រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់នៅព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៨ នេះថា វត្តមានរបស់ឯកឧត្ដម Kentaro Sonoura ទីប្រឹក្សានាយករដ្ឋមន្ដ្រីជប៉ុនដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាថ្មីៗនេះ មិនមែនមក ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានោះទេ ហើយគ្រប់យ៉ាង គឺយឺតពេលហើយ សម្រាប់បក្សប្រឆាំងសម្រាប់ការចរចា ហើយកុំយល់ច្រឡំថា ជប៉ុននឹងគាបសង្កត់រដ្ឋាភិបាលកម្ពុជា ។
ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើឡើង បន្ទាប់ពីអតីតមន្ត្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ និងសកម្មជនរបស់ខ្លួនបានបន្តភូតភរថា សម្តេចនឹងត្រូវអាស៊ាន និងអូស្ត្រាលីដាក់សម្ពាធ រួចក៏បន្តថា ជប៉ុននឹងគាបសង្កត់រដ្ឋាភិបាលកម្ពុជាផងដែរ ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនិស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានជាតិអប់រំថ្ងៃទី២៧ ខែមិនាបញ្ជាក់ថា ៖ «ថ្ងៃនេះ ខ្ញុំព្រះករុណា ខ្ញុំមានសារជាក់លាក់មួយ ដើម្បីចេញទៅឲ្យពួកជ្រួលជ្រើមទាំងឡាយ ដែលប៉ុន្មានថ្ងៃនេះ និយាយពីការចរចា ចរចា ចរចា ។ តាមរយៈបេសកជនរបស់នាយករដ្ឋមន្ត្រីជប៉ុន បានមកជួបខ្ញុំព្រះករុណាខ្ញុំ ។ រួចហើយពេលនោះនិយាយអំពីប្រធានបទច្រើនណាស់ តាំងពីឥណ្ឌូប៉ាស៊ីហ្វិក សេរី នឹងបើកចំហរតាំងពីបញ្ហាមេគង្គ-អាស៊ាន ជប៉ុន ។
ទីចុងបំផុតគាត់ស្ទាបស្ទង់មើល តើមានលទ្ធភាពនឹងធ្វើការចរចាឬទេ? ។ ខ្ញុំបានសួរគាត់ថាចរចាជាមួយអ្នកណា ។ គាត់ថា ចរចាជាមួយនឹងក្រុមមនុស្សមួយចំនួន ។ គាត់មិនហ៊ានព្រោះ គាត់បានបញ្ជាក់ថា គាត់គោរពច្បាប់កម្ពុជា គោរពសាលក្រមតុលាការកម្ពុជា ។ គាត់ឥតនិយាយថា ចរចាជាមួយបក្សសង្គ្រោះជាតិ ឬក៏ចរចាជាមួយអ្នកណាទេ» ។ សម្តេចបានបន្តទៀតថា ជាការឆ្លើយតបសម្តេចបានបញ្ជាក់ជូនថា ៖ «ខ្ញុំប្រាប់ទៅគាត់ថា ខ្ញុំឥតមានសិទ្ធចរចាទេ ព្រោះខ្ញុំត្រូវគោរពនូវសាលក្រមតុលាការ ។ បើសិនជាខ្ញុំចរចា គឺខ្ញុំនឹងត្រូវជាប់ទោសខ្លួនឯង ។ អ្នកដែលប្រឆាំងនឹងសាលក្រមតុលាការកំពូលនឹងត្រូវជាប់គុក និងមានទោស ។ ជាប់គុក២ឆ្នាំកន្លះថែមទៀត» ។
សម្តេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា យ៉ាងណាមិញមន្ត្រីជាន់ខ្ពស់ជប៉ុនគាត់បានបញ្ជាក់ហើយបញ្ជាក់ទៀត «អំពីបញ្ហាគោរពអធិបតេយ្យជាតិរបស់កម្ពុជា បន្តផ្តល់ជំនួយ និងសហការ ។ គាត់មិនបានធ្វើការគៀបសង្កត់អីទេ ។ ហើយម្យ៉ាងទៀត វាមិនមែនជាកាតព្វកិច្ច របស់ជប៉ុនមកត្រូវគៀបសង្កត់ខ្មែរ ។ ខ្ញុំសុំនិយាយឲ្យច្បាស់ទៅលើចំណុចនេះ ។ ខ្ញុំនិយាយទៅលើទិដ្ឋភាពផ្លូវច្បាប់ដែលមិនតម្រូវឲ្យខ្ញុំធ្វើការចរចា ។ គាត់និយាយអំពី តើលទ្ធភាពដោះស្រាយឲ្យមនុស្ស១១៨នាក់ ដែលអាចធ្វើសកម្មភាពនយោបាយ ។ ខ្ញុំបានប្រាប់គាត់ថា ច្បាប់នៅកម្ពុជាវាឥតទាន់មាន ច្បាប់លើកលែងទោសសម្រាប់អ្នកហាមឃាត់ ឬកាត់សិទ្ធធ្វើនយោបាយ វាឥតទាន់មាន» ។ កម្ពុជាមានតែច្បាប់ពន្ធនាគារអនុញ្ញាតិឲ្យនាយករដ្ឋមន្ត្រីស្នើសុំលើកលែងទោស ឬបន្ធូរបន្ថយទោស ចំពោះអ្នកជាប់គុកមានសាលក្រមស្ថាពរតែប៉ុណ្ណោះ ។
សម្តេចបានផ្តាំទៅលោក សម រង្ស៊ី និងមន្ត្រីអតីតបក្សប្រឆាំងថា យឺតពេលហើយសម្រាប់ការចរចា ព្រោះពួកគេជាអ្នកបំផ្លាញវប្បធម៌សន្ទនា ហើយ «ជប៉ុនគេមិនមកធ្វើរឿងឆ្កួតៗនោះទេ ។ ជប៉ុនគេស្គាល់ឯករាជ្យ អធិតេយ្យរបស់ខ្មែរច្បាស់ណាស់» ។ សម្តេចបានប្រកាសខ្លាំងៗថា ការប្រមាថភរិយាសម្តេចក៏ដូចជា កូនច្បងរបស់សម្តេចថា មានទំនាក់ទំនង និងជាកូនរបស់មេដឹកនាំវៀតណាមមួយរូបដែលសម រង្ស៊ីមិនដែលចេញមុខបដិសេធន៍ បើទោះបីជាសម្តេចទុកឱកាសឲ្យច្រើនដងហើយក៏ដោយ ។ សម្តេចបានបញ្ជាក់ថា ៖ «រឿងនេះជាផ្នែកមួយដែលសំខាន់ ដែលនាំទៅដល់ការឃ្លាតគ្នាអំពីវប្បធម៌សន្ទនា ។ អ្នកឯងត្រូវយល់ឲ្យច្បាស់លើរឿងហ្នឹង ។ ម្តងហើយម្តងទៀត ឲ្យអ្នកឯងបដិសេធន៍ ។ អ្នកឯងឥតបដិសេធន៍ទេ » ។ សម្តេចប្រកាសខ្លាំងបន្តទៀតថា ៖ «ឥឡូវនិយាយពីបញ្ហាចរចា ។ ប្រកាសដាច់ខាតឥតចរចា ។ ប្រាប់ឲ្យហើយ» ខ្ញុំបញ្ជាក់តែ២ចំណុចទេ ។ ទី១ គ្មានការចរចាជាមួយពួកក្បត់ជាតិ ។ ទី២ គ្មានការលើកលែងទោស ឬបន្ធូរបន្ថយទោសឲ្យក្រុមពួកក្បត់ជាតិនេះទេ» ។ លោកឯងចង់ថា ម៉េចថាទៅចង់ធ្វើម៉េចធ្វើទៅ» ។
សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា ៖ «លោកឯងបានបាត់បង់ឱកាសហើយ ។ ហើយខ្ញុំប្រាប់លោកឯងថែមទៀត ថ្ងៃអាទិត្យ អាទិត្យក្រោយនេះ រដ្ឋមន្ត្រីការបរទេសជប៉ុននឹងមកជួបជាមួយខ្ញុំទៀត ។ ប៉ុន្តែមិនមែនប្រធានបទហ្នឹងទេ ។ ជួបហើយរដ្ឋមន្ត្រីការបរទេសទាំង២ ចុះហត្ថលេខាលើការផ្តល់ជំនួយរបស់ប្រទេសជប៉ុនឲ្យកម្ពុជា» បន្ទាប់មកនឹងជួបសម្តេចពិភាក្សាលើប្រធានបទផ្សេង មិនមែនរឿងអ្នកកំពុងជាប់ឃុំ និងអស់សិទ្ធធ្វើនយោបាយ ៕
ចែករំលែកព័តមាននេះ