ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា កុមារីអាយុ6ឆ្នាំម្នាក់បានទទូចស្នើសុំឱ្យអាជ្ញាធរស្រុកមេសាង ជួយដល់គ្រួសារនាងផង ខណៈពេលនេះផ្ទះរបស់នាងត្រូវគេយកសំណាញ់មកព័ទ្ធបិទជុំវិញធ្វើឱ្យគ្មានផ្លូវចេញ-ចូលនោះទេ។ នេះបើយោងតាមកុមារី និងឪពុកម្តាយកុមារីដែលមានទីលំនៅក្នុងភូមិព្រៃជ្រំ ឃុំព្រៃទទឹង ស្រុកមេសាង ។
កុមារីខាងលើនេះឈ្មោះ ភ័ណ្ឌ សុខលី អាយុ6ឆ្នាំ ព្រមទាំងឪពុកឈ្មោះ ឡូន លាភ អាយុ35ឆ្នាំ និងម្តាយ បានរៀបរាប់ថា ផ្ទះរបស់នាងត្រូវគេយកសំណាញ់មកព័ទ្ធបិទច្រកចេញ-ចូលជិតអស់តាំងពីថ្ងៃទី18 មីនា មកដល់ពេលនេះរយៈពេល5ថ្ងៃហើយ ហើយនាងក៏ខកខានមិនបានទៅរៀន5ថ្ងៃហើយដែរ ព្រោះអត់មានផ្លូវចេញ-ចូលផ្ទះទេ។
ដោយឡែកឪពុកកុមារីបានឱ្យដឹងថា អ្នកដែលយកសំណាញ់មកព័ទ្ធធ្វើជារបងព័ទ្ធបិទផ្លូវចេញ-ចូលផ្ទះរបស់គាត់នោះ គឺឈ្មោះ ឈឿង សាវុធ ភេទស្រី អាយុជាង50ឆ្នាំ មានផ្ទះនៅខាងក្រោយផ្ទះគាត់ ហើយការធ្វើរបងព័ទ្ធសំណាញ់នេះ គឺបន្ទាប់ពីគ្រួសារគាត់មានទំនាស់ឈ្លោះជាមួយគ្រួសារនោះកាលពីប៉ុន្មានថ្ងៃមុននោះ ពាក់ព័ន្ធរឿងបោះបង្គោលព្រំដី ទើបធ្វើឱ្យគេខឹងក៏ធ្វើរបងបិទផ្លូវមិនឱ្យគ្រួសារគាត់ចេញ-ចូលផ្ទះបានតែម្តង។ ក្រោយពីគេព័ទ្ធសំណាញ់បិទផ្លូវគាត់ភ្លាម គ្រួសារគាត់បានដាក់ពាក្យប្តឹងទៅសាលាឃុំសុំឱ្យអាជ្ញាធរជួយអន្តរាគមន៍បើកផ្លូវវិញ តែខាងអាជ្ញាធរឃុំបែរជាឆ្លើយថា គេមិនដោះស្រាយទេ ព្រោះការព័ទ្ធរបងនោះ គឺគេព័ទ្ធដីគេ។
រីឯស្ត្រីឈ្មោះ ឈឿង សាវុធ បានឱ្យដឹងថា ការធ្វើរបងនេះ គឺគាត់ធ្វើតែលើដីគាត់ទេ មិនបានធ្វើប៉ះពាល់ដល់ដីអ្នកណាឡើយ ហើយមុនធ្វើគាត់ក៏បានសុំការអនុញ្ញាតិពីអាជ្ញាធរហើយដែរ អាជ្ញាធរអនុញ្ញាតិទើបគាត់ធ្វើ។
ជុំវិញករណីខាងលើនេះ កោះសន្តិភាពបានទំនាក់ទំនងសុំការបំភ្លឺពីលោក សឹម ស៊ីវ មេឃុំព្រៃទទឹង ហើយលោកបានអះអាងថា រឿងនេះទាល់តែទៅជួបលោកផ្ទាល់ ទើបលោកអាចពន្យល់ច្បាស់ ប៉ុន្តែពេលសុំជួបផ្ទាល់លោកថា ជាប់ប្រជុំនៅសាលាខេត្ត មិនទំនេរទេ។
ចំណែកលោក កែវ ពិសី អភិបាលស្រុកមេសាង បាននិយាយថា រឿងនេះលោកមិនទាន់បានដឹងនោះទេ ព្រោះលោកមេឃុំមិនទាន់រាយការណ៍ តែលោកនឹងសួរមេឃុំ ហើយជំរុញដោះស្រាយឱ្យបានឆាប់៕
ចែករំលែកព័តមាននេះ