្ត​ព្រះ​សីហ​នុ​កាន់តែ​សកម្ម ដោយ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន​បាន​ហោះហើរ​មក​កាន់​ព្រ​លាន​នេះ ស្រប​ពេល​វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា​កំពុង​បង្ហាញ​សញ្ញា​វិជ្ជមាន ។

អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា បាន​ថ្លែង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​២៧ មីនា  បច្ចុប្បន្ន​ព្រ​លាន​យន្តហោះ​អន្តរជាតិ​កងកេង ខេត្ត​ព្រះ​សីហ​នុ កំពុង​មាន​សកម្មភាព​កាន់តែ​ច្រើន ដោយ​មក​ដល់​ពេល​នេះ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក និង​អន្តរជាតិ ចំនួន​៥​បាន​និង​កំពុង​ហោះហើរ​ត្រង់​មក​កាន់​ព្រ​លាន​នេះ​។ លោក​បន្ត​ថា ចំនួន​នេះ​មិន​ទាន់​រាប់​បញ្ចូល​នូវ​អាកាសចរណ៍​ដែល​ហោះហើរ​ម្តងម្កាល​ជា​លក្ខណៈ​ជួល​នៅឡើយ​ទេ ។

លោក​បន្ត​ថា ៖« ជាក់ស្តែង ក្រុមហ៊ុន Ruili Airline បាន​ចាប់ផ្តើម​ហោះហើរ​ត្រង់​មក​ពី​ខេត្ត​យូ​ណា​ន ឆ្ពោះ​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ ។ អាកាសចរណ៍​នេះ​នឹង​ហោះហើរ​៣​លើក​ក្នុង​១​ស​ប្តា​ហ៍​មក​កាន់​ខេត្ត​នេះ ដែល​ធ្វើ​ឲ្យ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​នេះ​មាន​សកម្មភាព​ហោះហើរ​កាន់តែ​ច្រើន » ។
លោក​បន្ថែម​ថា ៖« បច្ចុប្បន្ន ព្រ​លាន​យន្តហោះ​ខេត្ត​នេះ បាន​បញ្ចប់​នូវ​ការ​ជួសជុល​ពង្រីក​ព្រ​លាន និង​ចំណត​អ្នកដំណើរ​ដំណាក់កាល​ទី​១​ហើយ និង​ចាប់ផ្តើម​ពង្រីក​ព្រ​លាន ឬ​ផ្លូវរ​ត់របស់​យន្តហោះ​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០១៩​ខាង​មុខ ។ ព្រ​លាន​នេះ​បច្ចុប្បន្ន មាន​ផ្លូវ​រត់​២.៨០០​ម៉ែត្រ និង​គ្រោង​ពង្រីក​ដល់​៣.២០០​ម៉ែត្រ ដែល​អាច​អនុញ្ញាត​ឲ្យ​យន្តហោះ​ខ្នាត​ធំ ដែល​ដាក់​អ្នកដំណើរ​ចន្លោះ​ពី​៣០០​ទៅ​៣៥០​នាក់​អាច​ចុះ​ចត​បាន » ។

ទាក់ទង​នឹង​អាកាសចរណ៍​ថ្មី ដែល​ទើប​ហោះហើរ​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ លោក​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អាកាសចរណ៍ Ruili បច្ចុប្បន្ន កំពុង​ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​គំរូ​មួយ បន្ទាប់​ពី​បាន​ចាប់​បើក​ជើងហោះហើរ​នៅ​ក្នុងស្រុក​ក្នុង​រយៈពេល​៣​ឆ្នាំ​មកនេះ ។ ក្រុមហ៊ុន​នេះ​មានការ​យកចិត្តទុកដាក់​ពី​រដ្ឋាភិបាល អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​នៃ​ប្រទេស​ចិន រួម​ជាមួយ​ការ​ខិតខំ​ប្រឹងប្រែង​របស់​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍ Ruili ផ្ទាល់ គឺ​បាន​ធ្វើ​ឲ្យ​អាកាសចរណ៍ Ruili ព្យាយាម​កសាង​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​បាន​ល្អ​បំផុត​នៅ​ក្នុង​ខេត្ត​យូ​ណា​ន មុន​ពេល​ក្រុមហ៊ុន​បន្ត​បើក​ដំណើរការ​ជើងហោះហើរ​ទៅ​កាន់​ក្រៅ​ស្រុក​បន្ថែម​ទៀត ។

លោក ធួន ស៊ី​ណា​ន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក បាន​ថ្លែង​ថា ការ​មក​ដល់​នៃ​អាកាសចរណ៍​កាន់តែ​ច្រើន សុទ្ធតែ​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​ទីផ្សារ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​របស់​កម្ពុជា ព្រោះ​ការ​ហោះហើរ​ត្រង់​មិន​ត្រឹមតែ​នាំ​មក​នូវ​ភ្ញៀវ​ទេសចរ​ទេ តែ​ក៏​នាំ​មក​នូវ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ផង​ដែរ ។
លោក​បន្ត​ថា ៖« ជា​គំនិត​ខ្ញុំ អាកាសចរណ៍​មក​ពី​ទីណា​ក៏​ដោយ ក៏​យើង​ស្វាគមន៍ ហើយ​កាលណា​មាន​អាកាសចរណ៍​កាន់តែ​ច្រើន កាន់តែ​ល្អ យើង​ពិតជា​ស្វាគមន៍ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ